ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

AKP សៀមរាប ថ្ងៃទី ខែវិច្ឆិកា ឆ្នាំ២០១៨ –ទិវាបុណ្យវប្បធម៌កូរ៉េ ត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃចន្ទ ១២រោច ខែអស្សុជ ឆ្នាំចសំរិទ្ធ ស័ក .ស២៥៦២ ត្រូវនឹងថ្ងៃទី ខែវិច្ឆិកា ឆ្នាំ២០១៨នៅវិទ្យាល័យភ្នំក្រោម ស៊ូវ៉ុន ដែលស្ថិត នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុង ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមជាអធិតីពីសំណាក់ឯឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តស្តីទី និងលោក ពិន ប្រាកដ អភិបាលរង ខេត្តសៀមរាប ឯឧត្តម យ៉ុម តែយ៉ុង អភិបាលក្រុងស៊ូវ៉ុន នៃប្រទេសកូរ៉េ លោកអគ្គកុងស៊ុលកូរ៉េ ប្រចាំខេត្តសៀមរាប ព្រមទាំងថា្នក់ដឹកនាំមន្ទីរអាជ្ញាធរក្រុងសៀមរាប និងគណៈប្រតិភូមកពីទីក្រុងសូវ៉ុន រួមជាមួយប្រជាពលរដ្ឋក្នុងភូមិប្រមាណជាង ៦០០នាក់ចូលរួមផងដែរ។

   

ការដែលជ្រើសរើសយកតំបន់ខាងលើជាទីតាំងសម្រាប់ប្រារព្ធទិវាបុណ្យវប្បធម៌កូរ៉េនេះ អាស្រ័យដោយទីក្រុងសូវ៉ុន នៃប្រទេសកូរ៉េ និងទីក្រុងសៀមរាប នៃប្រទេសកម្ពុជា បានចង     សម្ព័ន្ធមេត្រីភាពនឹងគ្នា។ ទីក្រុងសូវ៉ុនបានបង្កើតឱ្យមានឡើងនូវភូមិមិត្តភាព ភ្នំក្រោមស៊ូវ៉ុន ដែលមានរយៈពេល៧ឆ្នាំមកហើយ ព្រមទាំងបានធ្វើការអភិវឌ្ឍនៅក្នុងភូមិមិត្តភាពនេះ តាមរយៈធ្វើការបណ្តុះបណ្តាលនូវមុខជំនាញដល់ប្រជាពលរដ្ឋ សំខាន់លើវិស័យអប់រំ បានបង្កើតនូវអនុវិទ្យាល័យ និងវិទ្យាល័យជូនដល់កូនចៅប្រជាពលរដ្ឋនៅក្នុងតំបន់ភ្នំក្រោម បានសិក្សារៀនសូត្រនៅជិតលំនៅឋានរបស់ខ្លួន រួមទាំងបានបញ្ជូននូវក្រុមគ្រូពេទ្យស្ម័ត្រចិត្តកូរ៉េ មកធ្វើការព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋនៅតំបន់ភ្នំក្រោម ក៏ដូចនៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តសៀមរាប។

       នៅក្នុងពិធីបុណ្យវប្បធម៌កូរ៉េនោះ លោក ពិន ប្រាកដ បានអរគុណចំពោះឯកឧត្តមអភិបាលក្រុងសូវ៉ុន និងគណៈប្រតិភូទាំងអស់ ដែលបានជ្រើសរើសយកទឹកដីខេត្តសៀមរាប ក្នុងការរៀបចំពិធីដ៏មានអត្ថន័យនេះឡើង ក្នុងន័យផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រជាជនខ្មែរ និងកូរ៉េ ក៏ដូចជាទំនាក់ទំនងរវាងវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់កូរ៉េ ជាមួយទឹកដីអង្គរ ដែលជាទីស្ថានផ្ទុកទៅដោយរតនសម្បត្តិដ៏សម្បូរបែប វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរតាំងពីសម័យអាណាចក្រខ្មែរ ដែលនៅសម័យនោះប្រទេសយើងទាំងពីរមិនទាន់បានធ្វើកិច្ចទំនាក់ទំនងគ្នានៅឡើយ ដែលនេះក៏ជាមោទនភាពមួយសម្រាប់យើង ជាអ្នកបន្តវេនពីដូនតារបស់យើងទាំងពីរ។

