ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សហរដ្ឋអាមេរិកផ្ដល់ថវិកា២០ម៉ឺនដុល្លារ ជួយជួសជុលជណ្តើរបុរាណផ្នែកខាងជើងរបស់ប្រាសាទព្រះវិហារ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ប៉ុង សុភាវី​ និង​លោក​ ចន​ ណារិទ្ធ​៖

សហរដ្ឋអាមេរិកផ្ដល់ថវិកា២០ម៉ឺនដុល្លារ ជួយជួសជុលជណ្តើរបុរាណផ្នែកខាងជើងរបស់ប្រាសាទព្រះវិហារ ដែលកំពុងមានសភាពទ្រុឌទ្រោមឱ្យមានភាពប្រសើរឡើងវិញ។

គម្រោងជំនួយនេះ ត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងស្ថានទូតអាមេរិកនៅភ្នំពេញ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកានេះ។

សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក បានឲ្យដឹងថា កិច្ចព្រមព្រៀងដែលចុះហត្ថលេខា នាពេលនេះ មាន ចំនួន២ដោយផ្តោតកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌នៅប្រទេសកម្ពុជា ក្នុងនោះទាក់ទងនឹង «ការដាក់កម្រិតហាមប្រាមនូវការនាំចូលប្រភេទវត្ថុបុរាណរបស់ប្រទេសកម្ពុជា» សម្រាប់រយៈពេល៥ឆ្នាំ ២០១៨-២០២៣ និងការផ្តល់ថវិកាពីមូលនិធិឯកអគ្គរដ្ឋទូត សម្រាប់ការអភិរក្សវប្បធម៌ ឆ្នាំ២០១៨ ដែលបានយល់ព្រមហើយ រវាងក្រសួងការបរទេសសហរដ្ឋអាមេរិក តាមរយៈស្ថានទូតអាមេរិកនៅភ្នំពេញ ដែលមានទឹកប្រាក់ចំនួន២០ម៉ឺនដុល្លារ សម្រាប់ការអភិរក្សជណ្តើរបុរាណផ្នែកខាងជើងរបស់ប្រាសាទព្រះវិហារ ដែលត្រូវបានសង់តាំងពីសតវត្សទី១១។

ស្ថានទូតអាមេរិកនៅកម្ពុជា បានឱ្យដឹងថា អនុស្សារណៈនៃការយោគយល់នេះ មានបំណងកាត់បន្ថយការលួចវត្ថុបុរាណ ដែលតំណាងឱ្យកេរដំណែលវប្បធម៌ដ៏មានតម្លៃ និងសម្បូរបែបរបស់កម្ពុជា ដ៏មានតម្លៃមិនអាចរកអ្វីជំនួសបាន។ ជាមួយគ្នាដែរ តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សា និងចែករំលែកព័ត៌មាន ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ស្តីពីការជីកគាស់កកាយដែលគ្មានការអនុញ្ញាត ការលួចសម្បត្តិវប្បធម៌ ការជួញដូរខុសច្បាប់នូវសម្បត្តិវប្បធម៌ និងការគំរាមកំហែងដទៃទៀត ដែលធ្វើឱ្យគ្រោះថ្នាក់ដល់សម្បត្តិបេតិកភណ្ឌវប្បធម៌របស់កម្ពុជា៕