ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្រ្តីក្រសួងកសិកម្មបង្ហាញថា ការធ្វើកសិកម្មអេកូឡូស៊ី បានផ្តល់ប្រយោជន៍ច្រើនដល់វិស័យកសិកម្មកម្ពុជា

AKP សៀមរាប ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ –រដ្ឋមន្រ្តីក្រសួងកសិកម្មបង្ហាញថា ការធ្វើកសិកម្មអេកូឡូស៊ី បានផ្តល់ប្រយោជន៍ច្រើន ដល់វិស័យកសិកម្មកម្ពុជា នាពេលបច្ចុប្បន្ន និងអនាគត ដូចជាការសន្សំសំចៃទឹកកសិកម្ម ការបង្កើនគុណភាពដី និងការធ្វើឱ្យប្រសើរឡើងដល់ជីវចម្រុះក្នុងដីកសិកម្ម។

ថ្លែងបើកវេទិកាថ្នាក់តំបន់ស្តីពី”កសិកម្មអេកូឡូស៊ីនាពេលអនាគត”នៅខេត្តសៀមរាប នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា សកម្មភាពកសិកម្មអេកូឡូស៊ីបច្ចុប្បន្ន បានកំពុងអនុវត្តន៍នៅតាម បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជាច្រើនរួមមាន៖ ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមជាដើម។ ការងារនេះត្រូវបានផ្តួចផ្តើមពីអ្នកពាក់ព័ន្ធផ្សេងៗ ក្នុងផ្នែកកសិកម្ម អេកូឡូស៊ី ហើយត្រូវបានលើកកម្ពស់ពីកសិករខ្នាតតូច ទៅដល់អ្នកស្រាវជ្រាវ អ្នកអភិវឌ្ឍន៍ និងអ្នកអនុវត្តន៍ដោយមានការគាំទ្រពីវិស័យឯកជននិងសង្គមស៊ីវិល។

ឯកឧត្តមបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សមិទ្ធផលនានាបានគ្រប ដណ្ដប់លើវិធានការផ្សេងៗគ្នានៃការផ្លាស់ប្តូរកសិកម្មអេកូឡូស៊ីដូចជា ការយល់ដឹងអំពីដំណើរ ការអេកូឡូស៊ីនៅក្នុងដី និងការគ្រប់គ្រងសត្វល្អិត ការរៀបចំ និងការវាយតម្លៃអំពីការអនុវត្តប្រកបដោយភាពច្នៃប្រឌិត និងប្រព័ន្ធដំណាំរួមផ្សំរួមមាន កសិកម្ម ព្រៃឈើ ជលផល សមាហរណកម្មបសុសត្វ កសិកម្មអភិរក្ស គ្រឿងយន្តកសិកម្មសមស្រប ព្រមទាំងការកសាង សមត្ថភាពកសិករ ការអប់រំថ្នាក់ឧត្តមសិក្សា ការអភិវឌ្ឍសម្ភារគរុកោសល្យ ការលើកកម្ពស់ ការប្រើប្រាស់ភាពចម្រុះនៃរុក្ខជាតិ ការគាំទ្រវិញ្ញាបនបត្រនៃផលិតផលកសិកម្មអេកូឡូស៊ី ការអនុវត្តឧបករណ៍ និងទំនាក់ទំនង ដើម្បីចែករំលែកចំណេះដឹង និងចំណេះធ្វើជាដើម។ ទន្ទឹមនឹងនេះ ការអភិវឌ្ឍសកម្មភាពកសិកម្មអេកូឡូស៊ី នៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ចាំបាច់ត្រូវមានការតម្រង់ទិសការដោះស្រាយលើបញ្ហាលើការរេចរឹលដី ការបាត់បង់ជីជាតិដី និងការគ្រប់គ្រងទឹក។

ឯកឧត្តមបន្តទៀតថា ប្រទេសកម្ពុជាក៏ដូចជាប្រទេសនៅក្នុងតំបន់ដែរ ការធ្វើទំនើប កម្មកសិកម្មដោយអនុវត្តន៍កសិកម្មនៃបដិវត្តន៍បៃតងដើម្បីផលិតដំណាំនាំចេញ និងបំពេញ តម្រូវការស្បៀង បានធ្វើឱ្យប៉ះពាល់បរិស្ថានដូចជា ធ្លាក់ចុះគុណភាពដី ការហូច្រោះដី និងការថយចុះជីវៈចម្រុះ ដូច្នេះដើម្បីឆ្លើយតបទៅនឹងតម្រូវការស្បៀងនាពេលអនាគត កម្ពុជាចាំបាច់ត្រូវផ្លាស់ប្តូរទៅរក​ការធ្វើ​កសិកម្ម​ ដែល​ផ្តល់​សន្តិសុខនិងសុវត្ថិភាពស្បៀង ហើយស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី ដើម្បី​ទ្រទ្រង់កំណើនសេដ្ឋកិច្ច​ និង​ផ្តល់ឱកាសកាន់តែ ច្រើនសម្រាប់កសិករខ្នាតតូចនិងយុវជន។

ឯក​ឧត្តម​បាន​បញ្ជាក់ថា ការធ្វើកសិកម្មអេកូឡូស៊ី​ គឺជាបច្ចេកទេសកសិកម្មសម ស្របមួយក្នុងការឆ្លើយតបទៅនឹងការប្រែប្រួល​អាកាសធាតុនាពេលបច្ចុប្បន្ននិងអនាគត ពិសេសការកាត់បន្ថយការប្រើប្រាស់ទឹកច្រើនក្នុងការងារកសិកម្ម កាត់បន្ថយការហូរ ច្រោះដីកសិកម្ម និងការបង្កើនជីជាតិដីកសិកម្មជំនួសឱ្យការប្រើប្រាស់ជីគីមីថ្នាំពុលកសិកម្ម។

ឯកឧត្តម​បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ​កម្ពុជា កំពុងតែណែនាំកសិករ ឱ្យចេះធ្វើកសិកម្មអេកូឡូស៊ី មានន័យថា ចេះដាំដំណាំឆ្លាស់គ្នាទៅតាមគុណភាពដី និងចេះប្រើប្រាស់ទឹកបៃតងដើម្បីទប់ទល់ការប្រែប្រួលអាកាសធាតុ ដោយកសិករត្រូវតភ្ជាប់ ប្រព័ន្ធទឹកទៅដល់គល់ដំណាំឱ្យផ្តល់ទឹកទៅដល់ដំណាំឱ្យបានត្រឹមត្រូវ។

លោកស្រី Naomi Noel តំណាងទីភ្នាក់ងារបារាំងសម្រាប់ ការអភិវឌ្ឍ(AFD)បានមាន ប្រសាសន៍ថា ការធ្វើកសិកម្មអេកូឡូស៊ី គឺពិតជាមាន​ការល្អប្រសើរទាំងគុណភាពដី និងទទួលបានទិន្នផលខ្ពស់ ជាពិសេសអង្កមានជីវជាតិឆ្ងាញ់ព្រោះគ្មានគីមី។

លោកស្រីបន្តថា ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD)បានត្រៀម ថវិកាសម្រាប់ជួយដល់គម្រោងកសិកម្មអេកូឡូស៊ីនៅកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីបង្កើនផលិតផលកសិកម្មឱ្យបានកាន់តែច្រើនបន្ថែមទៀត៕

ដោយ ឃុត សៅ