ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាជ្ញាធរខេត្តព្រះវិហារបង្ហាញក្ដីបារម្ភចំ​ពោះយានដ្ឋាន កែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស នាំអោយមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញ៉ាប់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​ និង​លោក​ ចន​ ណារិទ្ធ​៖

​ ខេត្តព្រះ​វិហា​រ៖​ អាជ្ញាធរខេត្តព្រះវិហារ បានបង្ហាញក្ដីបារម្ភចំពោះយានដ្ឋាន កែច្នៃយានយន្តខុស លក្ខណៈបច្ចេកទេសនៅក្នុងភូមិសាស្រ្តខេត្ត ដែល ជាផ្នែកមួយបានធ្វើឲ្យកើតមានការគ្រោះថ្នាក់ចរាចរណ៍ជាញឹកញ៉ាប់នៅតាមដងផ្លូវ ទាំងអ្នករួមដំណើរជាមួយ និងអ្នកធ្វើដំណើរលើដងផ្លូវជាមួយ ជួបគ្រោះថ្នាក់ រងរបួស ឬស្លាប់ថែមទៀតក៏មាន ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានបង្ហាញក្ដីបារម្ភនេះនៅក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៣ នៅខេត្តព្រះវិហារ ។

កន្លងទៅ សមត្ថកិច្ច និងមន្រ្តីជំនាញឃាត់បានយានយន្ត កែច្នៃខុសបច្ចេកទេសដែលបានធ្វើចរាចរលើដងផ្លូវក្នុងខេត្តព្រះវិហាររាប់ពាន់គ្រឿង ហើយបានអប់រំ និងផាកពិន័យទៅតាមផ្លូវច្បាប់រួចមកហើយ ។

ប៉ុន្តែនៅពេលនេះឯកឧត្តម អ៊ុន ចាន់ដា បាន ណែនាំឲ្យមន្រ្តីជំនាញ ត្រូវតែបន្តសកម្មភាពក្នុងការត្រួតពិនិត្យ ទៅលើលក្ខណៈបច្ចេកទេសយានយន្តជាប្រចាំ ប្រសិនបើមានការត្រួតពិនិត្យឃើញថា ខុសបច្ចេកទេស ត្រូវអនុវត្តតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ ជាពិសេស មន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវត្រួតពិនិត្យឲ្យបានហ្មត់ចត់នៅគ្រប់យានដ្ឋានជួសជុលយានយន្ត ព្រោះថាការកែច្នៃយានយន្តខុសបច្ចេកទេសនេះ គឺបាននាំឲ្យកើតមាននូវគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបាត់បង់អាយុជីវិត រងរបួស និងបាត់បង់ទ្រព្យសម្បត្តិ ថែមទៀតផង។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងថា គិតចាប់តាំងពីថ្ងៃទី ១០ ខែកុម្ភៈ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្ត បាន អនុវត្តជាប្រចាំលើដងផ្លូវសំខាន់ៗ ដោយត្រួតពិនិត្យទៅលើរថយន្តតូចធំ បានចំនួន ៥.២៦៦គ្រឿង ក្នុងនោះឃើញថា រថយន្តត្រឹមត្រូវ មានចំនួន២.១៧៣គ្រឿង រថយន្តត្រូវកាត់ទ្រុង ៧៦គ្រឿង រថយន្តត្រូវដោះចង្អើរកន្ទុយក្រោយ ២៨៧គ្រឿង ណែនាំដល់ រថយន្តដឹកសំពីងសំពោង ១.១១៩គ្រឿង ឃាត់បានរថយន្តដឹកលើសទម្ងន់ ២គ្រឿង និងរថយន្តពុំមានឯកសារគ្រប់គ្រាន់ ចំនួន១.១០៩គ្រឿង៕