ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុងព្រះវិហារ​ចាប់ផ្តើមសាងសង់ផ្លូវភ្លោះ​ មានសួនច្បារ ដាំដើមឈើ​ ស្មៅ​ និងបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ​

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

ខេត្តព្រះវិហារ៖ ដើមឡើយខេត្តព្រះវិហារគឺជាខេត្តមួយនៅតំបន់ដាច់ស្រយាល តែសម្រាប់ពេលបច្ចុប្បន្ននេះ ខេត្តព្រះវិហារ មិនមែនជាខេត្តនៅតំបន់ដាច់ស្រយាលទៀតនោះទេ ដោយសារតែខេត្តមួយនេះ បានបង្កើតអោយមានហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន ពិសេសគឺផ្លូវតភ្ជាប់ ទៅកាន់ខេត្តមួយនេះមានលក្ខណៈល្អប្រសើរងាយស្រួលក្នុងការធ្វើដំណើរ។

ក្រៅពីនេះ នៅក្នុងទីរួមខេត្តព្រះវិហារក៏បានរៀបចំអោយមានសោភណ្ឌភាពគួរជាទីទាក់ទាញផងដែរ ដូចជាការស្ថាបនាអោយមាន ជាសួនច្បារ រង្វង់មូល និងសួនកុមារដែលបំពាក់ដោយឧបករណ៍សម្រាប់អោយកូនក្មេងលេងជាដើម។

ប៉ុន្តែ ប៉ុណ្ណេះ នៅមិនគ្រប់គ្រាន់ទេ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ដឹកនាំដោយលោកសំ លាងទ្រីជាប្រធាន តាមការចង្អុលណែនាំពីលោកអ៊ុន ចាន់ដា អភិបាលព្រះវិហារ បាននិងកំពុងធ្វើសកម្មភាពសាងសង់ផ្លូវភ្លោះក្នុងក្រុងព្រះវិហារមួយខ្សែថែមទៀត​ ដោយរៀបចំអោយទៅជាសួនពុះទ្រូងផ្លូវ​ រូមទាំងការដាំដើមឈើ​ ដាំស្មៅ​ និងបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ​នៅលើសួនកណ្តាលទ្រូងនេះថែមទៀត។

លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា ការដ្ឋាន​ សាងសង់ផ្លូវភ្លោះក្នុងក្រុងព្រះវិហារ​នេះ មានប្រវែង​ ២​១៧០ម៉ែត្រ ទទឺងសួនពុះចែកទ្រូងផ្លូវនេះមានទំហំ១ម៉ែត្រ៤តឹក មានដាំដើមឈើ​ ដាំស្មៅ​ បំពាក់បង្គោលភ្លើងបំភ្លឺផ្លូវLED និងមានផ្លូវសងខាង១៨ម៉ែត្ររួមទាំងដាក់ខឿនសងខាង នៃចិញ្ចើមផ្លូវផងដែរ។

លោកសំ លាងទ្រី បានបញ្ជាក់ថា នៅខេត្តព្រះវិហារ មានរថយន្តតូចដែលបានចុះបញ្ជីរួចមានចំនួន៥០០គ្រឿង។

កំណាត់ផ្លូវនេះ បើទោះបីជាទៅមុខ១០ឆ្នាំទៀតក៏មិនមានការកកស្ទះចរាចរណ៍ដែរ។ក្រោយការស្ថាបនាសួនច្បារពុះចែកទ្រូងផ្លូវនេះរួច ក្រុងព្រះវិហារនឹងបង្អួតសម្រាស់មួយកម្រិតទៀតហើយ៕