ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ពិធីសូត្រមន្ត អភិសេកវិមានឯករាជ្យដែលទើបសាងសង់ថ្មីនៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ –ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញចូលរួមក្នុងពិធី សូត្រមន្ត អភិសេកសំណង់វិមានឯករាជ្យដែលទើបនឹងកសាងថ្មីនៅលើទឹកដីក្រុងក្រចេះ ខេត្ត ក្រចេះ កាលពីរសៀលថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី 0៦ ខែវិច្ឆិកា ឆ្នាំ២០១៨ និងមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំក្នុងរដ្ឋបាលសាលាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋក្នុងក្រុងក្រចេះជាច្រើននាក់ផងដែរ ។

           
 វិមានឯករាជ្យដែលទើបនឹងកសាងឡើង នៅលើទឹកដីខេត្តក្រចេះនាចុងឆ្នាំ២០១៨នេះ ស្ថិតនៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខាងកើតនាគបាញ់ទឹកបង់ហ្គាឡូ ដែលចាប់ផ្តើម សាងសង់ឡើងកាលពីដើមខែមករា  និងបញ្ចប់រួចរាល់ជាស្ថាពរនៅចុងខែតុលា ឆ្នាំ២០១៨ ដែលចំណាយទឹកប្រាក់អស់ចំនួន ៥៨.០០០ដុល្លារអាម៉េរិក ។ 

ក្រោយពីពិធីធ្វើកិច្ចសូត្រមន្តចម្រើនព្រះបរិត្ត និងអភិសេកនូវវិមានឯករាជ្យថ្មីរួចរាល់មក ឯក ឧត្តម វ៉ា ថន បានមានប្រសាសន៍ទៅកាន់មហាជនដែលចូលរួមដោយលើកឡើងថា វិមានឯករាជ្យនេះ កសាងឡើងគឺតំណាងឱ្យឯករាជ្យភាព របស់ប្រទេសកម្ពុជា ជាស្នាព្រះហស្តរបស់ព្រះ ករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានដណ្តើមឯករាជ្យមកវិញពីអាណនិគមនិយមបារាំងនៅឆ្នាំ១៩៥៣ ។ 

ឯកឧត្ដមបញ្ជាក់ថា  ការសង់នូវវិមានឯករាជ្យនេះ គឺដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបុព្វបុរស វីរយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ជំនាន់ រួមទាំងការរំដោះជាតិ និងប្រជាជនចេញពីរបរប្រល័យពូជសាសន៍ប៉ុលពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជានិមិ្មតរូបសម្រាប់តម្កល់នូវដួងវិញ្ញាណក្ខន្ធ ព្រលឹងរបស់វីរបុរសគ្រប់ជំនាន់ ។ ឯកឧត្តមអភិបាលខេត្តក៏បានឱ្យដឹងផងដែរថា សម្រាប់ខេត្តក្រចេះ នឹងមានពិធីគោរពវិញ្ញាណក្ខន្ធ និងប្រារព្ធបុណ្យឯករាជ្យជាតិនៅទីនេះ ចាប់ពីឆ្នាំ២០១៨ តទៅ ហើយក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ជាពិសេសយុវជន យុវនារី ត្រូវទទួលស្គាល់ និងចងចាំថា ប្រទេសនីមួយៗមានឯករាជ្យភាព និងភាពថ្លៃថ្នូររបស់ខ្លួន ហើយវិមានឯករាជ្យដែលឈរចំពោះមុខយើងទាំងអស់គ្នានៅទីតាំងនេះ គឺតំណាងឯករាជ្យភាពរបស់ប្រទេសយើង ។

ឯកឧត្ដមអភិបាលខេត្តបានបញ្ជាក់ថា ពលីកម្មរបស់បុព្វបុរស និង វរជនរបស់យើងជំនាន់មុន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ហើយខ្លះក៏នៅរស់ ខ្លះក៏បានលាចាកលោកជាច្រើនឆ្នាំមកហើយ ដើម្បីការពារឯករាជ្យ សេរីភាព និងបូរណភាពដែនដី ដែលឈានដល់ ការអភិវឌ្ឍដូចសព្វថ្ងៃនេះ ។  ឯកឧត្ដម វ៉ា ថន ក៏បានពន្យល់ដល់យុវជនជំនាន់ក្រោយឱ្យយល់ច្បាស់អំពីឯករាជ្យភាពរបស់ប្រទេសកម្ពុជាយើង និងជំរុញដល់យុវជនទាំងអស់ ត្រូវរៀនសូត្រឈ្វេងយល់ និងចងចាំអំពីការដណ្តើមបានឯករាជ្យភាពរបស់ប្រទេសកម្ពុជាពីបរទេស ក៏ដូចជាការរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ផងដែរ ។ ដូច្នេះយុវជនត្រូវចងចាំនូវឯករាជ្យភាពនេះ មិនអាចយុវជនណាមួយមិនដឹងមិនលឺ និងមិនទទួលស្គាល់នូវថ្ងៃឯករាជ្យរបស់ប្រទេសខ្លួននោះទេ លុះត្រាតែយើងមិនមែនជាយុវជនរបស់ជនជាតិខ្មែរ ដែលមិនទទួលស្គាល់នូវឯករាជ្យភាពរបស់ប្រទេសកម្ពុជាយើង 

ដោយ ជួន សុជាតិ