ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោកជំទាវ មុំ ផាន់នី ផ្ដល់សម្ភារៈ និងពូជសត្វមាន់ចែកជូនប្រជាសហគមន៍ព្រៃឈើសង្ឃរុក្ខវន្ត នៅខេត្តឧត្តរមានជ័យ

AKP ឧត្តរមានជ័យ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ –នៅថ្ងៃចន្ទ ១២រោច ខែអសុជ្ស ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកជំទាវ មុំ ផាន់នី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានសំណេះសំណាល និងចែកពូជសត្វមាន់ សម្ភារ ទេសចរណ៍ធម្មជាតិ និង សម្ភារកសិកម្មជូនដល់ប្រជាសហគមន៍ចំនួន១១គ្រួសារដែលរស់នៅ តំបន់ការពារធន់ធានធម្មជាតិ សង្ឃរុក្ខវន្ត ក្នុងនោះក៏មានការចូលរួមពីលោក វ៉ាត់ ប៉ារ៉ានីន អភិបាលរងខេត្ត ព្រះមេគុណខេត្ត ប៊ុន សាលួត ប្រធានសហគមន៍ព្រៃឈើសង្ឃរុក្ខវន្ត លោក ភួង លីណា ប្រធានមន្ទីរបរិស្ថាន និងមន្ត្រីបរិស្ថាន ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់សហគមន៍ជាច្រើនគ្រួសារផងដែរ ។

សម្ភារៈនិងពូជសត្វមាន់ដែលចែកជូនប្រជាសហគមន៍ទាំង១១គ្រួសារនាពេលនោះរួមមាន គោយន្ត១គ្រឿង, ធុងដាក់សំរាមចំនួន៥,  រទេះរុញសំរាមចំនួន២, តង់ចនួន៤០, មុងចំនួន២០, អង្ករចំនួន ១០០គីឡូក្រាម, កង់ចំនួន៦គ្រឿង, និងពូជសត្វមាន់ ១១០គីឡូក្រាម

នៅក្នុងឱកាសនោះលោកជំទាវ បានធ្វើការក្រើនដល់មន្ត្រីបរិស្ថាននិងប្រជាសហគមន៍តំបន់ការពារធម្មជាតិសង្ឃរុក្ខវន្ត នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវរួមគ្នាថែរក្សា អភិរក្សធនធានធម្មជាតិនៅតំបន់នេះឱ្យបានកាន់តែល្អប្រសើរ និងប្រសិទ្ធខ្ពស់ដើម្បីថែរក្សាទុកឱ្យក្មេងជំនាន់ក្រោយ បានស្គាល់យល់ដឹងពីសារសំខាន់នៃព្រៃឈើ និងសត្វព្រៃ ។

លោកជំទាវបានបន្ថែមថា ក្រសួងបរិស្ថានកំពតែយកចិត្តទុកដាក់រៀបចំតំបន់នេះ ឱ្យប្រែក្លាយជាតំបន់អេកូទេសចរណ៍បែបធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិមកទស្សនាដើរលេងកម្សាន្ត រួមចំណែកក្នុងការបង្កើនចំណូល លើកកម្ពស់ជីវភាពរស់របស់ប្រជាពលរដ្ឋក្នុងតំបន់នេះឱ្យកាន់តែប្រសើរឡើងថែមទៀត

ដោយ ទិត ស្រ៊