ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងព័ត៌មានផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គី ប្រមូលបច្ច័យជួយកសាងវត្តចំនួនពីរ នៅខេត្តកំពង់ស្ពឺ និងនៅខេត្តកណ្តាល

AKP ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ –ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទេព រង្ស៊ី ព្រមទាំង បុត្រ រួមជាមួយថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងមន្ត្រីរាជការទាំងអស់ចំណុះក្រសួងព័ត៌មានបាន ផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គី ដើម្បីប្រមូលបច្ច័យជួយកសាងវត្តចំនួនពីរនៅ ខេត្តកំពង់ស្ពឺ និងនៅខេត្តកណ្តាល

បុណ្យកឋិននេះបានប្រារព្ធធ្វើឡើងកាលពីរសៀលថ្ងៃសៅរ៍ ១០រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ជួបជុំពុទ្ធបរិស័ទ ដើម្បីប្រារព្ធធ្វើកិច្ចនមស្ការព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា នៅក្នុងបរិវេណទីស្តីការក្រសួងព័ត៌មាន លុះដល់ព្រឹកថ្ងៃអាទិត្យ ១១រោច ខែអស្សុជ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ៦:០០ព្រឹក ជួបជុំពុទ្ធបរិស័ទទាំងអស់នៅទីស្តីការក្រសួងព័ត៌មាន ដង្ហែអង្គកឋិនទានឆ្ពោះ ទៅកាន់វត្តតេជះភ្នំស្រង់ ឃុំស្រង់ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីវេរប្រគេនត្រៃចីវរ ព្រមទាំងគ្រឿងបរិក្ខា និងបច្ច័យប្រគេនព្រះសង្ឃ។

ដោយឡែកអង្គកឋិនទានឆ្ពោះទៅវត្តថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល នៅថ្ងៃសៅរ៍ ៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ៦:០០ព្រឹក ជួបជុំពុទ្ធបរិស័ទទាំងអស់នៅទីស្តីការក្រសួងព័ត៌មាន ដង្ហែអង្គកឋិនទាន ដើម្បីនាំ យកត្រៃចីវរ ព្រមទាំងគ្រឿងបរិក្ខា និងបច្ច័យទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំ ព្រះវស្សា អស់កាលត្រីមាស នៅក្នុងពុទ្ធសីមា វត្តថ្មគរ ស្ថិតនៅស្រុកល្វាឯម ខេត្តកណ្តាលជាកិច្ច បង្ហើយបុណ្យ៕

ដោយ​ ប៉ាល់ សុង(រូបថត៖ ខឹម សុវណ្ណារ៉ា)