ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រព័ន្ធបែងចែកទឹកតាមទុយោ៣០ភូមិ នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់​ឱ្យប្រើប្រាស់

AKP បន្ទាយមានជ័យ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ –ប្រព័ន្ធបែងចែកទឹកតាមទុយោចំនួន៣០ភូមិ ដែលជាគម្រោងអភិវឌ្ឍន៍អង្គការ Samaritanspurse(សាម៉ារីតាន់ភឹស)សម្រាប់ជួយខេត្តបន្ទាយមានជ័យត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ដើម្បីរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀតដល់ការផ្គត់ ផ្គង់ទឹកស្អាត ជូនដល់ប្រជាពលរដ្ឋនៅតំបន់​ជនបទប្រើប្រាស់បានគ្រប់គ្រាន់គ្រប់រដូវកាល

ពិធីនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃពុធ១៤រោច ខែអស្សុជ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវ​នឹងថ្ងៃទី ខែវិច្ឆិកា ឆ្នាំ២០១៨ នេះនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ក្រោមវត្តមានឯកឧត្តម​ ​ហាប់ អូម៉ា​លីរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងមានការ ចូលរួមពីមន្ត្រីរាជការនិងប្រជា​ពលរដ្ឋដែលទទួលបានផលពីគម្រោងនេះយ៉ាងច្រើនកុះករ។

ឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានថ្លែងនូវ ការកោតសរសើរអរគុណ និងបង្ហាញការគាំទ្រដល់គម្រោងកម្មវិធីអភិវឌ្ឍន៍នានា របស់អង្គការសាម៉ារីតាន់ភឹសដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយដល់វិស័យពាក់ព័ន្ធនានា​ហើនៅក្នុងខេត្តបន្ទាយមានជ័យ​នេះក៏នៅមានសមិទ្ធផលជាច្រើនដែរ

ឯកឧត្តមបន្តទៀតថា សមិទ្ធផលនៃប្រព័ន្ធបែងចែកទឹកស្អាតតាមទុយោ ដែលបានកើតមានឡើងចំនួន៣០ភូមិ នៅក្នុងមូលដ្ឋានស្រុកអូរជ្រៅនិងស្វាយចេក នៃខេត្តបន្ទាយមានជ័យ​ដែបានដាក់ឱ្យប្រើប្រាស់នាពេលនេះជាការឆ្លើយតប ទៅនឹង តម្រូវការចាំបាច់បស់ប្រជាពលរដ្ឋចង់បាននោះហើយ ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការ​ដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការ​កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅទីជនបទនោះ។

​យោងរបាយការណ៍របស់អង្គការសាម៉ារីតាន់ភឹសបានឱ្យដឹងថានៅក្នុងខេត្តបន្ទាយ​មានជ័យ អង្គការនេះបានសហការធ្វើការងារជាមួយអាជ្ញាធរដែនដីនិងអង្គភាពពាក់ព័ន្ធដៃគូ​អភិវឌ្ឍ​ន៍នៅក្នុងខេត្តកំពុងអនុវត្តន៍លើកម្មវិធីលើកកម្ពស់គុណភាពអប់រំ និងបាន​កំពុងជួយសាងសង់សាលារៀនកម្មវិធីទឹកស្អាតនិងអនាម័យបានផ្តោតការយកចិត្តទុកដាក់​គម្រោងទឹកស្អាតសម្រាប់កុមារនិងគ្រួសារតាមភូមិជនបទនិងបានសាងសង់បង្គន់អនាម័យ​ដល់សាលារៀន​តាមស្រុកគោលដៅ។ នៅមានគម្រោងស្បៀងអាហារ និងការបង្កើត មុខរបរចិញ្ចឹមជីវិត គម្រោងចំណាកស្រុកសុវត្ថិភាពនិងយល់ដឹងការជួញដូរមនុស្ស,គម្រោង​កសិកម្ម ​គម្រោងគាំទ្រពលករចំណាកស្រុកនិងកម្មវិធីឆ្លើយតបគ្រោះមហន្តរាយជាដើម៕

ដោយឈុនសារ៉ាត