ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

តំណាងUNសរសើការតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានរបស់កម្ពុជាដែលបានបើកអោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖ អ្នករាយការណ៍ពិសសរបស់អង្គការសហប្រជាជាតិហៅកាត់ថា UNបានវាយតម្លៃខ្ពស់ចំពោះ​​ក្រសួងព័ត៌​មាន​ដែលបានរៀប​​ចំសេចក្ដីព្រាង​ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ខណៈច្បាប់នេះបានតាក់តែង​​ឡើង​ដោយបានបើកទូលាយអោយ​​មានការចូលរួម​ពីគ្រប់​ភាគីពាក់ព័ន្ធ។

ក្រោយបញ្ចប់ជំនួបរវាងឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន  និងលោកស្រី Rhona Smith អ្នករាយការណ៍​​ពិសសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកានេះ នៅទីស្ដីការក្រសួង ឯកឧត្ដម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមអ្នក​​នាំពាក្យ​​ក្រសួងព័ត៌មានបានប្រាប់អ្នកសាព័ត៌មានថា នៅក្នុងជំនួបនេះ លោកស្រី Rhona Smith បាន​សម្ដែង​​ការរីករាយ ដោយបានឃើញក្រសួងព័ត៌មានបានរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ព្រមទាំង​​បាន​បើកទូលាយ​អោយមានការចូលរួមពីទីភ្នាកងារអង្គការសហប្រជាជាតិ សង្គមស៊ីវិល ផងដែរ។

លោកស្រីក៏បានជម្រាបសួរថា តើ ការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធទទួលបានព័ត៌មាន​អាចនឹងបញ្ចប់​នៅពេល​ណា?

ជាការឆ្លើយតប ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងកព័ត៌មានបានមានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់ស្ដី​​ពីសិទ្ធ​​ទទួលបានព័ត៌មាននេះ គឺមានការប្រមូលធាតុចូលពីគ្រប់ភាគីទាំងអស់ ដើម្បីទទួលយកមតិយោបល់​ដើម្បី​ធ្វើយ៉ាងណាអោយសេចក្ដីព្រាងច្បាប់នេះ ពេលអនុម័តរួចរាល់គឺអាចទទួលយកបានទាំងអស់គ្នា។ ឯកឧត្ដម ខៀវ កាញារីទ្ធបានបញ្ជាក់ថា  សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននេះ មាន៩ជំពូក និង៣៧មាត្រា ត្រូវបានបញ្ចប់​​នៅកម្រិត​បច្ចេកទេសរួចហើយ។

ជាមួយគ្នានេះ ក្រសួងបានស្នើរសុំសិទ្ធប្រទានពីប្រមុខរាជរដ្ឋាភិបាល ដើម្បីរៀបចំដឹកនាំកិច្ចប្រជុំ គណៈកម្មការ អន្ដរក្រសួង ដើម្បីពិភាក្សាលើសេចក្ដីព្រាងច្បាប់ ហើយកិច្ចប្រជុំអន្ដរ ក្រសួងនេះនឹង មានការប្រជុំនា ពេលឆាប់ៗ ខាងមុខនេះ។  ចំពោះការចេញប្រកាសអន្តរក្រសួងកាលពីប៉ុន្មានខែកន្លងមកនេះ ស្តីពីការគ្រប់គ្រង ការផ្សព្វផ្សាយ តាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអ៉ិនធឺណិតនៅព្រះរាជាណាចក្រកម្ពុជានេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនមានបំណងរិតត្បិត​សេរីភាពសាព័ត៌មាន​នោះទេ ដោយបង្កើតឡើងដើម្បីបញ្ជាក់ពីតួនាទីភាករកិច្ចរបស់ក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ និងក្រសួង​​ប្រៃ​សណីយ៍ និងទូរគមនាគមន៍ នៅពេលមានករណីដែលមានការផ្សាយព័ត៌មានមួយចំនួនដែល​​ធ្វើឲ្យប៉ះពាល់​ដល់​ផល​​ប្រយោជន៍ជាតិប៉ុណ្ណោះ។ យ៉ាងណាក៏ដោយឯកឧត្តមបានទទួលយកមតិកែលម្អពាក់​ព័ន្ធទៅនឹង​ប្រកាសអន្តរ​ក្រសួងនេះផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមក៏បានជម្រាបជួនថា ប្រជាពលរដ្ឋ ទាំងទីក្រុង និងជបទមួយចំនួនបានប្រើ​​ប្រាស់អ៉ិន​ធើណែត​ដើម្បី​​មើលព័ត៌មានគ្រប់បែបយ៉ាងផងដែរ៕