ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ការប្រកួតកង់ភ្នំ Cambodia MTB Series 2018 បញ្ចប់ជុំទី៤

AKP ភ្នំពេញ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ –ព្រឹត្តិការណ៍កីឡាប្រណាំងកង់ភ្នំ Cambodia MTB Series 2018 ជុំទី៤ នៅតំបន់ភ្នំ ប្រសិទ្ធិត្រូវបានបញ្ចប់ហើយ ដោយមានអត្តពលិកចូលរួមចំនួន១៥០នាក់ ក្នុងនោះក៏មាន កីឡាករ កីឡាការិនីអន្តរជាតិបានចូលរួមជាង៤០នាក់។

លោកឧកញ៉ា វង្ស ខាន់ពៅ អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយានបាន ឱ្យដឹងថា ការប្រកួតជុំទី៤នេះ លោកសង្កេតឃើញថា អត្តពលិក ជាពិសេសគឺក្មេងៗបាន ខិតខំយ៉ាងខ្លាំង ដែលបានធ្វើឱ្យកម្រិតនៃការប្រកួតមានលក្ខណៈល្អប្រសើរខ្លាំង អ្វីដែលប្លែក និងទាក់ទាញ គឺព្រឹត្តិការណ៍នេះមានអត្តពលិកបរទេសបានចូលរួមជាង៤០នាក់ ដែលមកពីប្រទេសបារាំង អង់គ្លេស ថៃ និងហ្វីលីពីន ដែលលោកបាន វាយតម្លៃខ្ពស់ចំពោះការរៀបចំ របស់សហព័ន្ធទទួលបាននូវភាពជោគជ័យកាន់តែធំសម្បើម។

អគ្គលេខាធិការរូបនេះអះអាងទៀតថា ការប្រកួតនៅជុំទី៤នេះមានការកើនឡើងនូវ កម្រិតបច្ចេកទេសរបស់កីឡាករ-កីឡាការិនីកាន់តែល្អប្រសើរជាងកាលពីប្រកួតនៅជុំទី១ ទី២ និងទី៣ ជាពិសេសគឺការប្រកួតរវាង ក្រុមជំនាញ Class A ដោយសារផ្លូវ ប្រកួតលំបាកយ៉ាង ខ្លាំង ដោយតម្រូវឱ្យជិះកង់ឡើងចុះភ្នំ ឆ្លងកាត់ព្រៃ ដែលមានថ្មពោលគឺត្រូវ ឆ្លងកាត់ឧបសគ្គ ច្រើន ដែលអត្តពលិកដែលប្រកបដោយកម្រិតខ្ពស់ ទើបអាចជិះបានដោយ ជោគជ័យ។ ជាមួយនឹងការប្រកួតដែលដំណើរយ៉ាងស្វិតស្វាញយ៉ាងខ្លាំងនេះ គឺគណៈកម្មការ បច្ចេក ទេសកម្រិត សម្រាំងបានម្ចាស់ជ័យលាភីលើវិញ្ញាសាចំនួន៤ ហើយព្រឹត្តិការណ៍នេះនឹងត្រូវ បន្តនៅជុំចុងក្រោយ ជុំទី៥ នៅ តំបន់ភ្នំគីរីរម្យ ខេត្តកំពង់ស្ពឺ នាដើមខែឆ្នូ ឆ្នាំ២០១៨ ខាងមុខ។

លោក Michael Sovann តំណាងម្ចាស់ឧបត្ថមធំនៃក្រុមហ៊ុនខ្មែរប៊ែវើរីជីសបាន បង្ហាញ នូវការពេញចិត្តយ៉ាងខ្លាំង ចំពោះការខិតខំរៀបចំអភិវឌ្ឍកីឡាទោចក្រយានរបស់សហព័ន្ធ និង ការហ្វឹកហាត់ ការប្រកួតរបស់ កីឡាករ កីឡាការិនីកម្ពុជានានា។ ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ជាក្រុមហ៊ុន ដែលបានប្រកាសជួយឧបត្ថម្ភគាំទ្រ ពេញទំហឹងដល់សហព័ន្ធកីឡា ទោចក្រ យានពេញ១ឆ្នាំ ២០១៨៕

ដោយ ហេង ណាលីន