លោកអភិបាលរងខេត្តបានបន្តឱ្យដឹងទៀតថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានចាប់ផ្តើមឡើងវិញនូវកិច្ចសហប្រតិបត្តិការចំណងការទូតនៅឆ្នាំ១៩៩៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលគិតរហូតមកដល់បច្ចុប្បន្ននេះ មានអាយុ២១ឆ្នាំហើយ បើប្រៀបធៀបជាមួយមនុស្សគឺស្ថិតក្នុងភាពជាយុវវ័យ ដែលពោពេញដោយកម្លាំងពលំ និងស្មារតីមាំមួន អាចសម្រេចបានជោគជ័យនូវរាល់ការងារដែលបានធ្វើ និងកំពុងធ្វើ មានន័យថា ទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ នាពេលនេះ គឺបានឈានដល់របត់មួយដែលប្រទេស និងប្រជាជនយើងទាំងពីរ បានធ្វើការរួមគ្នាលើគ្រប់វិស័យ ទាំងក្នុងក្របខណ្ឌថ្នាក់ជាតិ និងថា្នក់ក្រោមជាតិ ជាក់ស្តែងកិច្ចទំនាក់ទំនងរវាងរដ្ឋបាលខេត្តសៀមរាបនិងរដ្ឋបាលក្រុងស៊ូវ៉ុន ជាដើម។

       លោក ពិន ប្រាកដ បានបញ្ជាក់ឱ្យដឹងថា រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលក្រុងស៊ូវ៉ុន និងដៃគូអភិវឌ្ឍន៍ រួមមាន សមាគមហែភីខាំ មន្ទីរ-អង្គភាពពាក់ព័ន្ធ ប្រជាជនក្រុងស៊ូវ៉ុន ទាំងមូល និងអង្គការឡូតិ៍ធឹសវើល ដែលបានចូលរួមចំណែកអស់ពីកម្លាំងកាយចិត្តជួយអភិវឌ្ឍន៍ភូមិភ្នំក្រោម-ស៊ូវ៉ុន តាំងពីឆ្នាំ២០០៧ រហូតមកសម្រេចបាននូវសមិទ្ធផលជាច្រើនដូចជា ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្រ្ត បន្ទប់ទឹក អគារសិក្សា អគារសិប្បកម្ម ឡដុតសំរាម អណ្តូងទឹក លំនៅឋាន និងវិទ្យាល័យភ្នំក្រោម-ស៊ូវ៉ុនទាំងមូលនេះ។ បច្ចុប្បន្ននេះដែរ ប្រជាពលរដ្ឋទូទៅក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ មានភាពកក់ក្តៅ និងសន្តិសុខផ្ទាល់ខ្លួន ក្នុងការស្នាក់នៅ និងធ្វើដំណើរកម្សាន្តគ្រប់ទិសទីក្នុងខេត្ត តាមរយ:ការធានារក្សាបាននូវសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋ មានការជឿជាក់និងចូលរួមជាមួយអាជ្ញាធរដែនដីគ្រប់ លំដាប់ថ្នាក់។ ដូច្នេះការរៀបចំពិធីបុណ្យវប្បធម៌កូរ៉េ នៅលើទឹកដីអង្គរនាពេលនេះ ពិតជាបានផ្តល់នូវតម្លៃជាផ្លែផ្កាមួយផ្នែកទៀតនៃតម្លៃវប្បធម៌ជាសកល ដែលនឹងជួយជំរុញនិងពង្រឹងស្មារតីសហប្រតិបត្តិការដ៏ល្អក្នុងភាពជាដៃគូមិនអាចខ្វះបានរវាងគ្នានិងគ្នា ព្រមទាំងធ្វើឱ្យចំណងមិត្តភាព សាមគ្គីភាព  និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំងពីរ ស្ថិតស្ថេរគង់វង្សជាអមតៈ និងពិធីបុណ្យវប្បធម៌កូរ៉េនាពេលនេះដែរ ឱ្យក្លាយជានិមិត្តរូបនៃចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសជាតិយើងទាំងពីរជានិច្ចនិរន្តរ

       គួរបញ្ជាក់ថា ក្នុងឱកាសនៃពិធីបុណ្យវប្បធម៌កូរ៉េនោះដែរ ក៏មានការប្រគល់អំណោយដល់សិស្សក្រីក្រនូវកង់ចំនួន១៥០គ្រឿង សម្លៀកបំពាក់សិស្ស២០០កំប្លេ សម្លៀកបំពាក់គ្រូ៧០កំប្លេ សម្ភារសិក្សានិងកីឡាមួយចំនួន និងបងប្អូនប្រជាពលរដ្ឋ៦០០នាក់ដែលបានចូលរួម ក្នុងម្នាក់ៗ ទទួលបានអង្ករ១០គីឡូក្រាម ព្រមទាំងរៀបចំអាហារសាមគ្គីជូនបងប្អូនប្រជាពល រដ្ឋទាំងអស់ទៀតផង៕

ដោយហង្ស សៀក