ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អ៊ីស្រាអែលចេញបញ្ជាឱ្យកម្ទេចចោលលំនៅដ្ឋានឃាតករប៉ាឡេស្ទីនដែលគេសង្ស័យ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ — យោធាអ៊ីស្រាអែលបាននិយាយពីថ្ងៃអង្គារថា គេបានចេញបញ្ជាឱ្យកម្ទេចចោលលំនៅដ្ឋានរបស់ជនប៉ាឡេស្ទីន ដែលរត់គេចខ្លួនម្នាក់ដែលគេសង្ស័យពីបទធ្វើការបាញ់ប្រហារធ្វើឱ្យស្លាប់នៅវេសបែងកាលពីក្នុងខែតុលា ។

កងយោធាបាននិយាយថា មន្ត្រីបញ្ជាការនៃបញ្ជាការកណ្តាលអ៊ីស្រាអែលលោក Nadav Padan បានចេញបញ្ជាឱ្យកម្ទេចចោលជាន់ក្រោមដី និងជាន់លើដីនៃលំនៅដ្ឋាននេះ ដែលលោក Ashraf Na’alowa បានរស់នៅជាមួយគ្រួសារលោកក្នុងភូមិ Shuweika នៅវេសបែងខាងជើង ។

កងយោធាបានជូនដំណឹងជាដំបូងដល់គ្រួសារលោក Na’alowa អំពីការកម្ទេចចោលនេះកាលពីថ្ងៃទី១៥ ខែតុលា ។ បទបញ្ជានេះធ្វើឡើងបន្ទាប់ពីយោធាបានបដិសេធការប្រឆាំងជំទាស់មួយ ចំពោះការកម្ទេច ចោលនេះ ដែលបានប្តឹងដោយគ្រួសារនេះ ។ កងយោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងសន្តិសុខនៅតែកំពុងតាមប្រមាញ់លោក Na’alowa នៅឡើយ ។

លោក Na’alowa អាយុ ២៣ ឆ្នាំ បានស្ថិតនៅក្រៅការឃុំឃាំងចាប់តាំងពីការវាយប្រហារថ្ងៃទី៧ ខែតុលា ដែលក្នុងនោះគេចោទថា លោកបានបាញ់សម្លាប់កម្មករជាសហសេវិកអ៊ីស្រាអែលរបស់លោក ២ នាក់នៅឯរោងចក្រមួយនៅក្នុងតំបន់ឧស្សាហកម្ម Barkan ជាកន្លែងដែលលោកបានធ្វើការ ។ ជនអ៊ីស្រាអែល ទីបីបានរងរបួសនៅក្នុងការវាយប្រហារនេះ ។

បទបញ្ជាថ្មីៗនេះគឺ កម្រមាន ពីព្រោះថា ថ្វីបើអ៊ីស្រាអែលបានកម្ទេចចោលលំនៅដ្ឋានជារឿយៗ របស់ពួកអ្នកវាយប្រហារប៉ាឡេស្ទីនក៏ដោយ ក៏វិធានការនេះតាមធម្មតាត្រូវបានគេប្រកាន់យកបន្ទាប់ពីពួកជនសង្ស័យត្រូវបានគេចាប់ខ្លួន​ ព្រមទាំងទទួលស្គាល់នូវកំហុសនៃការវាយប្រហារនេះ ។

ចាប់តាំងពីអ៊ីស្រាអែលបានចាប់យកវេសបែងនិងហ្គាហ្សាស្ទ្រីបក្នុងឆ្នាំ ១៩៦៧ មក គេបានកម្ទេចចោលលំនៅដ្ឋានជនប៉ាឡេស្ទីនរាប់រយខ្នង ធ្វើជាវិធានការដាក់ទណ្ឌកម្មមួយ ដែលមានបំណងធ្វើឱ្យពួក ប៉ាឡេស្ទីន ញញើតមិនហានធ្វើការវាយប្រហារលើពួកអ៊ីស្រាអែលក្នុងពេលអនាគត ។

កាលពីក្នុងដើមឆ្នាំ ២០០៥ គណៈកម្មាធិការក្រសួងការពារប្រទេសអ៊ីស្រាអែលបានធ្វើការសម្រេចថា វិធានការនេះ មិនមានប្រសិទ្ធភាពទេ នឹងបានបញ្ឈប់វិធានការនេះ ។ តែយ៉ាងណាក៏ដោយ រដ្ឋាភិបាលបានយកមកប្រើឡើងវិញការអនុវត្តដែលមានរឿងចម្រូងចម្រាស់នេះ នៅចុងឆ្នាំ ២០១៥ ក្នុងខណៈមានរលកនៃការវាយប្រហារនៅតាមផ្លូវថ្នល់នោះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )