ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្លិបក្រសួងមហាផ្ទៃឈ្នះមេដាយច្រើនជាងគេពីការប្រកួតកីឡាហែលទឹកថ្នាក់ជាតិ ឆ្នាំ២០១៨

AKP ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ –ក្លិបក្រសួងមហាផ្ទៃបានឈ្នះមេដាយច្រើនជាងគេ ដោយឈរនៅចំណាត់ថ្នាក់លេខ១ មេដាយដណ្តើមបានមេដាយ១៧គ្រឿង នៅក្នុងព្រឹត្តិការណ៍កីឡាហែលទឹកជ្រើស រើសជើង ឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៨ កាលពីចុងសប្តាហ៍កន្លងទៅ នៅអាងហែលទឹកនៃពហុកីឡដ្ឋាន ជាតិ មរតកតេជោ។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានបង្ហាញលទ្ធផលរបស់ គណៈកម្មការ បច្ចេកទេសបានឱ្យដឹងថា ក្រសួងមហាផ្ទៃដែលឈ្នះមេដាយចំនួន១៧គ្រឿង ក្នុងនោះមានមេដាយមាស៨ គ្រឿង ប្រាក់៦គ្រឿង និងសំរឹទ្ធ ចំនួន៣គ្រឿង ឈរនៅចំណាត់ ថ្នាក់លេខ១ ខណៈលេខ២បានទៅលើក្លិប ក្រសួងសាធារណការ និងដឹកជញ្ជូន ដណ្តើម មេដាយ ២១គ្រឿង ក្នុងនោះមេដាយមាស៧គ្រឿង មេដាយប្រាក់ ៦គ្រឿង និងមេដាយ សំរឹទ្ធ៨គ្រឿង។ រីឯក្លិបនាគរាជខេត្តកំពង់ចាម ដណ្តើមមេដាយ១០គ្រឿង ក្នុងនោះមេដាយ មាសចំនួន៣គ្រឿងមេដាយប្រាក់ ៣គ្រឿង និងមេដាយសំរឹទ្ធ៤គ្រឿង, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដណ្តើម មេដាយ៨គ្រឿង ដោយដណ្តើមបាន មេដាយមាស១គ្រឿង ប្រាក់៣ និងសំរឹទ្ធ៤ និងក្លិបកីឡាហែលទឹកក្រសួង ព័ត៌មានទទួលបានមេដាយប្រាក់១គ្រឿង។

គួរបញ្ជាក់ថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែល ទឹកបានអញ្ជើញចូលរួមពិធីបំពាក់មេដាយជូនដល់កីឡាករកីឡាការិនីជ័យលាភី។ ព្រឹត្តិការ ណ៍នេះបានដំណើរការរយៈពេល៣ថ្ងៃ ដោយមានកីឡាករ-កីឡាការិនីចូលរួមសរុប១២០នាក់ មកពី៧ក្លិប ក្រោមការរៀបចំពីសហព័ន្ធខ្មែរកីឡាហែលទឹកសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា៕

ដោយ ហេង ណាលីន