ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សហព័ន្ធអារ៉ាប់រួម ចាប់អារម្មណ៍ការវិនិយោគលើវិស័យប្រេង ឧស្ម័ន នៅកម្ពុជា

(ភ្នំពេញ)​÷សមាជិករាជវង្ស ឌូបៃ សហព័ន្ធអារ៉ាប់រួម ព្រះអង្គម្ចាស់Amed Dalmook Al Maktoum បានបង្ហាញចំណាប់អារម្មណ៍ ការវិនិយោគលើប្រព័ន្ធប្រេង ឧស្ម័ន លើពាណិជ្ជកម្ម និង ហិរញ្ញវត្ថុនៅកម្ពុជា។ ព្រះអង្គមានបន្ទូលបែបនេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ កាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ព្រះអង្គ មានបំណងចង់ចូលរួម ក្នុងការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ដោយចាប់ផ្ដើមទំនាក់ទំនង និងការដាក់ទុនវិនិយោគនៅកម្ពុជា។ ក្នុងឱកាសនោះ ព្រះអង្គម្ចាស់ Amed Dalmook Al Maktoum ក៏បានឆ្លៀតគោរពអញ្ជើញសម្តេចតេជោនាយករដ្ឋមន្ត្រី ទៅធ្វើទស្សនកិច្ចនៅសហព័ន្ធអារ៉ាប់រួម នាពេលខាងមុខ ។ 

ជាការឆ្លើយតប សម្តេចតេជោ នាយករដ្ឋមន្ត្រី បានស្វាគមន៍ និងមានប្រសាសន៍ផងដែរថា ទាក់ទងនឹងការវិនិយោគក្នុងវិស័យឧស្ម័ននេះ គឺជាការជួយកាត់បន្ថយការកាប់ឈើធ្វើអុសដុតផង ហើយក៏ជួយក្នុងការ គ្រប់គ្រងធនធានធម្មជាតិផងដែរ ។ 

សម្ដេចក៏បានថ្លែងអំណរគុណ ចំពោះការអញ្ជើញសម្ដេចទៅទស្សនកិច្ចនៅអារ៉ាប់រួម ដោយសម្ដេចបញ្ជាក់ថា នឹងពិនិត្យមើលពេលវេលាដ៏សមស្របមួយនឹងទៅធ្វើទស្សនកិច្ចនៅទីនោះ៕

ប្រភព​ Fb ​Page :Samdech Hun Sen, Prime Minister