ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កម្ពុជា-កូរ៉េសហការពង្រឹងសមត្ថភាពមន្ដ្រីរដ្ឋបាលជាន់ខ្ពស់ប្រទេសទាំងពីរ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជួន បូណា៖

កម្ពុជា-កូរ៉េសហការគ្នា ពង្រឹងសមត្ថភាពមន្ដ្រីរដ្ឋបាលជាន់ខ្ពស់រវាងប្រទេសទាំងពីរ ដើម្បីមានសមត្ថភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានអោយកាន់តែប្រសើរឡើងបន្ថែមទៀត។

ថ្លែងក្នុងសិក្ខាសាលាមន្រ្ដីរដ្ឋបាលជាន់ខ្ពស់ ស្ដីពី ភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន នាព្រឹកថ្ងៃទី ០៦ ខែវិច្ឆិកា នៅសណ្ថាគារសាន់វ៉េ ឯកឧត្ដម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃសាធារណៈរដ្ឋកូរ៉េ សហការគ្នាពង្រឹងពង្រីកកិច្ចសហប្រតិបត្ដិការរវាងក្រសួងទាំងពីរ លើវិស័យអភិបាលកិច្ចសាធារណៈ និងកំណែទម្រង់រដ្ឋបាល ដើម្បីផ្ដល់ឱកាសដល់ក្រសួងទាំងពីរធ្វើការផ្លាស់ប្ដូរគ្នាទៅវិញទៅមកនូវចំណេះដឹង បទពិសោធន៍នានាពាក់ព័ន្ធទៅនឹងអភិបាលកិច្ចសាធារណៈ កំណែទម្រង់រដ្ឋបាលសាធារណៈ និងការងារសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈជាដើម។

ឯកឧត្ដម បន្ដថា កម្ពុជាត្រូវខិតខំស្វែងយល់ រៀនសូត្រ និងដកបទពិសោធន៍ពីកត្ដាជោគជ័យ និងកត្ដាបរាជ័យនៃការអនុវត្ដកំណែទម្រង់វិមជ្ឈការពីបណ្ដាប្រទេសមួយចំនួនកំពុងជួបបញ្ហាប្រឈម ដើម្បីធ្វើជាមូលដ្ឋានក្នុងការចូលរួមចំណែកធ្វើការអនុវត្ដកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅប្រទេសកម្ពុជាអោយទទួលបានជោគជ័យ។

ឯកឧត្ដម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងបន្ដយកចិត្ដទុកដាក់កាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅលើការកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងកំណែទម្រង់ច្បាប់ជាដើម ។

សម្លេង«កំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិតាមប្រព័ន្ធបែបវិមជ្ឈការ និងវិសហមជ្ឈការ……សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន»។

ឯកឧត្ដម ប៉ាក់ ចែមីន អនុរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃសាធារណៈរដ្ឋកូរ៉េ និងជានាយកវិទ្យាស្ថានអភិវឌ្ឍន៍មន្ដ្រីរដ្ឋបាលមូលដ្ឋាន បានបញ្ជាក់ថា កម្ពុជា-កូរ៉េសហការគ្នាពង្រឹងសមត្ថភាពមន្ដ្រីរដ្ឋបាលជាន់ខ្ពស់រវាងប្រទេសទាំងពីរនាពេលនេះ មានដូចជា ស្វ័យភាពមូលដ្ឋាន ការអភិវឌ្ឍសហគមន៍មូលដ្ឋាន យុទ្ធសាស្រ្ដអភិបាលកិច្ចល្អ ឧត្ដមានុវត្ដន៍ក្នុងការអភិវឌ្ឍសហគមន៍ ការអភិវឌ្ឍជនបទ និងចលនាភូមិថ្មីនៅកម្ពុជា ដើម្បីជួយអភិវឌ្ឍន៍សមត្ថភាពមន្ដ្រីរដ្ឋបាលជាន់ខ្ពស់រវាងប្រទេសទាំងពីរ។

លោកបន្តថា កំណែទម្រង់នេះ គឺទាមទារអោយថ្នាក់ក្រោមជាតិត្រូវមានសមត្ថភាពមានទស្សនវិស័យ មានគំនិតច្នៃប្រឌិត គំនិតផ្ដួចផ្ដើម ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅមូលដ្ឋាន ដើម្បីបង្ករលក្ខណៈអោយប្រជាពលរដ្ឋអាចរស់នៅក្នុងជីវភាពកាន់តែមានភាពល្អប្រសើបន្ថែមទៀត៕