ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កងកម្លាំងមួកខៀវកម្ពុជាចំនួន២៨៩នាក់ ធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព

AKP ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ –កងកម្លាំងរក្សាសន្តិភាពកម្ពុជា ចំនួន២៨៩នាក់  បានធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេស កម្ពុជាវិញដោយសុវត្ថភាព នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ២០១៨នេះ បន្ទាប់ពីបញ្ចប់បេសក កម្មរបស់ អង្គការសហប្រជាជាតិ (UN) នៅប្រទេសអាហ្វ្រិកកណ្តាល និងស៊ូដង់ខាងត្បូង

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក Hubert Staber hofer អ្នកតំណាងនៃប្រព័ន្ធអង្គការសហប្រជាជាតិនៅកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីទទួលការមកដល់នៃកងទ័ពមួកខៀវកម្ពុជានេះ។

 សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍លើ​ក​ឡើងថា ក្រោមការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឱ្យកម្ពុជារីកមុខ រីកមាត់ នៅលើកឆាកអន្តរជាតិ និងតំបន់ ដែលខុសស្រឡះ ពីក្រុមមនុស្សមួយចំនួនដែលថ្មីនេះបាននាំគ្នាធ្វើព្យុះភ្លៀងនៅអង្គការសហប្រជាជាតិ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាធ្លាក់ចូលក្នុងភាពអន្តរាយ។ សម្តេចបញ្ជាក់ថា អង្គការសហប្រជាជាតិ និងប្រទេសកម្ពុជា តែងតែធ្វើការជាមួយគ្នាជានិច្ច ទោះស្ថិតនៅក្នុងកាលៈទេសៈ​ណាក៏ដោយ គឺកម្ពុជាតែងតែគាំទ្រនូវសំណូមពររបស់អង្គការសហប្រជាជាតិជានិច្ច ទៅតាមលទ្ធភាព និងសមត្ថភាពរបស់ខ្លួនមាន។ មិនតែប៉ុណ្ណោះអង្គការសហប្រជាតិ និងកម្ពុជា តែងតែគិតគូររៀបចំកម្លាំងរបស់ខ្លួន ដើម្បីចេញទៅចូលរួមប្រតិបត្តិការរក្សាសន្តិភាព នៅតាមបណ្តាប្រទេសមួយចំនួនក្នុងទ្វីបអាហ្វ្រិក និងតំបន់មជ្ឈបូព៌ាផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បន្ថែមថា បន្ទាប់ពីកម្ពុជា ទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញនៅក្នុងប្រទេស រាជរដ្ឋាភិបាលបានចូលចំណែកមួយចំនួន ដោយបានបញ្ជូនកម្លាំងរបស់ខ្លួនឱ្យចូលរួមប្រតិបត្តិការរក្សាសន្តិភាព នៅតាមបណ្តាប្រទេស នានា ដែលជួបនូវបញ្ហាសង្គ្រាម ដូច​ដែលកម្ពុជាធ្លាប់ជួបប្រទះកាលពីអតីតកាល ហើយកម្ពុជានឹងខំធ្វើយ៉ាងណាចូលរួមចំណែកជាមួយបណ្តាប្រទេសនានាលើសកលលោក ដើម្បីថែរក្សាសុខសន្តិភាព តាមអ្វីដែលកម្ពុជាអាចធ្វើទៅបាន។

ឆ្លៀតឱកាសនោះដែរ លោក Hubert Staberhofer បានថ្លែងថា ការរក្សាសន្ដិភាព អង្គការសហប្រជាជាតិ គឺជាការវិនិយោគ ក្នុងសន្ដិសុខសន្ដិភាព និងការរុងរឿងក្នុងសកល លោក។ នៅជុំវិញពិភពលោក កម្លាំងមួកខៀវ គឺជានិមិត្តដ៏ជាក់លាក់នៃការប្ដេជ្ញាចិត្តរបស់ រដ្ឋធម្មនុញ្ញ «គឺដើម្បីសង្គ្រោះមនុស្សជំនាន់ ក្រោយពីសង្គ្រោមរុំារ៉ៃ »

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌល ជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្ដិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម បានបង្ហាញថា ក្នុងរយៈពេល១២ឆ្នាំមកនេះ កម្ពុជាបានទទួលស្នាដៃដ៏ធំធេងជាច្រើនរួមមាន ការដោះមីន ការកម្ទេចគ្រាប់មិនទាន់ផ្ទុះ ការស្ថាបនាសំណង់ផ្ដេក-បញ្ឈរ ការជីកអណ្ដូងទឹក ស្អាត ដោយកម្ពុជាទទួលបានលំដាប់ល្អជាងគេ ក្នុងតំបន់បេសកកម្ម ដែលហានិភ័យខ្ពស់ ដែលប្រទេសមួយចំនួនមិនឆ្លើយតបទៅនឹងការស្នើសុំរបស់ អ.ស.ប៕

ដោយ ប៉ាល់ សុង