ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្រ្ដីក្រសួងព័ត៌មានប្រាប់ទៅឯកអគ្គរដ្ឋទូតអាម៉េរិកថា ក្រសួងមិនបានបិទការ ផ្សាយរបស់វិទ្យុសម្លេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរីនោះទេ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ –រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានប្រាប់ទៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាថា ក្រសួង ព័ត៌មានមិនដែលបានបិទការផ្សាយវិទ្យុសម្លេងសហរដ្ឋអាមេរិក(VOA) និងវិទ្យុអាស៊ីសេរី (RFA) នោះទេ ដែលរាល់ថ្ងៃនេះ ប្រជាពលរដ្ឋអាចបើកស្ដាប់បានការផ្សាយវិទ្យុទាំងពីរនេះបានដូចដើម។

ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋ អាមេរិកប្រចាំនៅកម្ពុជា ដែលត្រូវចប់អាណត្ដិបេសកកម្មការទូត កាលពីព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួង ព័ត៌មានបាន មានប្រសាសន៍ថា រហូតមកដល់ពេលនេះ ក្រសួងព័ត៌មានមិនដែលបានបិទការ ផ្សាយរបស់ វិទ្យុសម្លេងសហរដ្ឋអាមេរិកនិងវិទ្យុអាស៊ីសេរីនោះទេ ប៉ុន្ដែក្នុងរយៈពេលកន្លងមក មានស្ថានីយ វិទ្យុក្នុងស្រុកខ្លះបានបំពានការជួលផ្សាយបន្ដដោយមិនបានឆ្លង ឬសុំតាមបែបបទត្រឹមត្រូវពី ក្រសួងព័ត៌មាន។ ឯកឧត្តមរដ្ឋមន្រ្ដីបានបញ្ជាក់ថា តាមរយៈនេះ ក្រសួងព័ត៌មាន ចង់ឱ្យស្ថាប័ន​ផ្សាយវិទ្យុរបស់សហរដ្ឋអាមេរិកទាំងពីរនេះ មានការិយាល័យនៅក្នុងប្រទេសកម្ពុជា ដើម្បី ងាយស្រួលធ្វើទំនាក់ទំនងគ្នា។ ។

ឯកឧត្តម William A. Heidt ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានចាត់ទុក ចំណងមិត្ដភាពរវាងកម្ពុជា និងសហរដ្ឋអាមេរិក នឹងកាន់តែមានភាពរីកចម្រើន ក្នុងទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ដទៀត

ឯកឧត្តម ឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា តាមការដឹងមក គឺស្ថានីយវិទ្យផ្សាយរបស់ អាស៊ីសេរី និងវិទ្យុសម្លេងសហរដ្ឋអាមេរិកបាននិងកំពុងឈានទៅធ្វើការដោះស្រាយលើបញ្ហា ពន្ធរបស់ស្ថានីយវិទ្យុទាំងពីរ  ហើយនៅពេលដែលដោះស្រាយចប់រួចរាល់ ស្ថានីយវិទ្យុទាំងពីរ អាចធ្វើសកម្មភាពផ្សាយបានឡើងវិញតាមរលកវិទ្យុអេហ្វអឹមនៅកម្ពុជា ដើម្បីចូលរួមលើក កម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា

ដោយ អ៊ុន រិទ្ធី រូបថត៖ខឹម សុវណ្ណារ៉ា