ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ឃួង ស្រេង ជួបសំណេះសំណាលជាមួយអភិបាលក្រុងប៉ារីស

វិទ្យុជាតិកម្ពុជា​៖​ ដោយ លោក ចន ណារិទ្ធ​ និង​ លោក​ ហោ​ សេងគ្រី​៖

ក្រោយចូលរួមកិច្ចប្រជុំសមាជិកគណៈកម្មការអចិន្ត្រៃយ៏របស់សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)នៅទីក្រុងលីល សាធារណៈរដ្ឋបារាំងកាលពីថ្ងៃទី៥ វិច្ឆិកានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនឹងសមាជិកប្រតិភូអមដំណើរ រួមជាមួយ ឯកឧត្តម ចែម វិឌ្យា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណៈរដ្ឋបារាំង បានជួបសំណេះសំណាលជាមួយ លោកជំទាវ អាន អ៊ីដាលហ្គោ(Anne Hidalgo)អភិបាលក្រុងប៉ារីស និងជាប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង។

ក្នុងជំនួបនោះ ឯកឧត្តម ឃួង ស្រេង បាន កោតសរសើរចំពោះការដឹកនាំរបស់លោកជំទាវAnne Hidalgo និងការរីកចំរើនលើគ្រប់វិស័យរបស់ទីក្រុងប៉ារីស ជាពិសេសប្រពន្ធ័ដឹកជញ្ជូនសាធារណៈទំនើប ការគ្រប់គ្រងប្រពន្ធ័ចរាចរ ការរៀបចំសោភណ្ឌភាពទីក្រុង ការគ្រប់គ្រងសំណល់ជាដើម ។

តាមរយះការទទួលស្វាគមន៏យ៉ាងរាក់ទាក់ពីសំណាក់លោកជំទាវ អាន អ៊ីដាលហ្គោ(Anne Hidalgo)អភិបាលក្រុងប៉ារីស ប្រតិភូរាជធានី ភ្នំពេញបានទៅទស្សនាសិក្សាស្វែងយល់ពីការរៀបចំ និងដំណើរការមជ្ឈមណ្ឌលគ្រប់គ្រងប្រពន្ធ័ចរាចរ,ព្រមទាំងសួនរុក្ខជាតិ និងផ្កាលម្អរក្រុងប៉ារីស ដែលបាន ផ្តល់នូវចំណេះដឹង និងបទពិសោធន៏ល្អៗថ្មីៗជាច្រើនដល់ក្រុមការងាររាជធានីភ្នំពេញយកមកពិចារណារៀបចំផែនការកែលំអរ និងដោះស្រាយបញ្ហាប្រឈមដែលរាជធានីភ្នំពេញកំពុងជួបប្រទះនាពេលបច្ចុប្បន្នជាពិសេសការដោះស្រាយបញ្ហាកកស្ទះចរាចរ ព្រមទាំង ប្រាថ្នាចង់បានការកែប្រែមុខមាត់រាជធានីភ្នំពេញឲ្យទៅជាទីក្រុងបៃតង មានផ្កាចម្រុះពណ៏ដ៏ស្រស់ស្អាត ក៏ដូចជាការលើកកំពស់កិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំង២ក៏ដូចជាចូលរួមចំណែករិតចំណងមិត្តភាពដ៏រឹងមាំ និងជ្រាលជ្រៅរវាងប្រទេសទាំង២តែម្តង ។

លោកជំទាវអាន អ៊ីដាលហ្គោ មានប្រសាសន៏ថា ទីក្រុងប៉ារីស នឹងបន្តទំនាក់ទំនងល្អក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយរាជធានីភ្នំពេញ ។

ឯកឧត្តម ឃួង ស្រេង បានសុំឲ្យលោកជំទាវ អាន អ៊ីដាលហ្គោ បញ្ជូនក្រុមអ្នកឯកទេស មកសិក្សារៀបចំផ្លូវឯកទិសនៅរាជធានីភ្នំពេញផងដែរ ៕