ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រាជរដ្ឋាភិបាលកម្ពុជាត្រូវការចំណាយ​ថវិកាប្រមាណ​១៥លានដុល្លារអាម៉េរិកសម្រាប់ការជួសជុល និងស្ថាបនាផ្លូវនៅក្នុងក្រុងសៀមរាប

AKP សៀមរាប ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ –ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សាស្តី​ពី​ការងារ​ជួសជុល​ និងថែទាំផ្លូវ​ថ្នល់ នៅ​ក្នុង​ខេត្តសៀមរាប​កាល​ពី​រសៀលថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង​ថ្ងៃទី​០៦ ខែ​វិច្ឆិកា ឆ្នំាំ២០១៨ ឯកឧត្តមស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូនបាន​ប្តេជ្ញាជួសជុល និងស្ថាបនាផ្លូវនៅក្នុងក្រុងសៀមរាបឱ្យស្អាតទាំង​អស់ ហើយបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាត្រូវការចំណាយ​ថវិកាប្រមាណ​១៥លានដុល្លារអាម៉េរិក ដើម្បី​ធ្វើការ​ងារនេះ។

ឯក​ឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល​ បាន​មាន​ប្រសាសន៍ថា ក្រុង​សៀមរាប​ជាតំបន់ទេសចរណ៍​ដ៏សំខាន់ និង​ជាមុខមាត់សម្រាប់​បង្ហាញដល់ភ្ញៀវទេសចរ។ ប៉ុន្តែ​បច្ចុប្បន្ននេះ​ ផ្លូវ​នៅ​ក្នុងក្រុង​សៀមរាប​មួយចំនួន​បានទទួល​រងការ​ខូច​ខាត​ ដែល​ប្រជា​ពលរដ្ឋស្នើឱ្យអាជ្ញាធរ​ជួយជួសជុល និង​ស្ថាបនាឡើង​វិញ​ឱ្យ​បាន​ស្អាត​ព្រោះផ្លូវ​នៅក្នុង​ក្រុង​សៀមរាប ​សុទ្ធតែជា​ផ្លូវ​ដែល​បម្រើឱ្យវិស័យទេសចរណ៍ ជាពិសេសសម្រាប់ភ្ញៀវទេសចរធ្វើ​ដំណើរកម្សាន្តទាំង​យប់​ទាំង​ថ្ងៃ​។

ឯក​ឧត្តមទេសរដ្ឋមន្រ្តី​បាន​បញ្ជាក់ថា បន្ទាប់​ពី​ឯក​ឧត្តម​បាន​ពិនិត្យ​មើល​ជាក់​ស្តែង​រួច​មក​ឃើញ​ថា រាជរដ្ឋាភិបាល​ចាំបាច់ត្រូវ​តែ​ធ្វើ​ការ​ជួសជុលផ្លូវ​នៅ​ក្នុងក្រុង​សៀមរាប​នេះឱ្យ​បាន​លឿន​បំផុត​ ដូច្នេះយើង​ត្រូវដោះស្រាយ​បញ្ហានេះ​ឱ្យបាន​លឿនដើម្បីមុខមាត់ប្រទេសរបស់យើង។ឯកឧត្តម​បាន​បន្តថា ផ្លូវ​នៅ​ក្នុង​ក្រុងសៀមរាប​ដែល​ត្រូវធ្វើការ​ជួសជុលបន្ទាន់នេះមាន ​ផ្លូវខ្នែងជាប់ជាមួយផ្លូវជាតិលេខ៦ មាន​៥២ខ្សែ និងផ្លូវក្រុង​មាន ​១១ខ្សែ ហើយផ្លូវទាំង​នេះត្រូវ​ការ​ចំណាយ​ថវិកាប្រមាណ ១៥លានដុល្លារអាម៉េរិក ដើម្បី​ធ្វើ​ឱ្យ​ស្អាតទាំង​អស់ ឱ្យស័ក្កិសមជាខេត្តទេសចរណ៍មួយយ៉ាងសំខាន់ និងឆ្លើយតបទៅនឹងកំណើនប្រជាពលរដ្ឋ កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅក្នុងខេត្តនេះ

ឯក​ឧត្តមស៊ុន ចាន់ថុល បាន​បន្តទៀតថា ដោយ​សារតែផ្លូវទាំង​នេះ​ ជាផ្លូវ​ដែលត្រូវ​ចំណាយ​ថវិកាខេត្ត និងក្រុង​សម្រាប់ធ្វើការជួសជុល​ ប៉ុន្តែដោយសារតែ​ខេត្ត និង​ក្រុង​សៀម រាប​មិនមាន​ថវិកាសម្រាប់ជួសជុលឡើងវិញ ​ឯកឧត្តនឹងធ្វើ​របាយការណ៍ជូនទៅ​សម្តេចតេជោនាយក​រដ្ឋ​មន្រ្តី​ ដើម្បីស្នើ​សុំថវិកាជាតិ​មកជួសជុលផ្លូវនៅក្នុងក្រុងសៀមរាប​នេះ ឱ្យបានស្អាតទាំងអស់​។ ឯក​ឧត្តមបាន​ប្តេជ្ញាថា នឹង​ធ្វើ​ការ​នេះ​ឱ្យបាន​លឿន ព្រោះ​ឥឡូវនេះ​ជារដូវ ប្រាំង​មាន​អំណោយផលសម្រាប់​ការងារ​ធ្វើ​ផ្លូវនេះ ហើយកុំឱ្យភ្ញៀវទេសចរគេនិយាយថា ខ្មែរធ្វើអង្គរវត្តបានដ៏អស្ចារ្យ ហេតុអ្វីធ្វើផ្លូវឱ្យស្អាតមិនបាន។ ក្រៅពី​ផ្លូវ​នៅ​ក្នុង​ក្រុងសៀមរាប​ កិច្ចប្រជុំក៏បាន​ពិភាក្សាគ្នាដោយត្រូវ​ប្រគល់ផ្លូវមួយចំនួនដែល​គ្រប់​គ្រង​ដោយអាជ្ញាធរជាតិ​អប្សរា និង​ក្រសួង​អភិវឌ្ឍន៍ជនបទ​ឱ្យទៅក្រសួង​សាធារណការ​ជាអ្នកគ្រប់គ្រងវិញ ហើយ​ក៏នឹងស្ថាបនាផ្លូវពីក្រួសក្រហមឱ្យទៅជា​ផ្លូវចាក់កៅស៊ូវិញផងដែរ

ដោយ ឃុត សៅ