ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

តំណាងផ្នែកវប្បធម៌ និងសារមន្ទីរប្រទេសអាស៊ានចុះសិក្សាឈ្វេងយល់ពីការងារគ្រប់គ្រងរមណីយដ្ឋានអង្គររបស់អាជ្ញាធរជាតិអប្សរា

AKP សៀមរាប ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នំាំ២០១៨ –សិក្ខកាមតំណាងស្ថាប័នផ្នែកវប្បធម៌ និងសារមន្ទីរនៃប្រទេសអាស៊ាន កាលពីថ្ងៃចន្ទ ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទីខែវិច្ឆិកា ឆ្នាំ២០១៨ បានចូលជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ក៏ដូចជាសិក្សាឈ្វេងយល់ពីការងារគ្រប់គ្រងរមណីដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។

លោកបណ្ឌិត  យូ យ៉ុនហាន់ មន្រ្តីផ្នែកវប្បធម៌ និងកិច្ចការសាសនានៃប្រទេសមីយ៉ាន់ម៉ា និងតំណាងលោកសាស្រ្ដាចារ្យ យូស៊ីអាគី អ៊ីស៊ីសាវ៉ា ប្រធានសាកលវិទ្យាល័យស៊ូហ្វីយ៉ា បានលើកឡើងថា សាកលវិទ្យាល័យស៊ូហ្វីយ៉ា បានរៀបចំសិក្ខាសាលារយៈពេល៧ថ្ងៃ ដោយពិភាក្សាពីតួនាទីរបស់សារមន្ទីរនៅក្នុងតំបន់អាស៊ាន។ នេះជាឆ្នាំទី២ហើយដែលសិក្ខាសាលានេះត្រូវបានរៀបចំឡើង ហើយប្រធានបទសម្រាប់ឆ្នាំនេះ គឺការទុកដាក់វត្ថុបុរាណដែលរកឃើញនៅក្នុងតំបន់ការពារ ការចុះបញ្ជីសារពើភណ្ឌ ការតាំងបង្ហាញ និងការផ្តល់ព័ត៌មានដល់ប្រជាជនក្នុងតំបន់ឱ្យស្គាល់ពីស្ថាប័នគ្រប់គ្រងដោយរបៀបណា

លោកបណ្ឌិត ឡៅ គឹមលាង អ្នកដឹកនាំកម្មវិធីសិក្ខាសាលាអន្ដរជាតិសារមន្ទីរ និងវត្ថុបុរាណអាស៊ានឆ្នាំ២០១៨នេះបានឱ្យដឹងថា បណ្ដាប្រទេសអាស៊ានមានបញ្ហាទាក់ទងនឹងការងារសារមន្ទីរ និងវត្ថុបុរាណប្រហាក់ប្រហែលគ្នា ដូច្នេះសិក្ខាសាលានេះគឺចង់ធ្វើយ៉ាងណាឱ្យបណ្ដាប្រទេសទាំងនោះមានយន្តការតែមួយ បែបបទតែមួយ ដើម្បីដោះស្រាយបញ្ហារួមគ្នា។ លោកបណ្ឌិត ឡៅ គឹមលាង បានបញ្ជាក់ថា គម្រោងរបស់សាកលវិទ្យាល័យស៊ូហ្វីយ៉ា គ្រោងនឹងរៀបចំសិក្ខាសាលានេះរយៈពេល៣ឆ្នាំ ដោយឆ្នាំទី១ ធ្វើឡើងកាលពីឆ្នាំមុន ផ្តោតលើប្រធានបទ ការគ្រប់គ្រងសារមន្ទីរនៅតាមជនបទ ឬតាមបណ្តាខេត្ត។

ឯកឧត្តម ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានអរគុណដល់កិច្ចសហប្រតិ  បត្តិការនានារបស់ប្រទេសអាស៊ាន ក៏ដូចជាការជ្រើសរើសរមណីយដ្ឋានអង្គរជាគោលដៅសម្រាប់សិក្សាឈ្វេងយល់នានា រួមទាំងសិក្ខាសាលានៅពេលនេះជាដើម។ ឯកឧត្តម ក៏បានធ្វើបទបង្ហាញខ្លីទាក់ទងនឹងការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរជូនដល់អ្នកចូលរួមឱ្យយល់ផងដែរ។ ឯកឧត្តមបន្ថែមថា អាជ្ញាធរជាតិអប្សរារីករាយជានិច្ចក្នុងការចែករំលែកបទពិសោធន៍ការងារគ្រប់គ្រងរមណីយដ្ឋានអង្គរដល់ប្រទេសនានាដែលចង់រៀនសូត្រ។

គួរបញ្ជាក់ថា សិក្ខាសាលាអន្ដរជាតិសារមន្ទីរ និងវត្ថុបុរាណ អាស៊ានឆ្នាំ ២០១៨ ធ្វើឡើងរយៈពេល៧ថ្ងៃ គឺចាប់ពីថ្ងៃទី២-០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ដោយកម្មវិធីនេះធ្វើនៅរាជធានីភ្នំពេញ និងចុះធ្វើការសិក្សាឈ្វេងយល់នៅតាមរមណីយដ្ឋានប្រវត្តិសាស្រ្ត តាមបណ្តាខេត្តមួយចំនួន។ សម្រាប់នៅខេត្តសៀមរាប សិក្ខាកាមនឹងចុះសិក្សាឈ្វេងយល់នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ អភិរក្សដ្ឋានអង្គរ ការដ្ឋានជួសជុលប្រាសាទ និងទស្សនាប្រាសាទមួយចំនួនទៀត

ដោយ ឃុត សៅ