ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រទេសចិននឹងបន្តបណ្តុះបណ្តាលគ្រូពេទ្យជំនាញកម្ពុជាលើផ្នែកជំងឺពស់ចឹក

វិទ្យុជាតិកម្ពុជា​៖ ដោយ​ លោក លី ចន្ថា៖

លោក លូ ស៊ីដុងLuo Shidong ប្រធានមន្ទីរពេទ្យរដ្ឋ ផ្នែកវេជ្ជសាស្រ្ត និងថ្នាំបុរាណចិន ក្រុងវូចូវ ខេត្តក្វាងស៊ី បានថ្លែងថា បច្ចុប្បន្នមន្ទីរពេទ្យមានប្រវត្តិ៦០ឆ្នាំហើយ ក្នុងការស្រាវជ្រាវឱសថវិជ្ជសាស្រ្ត រួមផ្សំ និងប្រភេទរុក្ខជាតិដែលអាចផលិតជាឱសថបុរាណព្យាបាលអ្នកជំងឺដោយសារពស់ចឹក។

លោកប្រធានបានបន្តថា មន្ទីរពេទ្យបាននឹងកំពុងពង្រីកកិច្ចសហប្រតិបត្តិទៅកាន់តំបន់អាស៊ាន ជាពិសេសបច្ចុប្បន្ន បាននិងកំពុងបណ្តុះបណ្តាលមន្រ្តីសុខាភិបាលកម្ពុជាចំនួន២រូបមកពីមន្ទីរពេទ្យរុស្សី និងមន្ទីរពេទ្យខេត្តកំពង់ចាម លើផ្នែកស្រាវជ្រាវថ្នាំបុរាណ និងការព្យាបាលអ្នកជំងឺពស់ចឹកនេះ ព្រមទាំងបន្ត បណ្តុះបណ្តាលដល់គ្រូពេទ្យកម្ពុជាលើផ្នែកនេះថែមទៀត។

ក្នុងឱកាស ទស្សនកិច្ចនៅក្នុងមន្ទីរពេទ្យ លោកប្រធានមន្ទីរពេទ្យរដ្ឋ ផ្នែកវេជ្ជសាស្រ្ត និងថ្នាំបុរាណចិន បានថ្លែងប្រាប់ក្រុមអ្នកសារពត៌មានកម្ពុជាថា « សព្វថ្ងៃមន្ទីរពេទ្យមានគម្រោង ជួយបណ្តុះ បណ្តាលមន្រ្តីពេទ្យ មកពីបណ្តាប្រទេសអាស៊ានដើម្បីទទួលបានចំណេះដឹងក្នុងការស្រាវជ្រាវឱសថ និងការព្យាបាលជំងឺដោយសារពស់ចឹក ហើយមន្ទីរពេទ្យនឹងបន្តសហការជួយដល់គ្រូពេទ្យកម្ពុជាបន្តបន្ទាប់ទៀត»។

ការសន្យានេះត្រូវបានធ្វើឡើងក្នុងពិធីជួបពិភាក្សា របស់ថ្នាក់ដឹកនាំមន្ទីរពេទ្យជាមួយនឹងអ្នកសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើទស្សនកិច្ចក្នុងរយៈពេល១២ថ្ងៃ ដោយចាប់ពីថ្ងៃទី២២ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមការរៀបចំដំណើរទស្សនកិច្ចរបស់ស្ថានអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។

ដោយឡែកលោកវេជ្ជបណ្ឌិត សៀង ប៊ុនថន មន្រ្តីមន្ទីរពេទ្យរុស្សីផ្នែកសង្គ្រោះបន្ទាន់ ដែលកំពុងសិក្សាលើផ្នែកជំងឺពស់ចឹកបាននិយាយនៅក្នុងឱកាសនោះដែរថា នៅ តំបន់ព្រៃភ្នំប្រទេសចិនមានប្រភេទពស់កាចសាហាវជាច្រើនប្រភេទមានពិសខ្លាំងៗ តាមការស្រាវជ្រាវជំងឺប្រភេទនេះត្រូវព្យាបាលដោយថ្នាំពេទ្យ លាយថ្នាំឱសថបុរាណទើបព្យាបាលជាសះស្បើយ និងមានប្រសិទ្ធភាពខ្ពស់ឆាប់រហ័សជាងធម្មតា ហើយថ្នាំប្រភេទនេះមានផលិតនៅតែក្នុងមន្ទីរពេទ្យនេះតែប៉ុណ្ណោះ និងមានការបន្តបែងចែកទៅកាន់មន្ទីរពេទ្យខេត្តជាច្រើននៅទូទាំងប្រទេសចិន។ លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ទោះបីជាឱសថបុរាណចិនមិនត្រូវបានគេទទួលយកឬទទួលស្គាល់យ៉ាងទូលំទូលាយនៅទូទាំងពិភពលោកក៏ដោយតែរបៀបនៃការព្យាបាល របស់មន្ទីពេទ្យនេះអាចព្យាបាលជនរងគ្រោះដោយសារពស់ចឹក មានប្រសិទ្ធភាពខ្ពស់ និង អត្រារស់រានមានជីវិតគឺរហូតដល់ 99 ភាគរយ។

មន្រ្តីពេទ្យរុស្សីរូបនេះបន្តថា ដោយឡែកសម្រាប់ ការបណ្តុះបណ្តាលជំនាញនេះគឺពិតជាមានសារសំខាន់ណាស់ក្នុងការផ្តល់ឱកាសដល់គ្រូពេទ្យកម្ពុជា ក៏ដូចជាគ្រូពេទ្យមកពីតំបន់អាស៊ានផ្សេងទៀតដើម្បីមានឱកាសក្នុងការសិក្សាស្រាវជ្រាវ និងការព្យាបាលអ្នកជំងឺដោយពស់ចឹកនេះ ៕