ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងសុខាភិបាលប្រកាសបង្កើនវិធានការណ៍ប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយដែលកំពុងចរាចរណ៍នៅក្នុងប្រទេសកម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ទុយ សូលីដា៖​

ក្រសួងសុខាភិបាលប្រកាសបង្កើនវិធានការណ៍ប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព ដើម្បីទប់ស្កាត់នូវហានិភ័យសុខភាពដល់ប្រជាពលរដ្ឋកម្ពុជា ។រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជាបានអៈអាងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវយន្តការជាច្រើនចំនុច ដើម្បីធានាការគ្រប់គ្រង និងទប់ស្កាត់អោយបានមិនអោយមានការចរាចរណ៍នុវឱសថ ក្លែងក្លាយគ្មានគុណភាពនៅលើទីផ្សារប្រទេសកម្ពុជាឡើយ។

ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍នៅក្នុង ពិធីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រា រាជធានីភ្នំពេញថា ក្រសួងសុខាភិបាល បានសហការជាមួយ គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត របស់រាជរដ្ឋាភិបាលកម្ពុជា លើកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងឱសថអន់គុណភាពនៅក្នុងតំបន់ និងនៅក្នុងប្រទេស សំដៅរក្សាសុវត្ថិភាព នៃការប្រើប្រាស់ផលិតផលឱសថជូនប្រជាជន ។

ឯកឧត្ដមបន្តថា ក្រសួងសុខាភិបាលបាននិងកំពុងបន្តអនុវត្តយ៉ាងយកចិត្តទុកដាក់បំផុតនូវយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលនិងអនុវត្តនូវផែនការយុទ្ធសាស្រ្តសុខាភិបាល 2016 -2020 ព្រមទាំងផែនការអនុវត្តរួមគ្នារវាងក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងលុបបំបាត់ឱសថក្លែងក្លាយ និងអន់គុណភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដមបានបញ្ជាក់ថា ដើម្បីប្រយុទ្ធប្រឆំាងឱសថក្លែងក្លាយគ្មានគុណភាពរាជរដ្ឋាភិបាលមានយន្តការ សំខាន់រួមមាន៖ បង្កើតច្បាប់ស្តីពីការគ្រប់គ្រងឱសថ ការត្រួតពិនិត្យលើការផលិតក្នុងស្រុក ការនាំចូល និងចែកចាយឱសថ ការចុះត្រួតពិនិត្យជាប្រចាំនៅតាមឃ្លាំងឱសថ រោងចក្រផលិតឱសថ ឱសថស្ថាន ការចុះធ្វើការស្រាវជ្រាវ និងវិភាគគុណភាពផលិតផលឱសថលើទីផ្សារជាប្រចាំ ការបង្កើតមណ្ឌលព័ត៌មានឱសថកម្ពុជា ដែលជាសមាជិកពេញសិទ្ធិរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអង្គការសុខភាពពិភពលោក ការបង្រ្កាបកន្លែងផលិត និងស្តុកទុកគ្រឿងសម្អាងគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់។ បន្ថែមពីនេះទៀត ក្រសួងកំពុងតែខិតខំលុបបំបាត់ការលក់ផលិតផលតាម online ដែលមួយចំនួនជាផលិតផលគ្មានប្រភពច្បាស់លាស់ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល អាចបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋ និងពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ដើម្បីលុបបំបាត់ឱសថក្លែងក្លាយ និងអន់គុណភាព ។

សូមបញ្ជាក់ថា កន្លងមកនេះកម្ពុជាបានដុតកំទេចចោលនូវឱសថក្លែងក្លាយគ្មានគុណភាពដែលប្រមូល បានពីទីផ្សារជាច្រើនរយតោន ដើម្បីដោះស្រាយបញ្ហាសុខសុវត្ថិភាពផ្នែកសុខភាពរបស់ប្រជាពលរដ្ឋ។​