ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប៉ាឡេស្ទីនរិះគន់យ៉ាងខ្លាំងគម្រោងច្បាប់អ៊ីស្រាអែល ដែលនឹងដាក់ទោសប្រហារជីវិតពួកអ្នកទោសប៉ាឡេស្ទីន

AKP ភ្នំពេញ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ — អាជ្ញាធរប៉ាឡេស្ទីន (PA)បានរិះគន់យ៉ាងខ្លាំងកាលពីថ្ងៃចន្ទ ដល់ការសម្រេចចិត្តរបស់អ៊ីស្រាអែល ដើម្បីជំរុញទៅមុខគម្រោងច្បាប់មួយដែលនឹងអនុញ្ញាតឱ្យតុលាការយោធាអ៊ីស្រាអែល ដាក់ទោសពួកអ្នក ទោសប៉ាឡេស្ទីន ដែលគេកាត់ឱ្យជាប់ទោសពីបទសម្លាប់ជនអ៊ីស្រាអែលដោយទោសប្រហារជីវិត។

លោក យូសេហ្វ អាល់-ម៉ាមូដ អ្នកនាំពាក្យរដ្ឋាភិបាលប៉ាឡេស្ទីន បាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍ព័ត៌មានមួយថា ភ្លើងបៃតងដែលផ្តល់ឱ្យដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyhu ) ឱ្យជំរុញទៅមុខច្បាប់នេះ គឺជាការអំពាវនាវដោយចំហមួយ ដែលពន្យុះឱ្យមានការសម្លាប់ការប្រហារជីវិត និងការសម្លាប់រង្គាលប្រជាជនប៉ាឡេស្ទីន ។

លោកបាននិយាយថា លោក នេតាន់យ៉ាហ៊ូ និងពួកអ្នកគាំទ្រលោក ត្រូវតែទទួលខុសត្រូវ ចំពោះផលវិបាកនៃការសម្រេចចិត្ត ដែលគួរឱ្យរន្ធត់នេះ នឹងចំពោះរបៀបដែលគេរំលោភយ៉ាងជាក់ស្តែង លើច្បាប់និងបទដ្ឋានអន្តរជាតិនិងមនុស្សធម៌ ។

អ្នកនាំពាក្យនោះក៏បានទទូចផងដែរដល់សហគមន៍អន្តរជាតិ ឱ្យទទួលខុសត្រូវចំពោះកិច្ចការពារប្រជាជនប៉ាឡេស្ទីន ព្រមទាំងជំរុញឆ្ពោះទៅរកការបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែល ហើយនឹងការបង្កើត រដ្ឋប៉ាឡេស្ទីនមួយដែលឯករាជ្យនិងមានអធិបតេយ្យភាព ។

តាមសេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលឱ្យដឹងថា គណៈកម្មាធិការសភា ( Knesset ) មួយនឹងចាប់ផ្តើមធ្វើការពិភាក្សាគ្នាជាដំបូង ស្តីពីការរៀបចំច្បាប់នេះ សម្រាប់ធ្វើសេចក្តីប្រកាសជាលើក ដំបូង បន្ទាប់ពីលោក នេតាន់យ៉ាហ៊ូ គេរាយការណ៍ថា បានផ្តល់ការប្រសិទ្ធពរឱ្យជំរុញទៅមុខគម្រោងច្បាប់នេះ ដែលនឹងស្វែងរកការដាក់ទោសពួកជនប៉ាឡេស្ទីន ដែលគេកាត់ឱ្យជាប់ទោសពីបទសម្លាប់ពួកជន អ៊ីស្រាអែលដោយទោសប្រហារជីវិត ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )