ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុមប្រឹក្សារាជធានីភ្នំពេញ បើកវេទិកាសាធារណៈនៅខណ្ឌឫស្សីកែវ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ –នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខណ្ឌស្សីកែវ  ប្រជាពលរដ្ឋបានស្នើសុំឱ្យអាជ្ញាធរជួយដោះស្រាយរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន គ្រឿងញៀន សុខភាព ទឹក ភ្លើង និងបញ្ហាអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ជាដើម។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ បានប្រព្រឹត្ដទៅនៅព្រឹកថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលម៉ូឌែន៥ស្សីកែវ ក្រោមអធិបតីភាព ឯកឧត្ដម​ ម៉ប់ សារិន ប្រធាន ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និងលោកស៊ុយ សេរិទ្ធ  អភិបាលរងរាជធានីភ្នំពេញ។

ឯកឧត្ដម  ម៉ប់ សារិន  ប្រធានក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បានមាន​ប្រសាសន៍​ថា​ វេទិកាផ្សព្វផ្សាយ​ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ​ធ្វើ​ឡើង​មួយ​ឆ្នាំ​ម្តង​ តែ​នៅ​ថ្នាក់​សង្កាត់ ​និង​ខណ្ឌ​តែង​តែ​ធ្វើ​ជា​ប្រចាំ​ ក្រោយពី​បញ្ចប់​វេទិកា​ពិគ្រោះ​យោ​លបល់ ​គឺ​យើង​បូក​សរុប​បញ្ហា ​ដែល​ប្រជាពលរដ្ឋ​ស្នើឡើង ​និង​ការចង់បាន​របស់​ប្រជា​ពលរដ្ឋ ហើយ​ដាក់​ចូល​ក្នុង​គម្រោង​អភិវឌ្ឍន៍ ​ដើម្បី​បំពេញ​ការចង់បានរ​បស់​ប្រជាពលរដ្ឋ​។​

ឯកឧត្ដម ម៉ប់ សារិន ក៏​បាន​ស្នើសុំ​ឱ្យ​ប្រជាពលរដ្ឋ​លើកឡើងនូវបញ្ហាប្រឈមនានា ក្នុងមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធររាជធានីភ្នំពេញដោះស្រាយជូនបងប្អូន។ ក្នុងឱកាស​នោះ ឯកឧត្តមក៏​បានកោតសរសើរ​ ចំពោះមន្ដ្រីថ្នាក់ខណ្ឌ និងកងកម្លាំង​មាន​សមត្ថកិច្ច​ ប៉ូលិស​ខណ្ឌ​ដែល​បាន​បង្ក្រាប​បទល្មើស​ជាប្រចាំ ពិសេស​លើ​ការបង្ក្រាប​គ្រឿងញៀន​ ការរៀបចំសណ្ដាប់ ធ្នាប់សាធារណៈជូនបងប្អូនបានល្អកន្លងមក។ នេះជាការ​បង្ហាញ​ពី​ការ​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​សង្កាត់​ មានសុវត្ថភាពបាន​ល្អ​។​

ឯកឧត្ដមបានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់​របស់ក្រុមប្រឹក្សា រាជធានីនៅព្រឹកនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធបញ្ហាសំខាន់ជាច្រើនដែលទាក់ទងនឹងកង្វល់ ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន បញ្ហាគ្រឿងញៀន សុខភាពទឹក ភ្លើង បញ្ហាដីធ្លី និងបញ្ហាអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។

ក្នុងវេទិកានេះ ប្រជាពលរដ្ឋជាច្រើននាក់បានឡើងមកស្នើសុំដល់អាជ្ញាធររាជ ធានីភ្នំពេញ ជួញដោះស្រាយជាច្រើនករណី ដែលភាគច្រើនពាក់ព័ន្ធ នឹងការងារសាធារការ ដូចជា បញ្ហាគ្រឿងញៀន បញ្ហាក្មេងទំនើង ផ្លូវ បញ្ហាដាក់លូ ញ្ហាការផ្ដល់បណ្ណកម្មសិទ្ធដីធ្លី និងផ្ទះបញ្ហាសំរាម ការកែឈ្មោះលើសៀវភៅគ្រួសារ និងការចុះបញ្ជីឈ្មោះក្មេងតូចៗចូល ក្នុងសៀវភៅគ្រួសារ មានការយឺតយ៉ាវជាដើម

ឯកឧត្ដម ស៊ុយ សេរិទ្ធ  អភិបាលរង​រាជធានី​ភ្នំពេញ បានបញ្ជាក់ថា​សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ការចូលរួម មតិយោបល់ និង​លើក​ឡើង​នូវសំណើ សំណួរ សំណូមពរ​របស់​ប្រជាពលរដ្ឋ ពិត​បាន​នាំមក​នូវ​សក្តានុពល​យ៉ាង​ធំធេង និង​បាន​ធ្វើឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្លុះបញ្ចាំងនូវ​ចំណុច​អសកម្ម​នា​នាក្នុងពេលកន្លងមក ដើម្បី​ឱ្យរដ្ឋបាល​រាជធានី​ធ្វើ​ការកែលម្អ​ឡើងវិញ និង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​ឱ្យបាន​ល្អ​ប្រសើ​រ និងស្វែងរក​នូវ​ដំណោះស្រាយ ​ជូន​ប្រជាពលរដ្ឋ​ឱ្យមាន​តម្លាភាព និង​មាន​ប្រសិទ្ធភាព ​ក្នុង​នាម​ជា​តំណាង​រដ្ឋបាល​សាធារណៈ​។

សូមបញ្ជាក់ថា  វាទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីត្រូវ បានធ្វើឡើងក្នុង១ឆ្នាំម្តងសម្រាប់មួយខណ្ឌៗ មានន័យថា ទាំង១២ខណ្ឌចំណុះឱ្យ រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើឡើងចំនួន១២ដង ស្របពេលដែលឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកវេទិកានេះបានចំនួន៥ខណ្ឌរួចមកហើយ នោះ ក្នុងនោះរួមមាន ខណ្ឌ៧មករា ខណ្ឌទួលគោក ខណ្ឌមានជ័យ ខណ្ឌចំការមន និងខណ្ឌស្សីកែវនៅថ្ងៃនេះ

ដោយ សួស សំរិត