ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុម IS បន្សល់ទុករណ្តៅកប់សាកសពដ៏ធំជាង២០០ក្នុងប្រទេសអ៊ីរ៉ាក់

AKP ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ — សេចក្តីរាយការណ៍ អ.ស.ប មួយបាននិយាយពីថ្ងៃអង្គារនេះថា កន្លែងកប់សាកសពដ៏ធំជាង ២០០កន្លែងដែលមានជនរងគ្រោះរាប់ពាន់នាក់ ត្រូវបានគេរកឃើញក្នុងតំបន់ប្រទេសអ៊ីរ៉ាក់ដែលពីមុនត្រួតត្រា ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ( IS ) ជ្រុលនិយម ។

ការិយាល័យស្នងការជាន់ខ្ពស់ អ.ស.ប សម្រាប់សិទ្ធិមនុស្ស (​OHCHR ) បាននិយាយថា បេសកកម្មជំនួយ អ.ស.ប សម្រាប់អ៊ីរ៉ាក់ ( UNNAMI ) និងការិយាល័យសិទ្ធិមនុស្ស អ.ស.ប បានផ្តល់ឱ្យនូវឯកសារអត្ថិភាពនៃកន្លែងកប់សាកសពដ៏ធំចំនួន ២០២កន្លែងនៅក្នុងខេត្ត នីនេវ៉េ , គៀរគុក​, សាឡាហ៊ូឌីន និង​ អានបារ ក្នុងផ្នែកភាគខាងជើងនិង ខាងលិចនៃប្រទេសនេះ ។

សេចក្តីរាយការណ៍បាននិយាយថា អាចមានរណ្តៅកប់សាកសពដ៏ធំទៀត ហើយវាមានការលំបាក ដើម្បីកំណត់នូវចំនួនសរុបនៃមនុស្សនៅក្នុងរណ្តៅកប់សាកសពទាំងនេះ ។ សេចក្តីរាយការណ៍បាននិយាយថា ភស្តុតាងដែលប្រមូលបានមកពីកន្លែងទាំងនេះ នឹងត្រូវគេធ្វើ មជ្ឈការ ដើម្បីធានាដល់ការស៊ើបអង្កេត, ការយកមកកាត់ទោស និងការកាត់ឱ្យជាប់ទោសដែលគួរឱ្យជឿទុកចិត្តស្របទៅតាមស្តង់ដារ ដំណើរការអន្តរជាតិ ។

ក្នុងឆ្នាំ ២០១៤ ក្រុម IS ចាប់យកបានមួយផ្នែកធំនៃទឹកដីអ៊ីរ៉ាក់ ដែលរួមមានទាំងម៉ូស៊ូលជាទីក្រុងដ៏ធំបំផុតទី២ របស់ប្រទេសនេះផង ។ តាមសេចក្តីរាយការណ៍នោះឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធនេះបានធ្វើយុទ្ធនាការំពើអំហិង្សាដ៏ធំទូលាយ ព្រមទាំងការរំលោភជាប្រព័ន្ធដល់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌ ជាអំពើដែលអាចប្រដូចទៅនឹងឧក្រិដ្ឋកម្មសង្គ្រាម , ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្ស ព្រមទាំងការប្រល័យពូជសាសន៍ដែលអាចមាន។

បេសកជន អ.ស.ប នៅអ៊ីរ៉ាក់ លោក ​Jan Kubis បាននិយាយថា កន្លែងរណ្តៅសាកសពដ៏ធំដែលបានផ្តល់ឯកសារនៅក្នុងសេចក្តីរាយការណ៍របស់យើងនោះ គឺជាមត៌កសាសន៍មួយ ចំពោះការបាត់បង់មនុស្សដែលគួរឱ្យសោកសៅ , ការទទួលរងទុក្ខយ៉ាងជ្រាលជ្រៅ ព្រមទាំងអំពើសាហាវយង់ឃ្នងដែលគួរឱ្យតក់ស្លុត ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )