ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចហេងសំរិនស្នើអោយអ្នកពាក់ព័ន្ធពិនិត្យសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០១៩ឲ្យគ្រប់ជ្រុងជ្រោយមុននឹងដាក់ឲ្យរដ្ឋសភាអនុម័ត

វិទ្យុជាតិកម្ពុជា៖ដោយលោកចេមហួត

ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជាស្នើភាគីពាក់ព័ន្ធពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០១៩ឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងដាក់ឲ្យរដ្ឋសភាអនុម័តនាពេលខាងមុខនេះដើម្បីឲ្យរាជរដ្ឋាភិបាលប្រើប្រាស់ថវិកាជាតិអភិវឌ្ឍន៍ជាតិ។

ក្នុងពិធីបើកសិក្ខាសាលាឈ្វេងយល់អំពី “ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩” នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានសំណូមពរដល់ភាគីពាក់ព័ន្ធទំាងអស់ត្រួតពិនិត្យលើការរៀបចំច្បាប់ថវិកាឆ្នាំ២០១៩ឲ្យបានត្រឹមត្រូវនិងហ្មត់ចត់បំផុតព្រោះច្បាប់នេះមានសារៈសំខាន់អនុញ្ញាតឲ្យរាជរដ្ឋាភិបាលអនុវត្តនូវ “ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិឆ្នាំ២០១៩២០២៣” និង“យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤”បន្តរក្សាស្ថិរភាពនយោបាយ បន្តពង្រឹងនិងពង្រីកការអនុវត្តលទ្ធិប្រជាធិបតេយ្យ បន្តរក្សាបាននូវស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និងធានាបាន នូវប្រសិទ្ធិភាពខ្ពស់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភាពបានប្តេជ្ញា សហការជាមួយសមាជិកសមាជិការដ្ឋសភា ព្រឹទ្ធសភា តំណាងរាជរដ្ឋាភិបាល អង្គការ ស្ថាប័នជាតិ អន្តរជាតិ ដែលពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរនូវព័ត៌មាន និងធាតុចូលបន្ថែមទៀត សម្រាប់យកមកសិក្សា វិភាគ និងវាយតម្លៃ លើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩មុននឹងដាក់ជូនរដ្ឋសភាពិភាក្សានិងអនុម័តនាពេលខាងមុខនេះ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះ មានគោលដៅគំាទ្រដល់ការអនុវត្តន៍កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ និងវិធានការកែទម្រង់ជាក់ស្តែងនានា ដែលនឹងត្រូវផ្តើមអនុវត្តនៅក្នុងឆ្នាំ២០១៩ ដែលជាឆ្នាំទី១នៃរាជរដ្ឋាភិបាលអាណត្តិទី៦ឱ្យសម្រេចបាននូវលទ្ធផលផ្លែផ្កាជាអតិបរមាជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។

សេចក្តីព្រាងច្បាប់ថវិកាជាតិ២០១៩ ត្រូវបានរាជរដ្ឋាភិបាលបញ្ជូនទៅរដ្ឋសភា ដើម្បីស្នើសុំការអនុម័តយល់ព្រមក្នុងគម្រោងចំណាយសរុបជាង៦.៧ពាន់លានដុល្លារអាមេរិកដោយកើនឡើង១១,៤ភាគរយ ធៀបនឹងគម្រោងចំណាយថវិកាជាតិឆ្នាំ២០១៨នេះ៕