ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋបាលខេត្តព្រះសីហនុ គ្រោងកាត់ទម្លាក់ខ្សែកាបអុបទិកចងតាមបង្គោលអគ្គិសនីនៅតាមផ្លូវគោលដៅចំនួន០៨ខ្សែ ក្នុងក្រុង

AKP ព្រះសីហនុ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ –រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំកាលពីរសៀលថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដឹកនាំកិច្ចប្រជុំដោយលោក ឯម ភាព នាយករដ្ឋបាលសាលាខេត្តព្រះសីហនុ និងមានការចូលរួមពីតំណាងក្រុមហ៊ុន CFOCNស៊ីហ្វុក  ន្ទីរ អង្គភាពពាក់ពន្ធនានាក្នុងខេត្ត ដើម្បីរៀបចំកាត់ទម្លាក់ខ្សែកាបអុបទិកនៅលើបង្គោលភ្លើង តាមដងផ្លូវនានាក្នុងក្រុងព្រះសីហនុចំនួន ០៨ខ្សែ ដើម្បីកែលម្អសោភណភាព បរិស្ថាន និងកាត់បន្ថយនូវហានិភ័យ

 តាមការជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុថា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ រដ្ឋបាលខេត្តនឹងចាប់ផ្តើមតាត់ទម្លាក់ខ្សែកាបអុបទិកនៅតាមដងផ្លូវទាំង០៨ ក្នុងក្រុងព្រះសីហនុ រួមមាន៖ ទី១-ផ្លូវឯករាជ្យ ចាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅផ្លូវលេខ៧០០ កែងនឹងផ្លូវលេខ៦០០ មានប្រវែង ២.៤៦គីឡូម៉ែត្រ។ ទី២- ផ្លូវឯករាជ្យចាប់ពីផ្លូវលេខ៧០៥ ឆ្ពោះទៅរង្វង់មូលតោពីរមានប្រវែង៤.៣៥គីឡូម៉ែត្រ។ ទី៣- ផ្លូវលេខ ២៨មិថុនា ចាប់ពីផ្លូវលេខ១០០ ឆ្ពោះទៅផ្លូវលេខ៦០០ មានប្រវែង ១.៨៨គីឡូម៉ែត្រ ទី៤- ផ្លូវ១កក្កដា ចាប់ពីរង្វង់មូលតោពីរឆ្ពោះទៅឆ្នេរអូឈើទាល មានប្រវែង ២.៨៥គីឡូម៉ែត្រ ទី៥- ផ្លូវ២៣តុលា ចាប់ពីរង្វង់មូលតោពីរ ឆ្ពោះទៅផ្លូវលេខ៣០០ មានប្រវែង ១.៤៥គីឡូម៉ែត្រ។ ទី៦-ផ្លូវលេខ៧០០ ចាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅផ្លូវលេខ៧០៥ កែងនឹងផ្លូវលេខ៦០០ មានប្រវែង ៣.១៦គីឡូម៉ែត្រ ទី៧-ផ្លូវ២ធ្នូចាប់ ពីផ្លូវលេខ ៧០០ កែងនឹងផ្លូវលេខ៧០៥ ឆ្ពោះទៅរង្វង់មូលតោពីរមានប្រវែង ៦.៣៥គីឡូម៉ែត្រ ទី៨-ផ្លូវអូរ១ ចាប់ពីផ្លូវលេខ១០០ ឆ្ពោះទៅភូមិ៥ សង្កាត់លេខ៤ មានប្រវែង៣.២៥គីឡូម៉ែត្រ ដូច្នេះសរុបផ្លូវទាំង ៨ខ្សែ មានប្រវែង ២៥.៧៥គីឡូម៉ែត្រ ។

    លោក ដួង សំណាង តំណាងក្រុមហ៊ុន CFOCN ស៊ីហ្វុក មានប្រសាសន៍ថា ចំពោះផែនការកាត់ទម្លាក់ខ្សែកាបអុបទិកនៅតាមបង្គោលភ្លើងរបស់រដ្ឋបាលខេត្ត ក្រុមហ៊ុននឹងចូលរួមសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក៏ប៉ុន្តែក្នុងអំឡុងពេលបំពេញការងារនៅតាមដងផ្លូវទាំង ៨ខ្សែខាងលើ សូមឱ្យប្រជាពលរដ្ឋមានការយោគយល់ និងសហការ និងសុំឱ្យខាងអង្គភាពអគ្គិសនីជួយផ្តល់រថយន្តកន្ត្រកសម្រាប់កាត់ខ្សែកាបអុបទិកនៅតាមបង្គោលភ្លើង ដោយឡែកខាងក្រុមហ៊ុនក៏បានត្រៀមរថយន្តចំនួន ០៣គ្រឿង ដើម្បីបំពេញការងារ និងស្នើសុំជួយអន្តរាគមន៍ ពីមន្ត្រីនគរបាលចរាចរណ៍ក្នុងការជួយសម្រួលចរាចរណ៍ ពេលចុះប្រតិបត្តិការងារតាមចំណុចគោលដៅ ។
    លោក ឯម ភាព នាយករដ្ឋបាលសាលាខេត្តព្រះសីហនុ បានថ្លែងអំណរគុណក្រុមហ៊ុន CFOCN ស៊ីហ្វុក បានចូលរួមសហការជាមួយរដ្ឋបាលខេត្ត ដើម្បីរៀបចំកែលម្អសោភណភាព បរិស្ថាន នៅតាមដងផ្លូវទាំង ៨ខ្សែ ក្នុងក្រុងព្រះសីហនុ ព្រមទាំងសុំឱ្យអង្គភាពពាក់ពន្ធចូលរួមសហការជាមួយក្រុមហ៊ុន ដើម្បីឱ្យដំណើរការកាត់ទម្លាក់ខ្សែកាបអុបទិកនៅតាមបង្គោលភ្លើងលើដងផ្លូវទាំង ៨ខ្សែខាងលើ ក្នុងក្រុងព្រះសីហនុ ប្រព្រឹត្តទៅដោយរលូន ហើយលោកសង្ឃឹមថា ក្រុមហ៊ុននឹងរៀបចំកែលម្អខ្សែកាបអុបទិក្រោមដីបម្រើសេវាជូនប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់កាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ធានាបានទាំងបរិមាណ និងគុណភាព 

ដោយ ងូ សុមុនី