ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កម្ពុជាប្ដេជ្ញាបន្តបញ្ជូនកងកម្លាំងមួកខៀវ ដើម្បីរក្សាសន្ដិភាពលើកពិភពលោក

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជួន បូណា៖​

រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាបន្តបញ្ជូនកងកម្លាំងមួកខៀវកម្ពុជា ទៅចូលរួមជាមួយអង្គការសហប្រជាជាតិ ដើម្បីរក្សាបានសុខសន្តិភាពស្ថេរភាពនៅក្នុងតំបន់និងនៅលើពិភពលោក។

ក្នុងពិធីទទួលការមកដល់របស់កងរក្សាសន្តិភាពកម្ពុជា ក្រោមឆ័ត្រអង្គការសហប្រជាជាតិទាំងពីរកង នៅប្រទេសអាហ្វ្រិកកណ្តាល និងប្រទេសស៊ូដង់ខាងត្បូង នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកានេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវចក្ខុវិស័យរបស់ខ្លួន លើវិស័យរក្សាសន្ដិភាព ក្នុងគោលដៅធានានិរន្ដភាពការអភិវឌ្ឍថ្មី នៃការបញ្ជូនកងកម្លាំងរក្សាសន្ដិភាពនាពេលអនាគត សំដៅបន្ដវិភាគទានរួមចំណែកជាមួយសហគមអន្ដរជាតិ ក្នុងកិច្ចប្រឹងប្រែងស្វែងរកសន្ដិភាពជូនប្រទេសដ៍ទៃនៅលើពិភពលោកជាបន្ដទៀត។ សម្តេចពិជ័យសេនា បញ្ជាក់ថា ក្រសួងនឹងបង្កើនកងកម្លាំងជានារីសម្រាប់ធានានិរន្ដរភាពនៃការចូលរួមបំពេញបេសកកម្មរក្សាសន្ដិភាពរបស់អង្គការសហប្រជាតិ ដោយផ្ដោតសំខាន់ទៅលើសកម្មភាពក្នុងវិស័យមួយចំនួន ដែលកម្ពុជាមានលទ្ធភាពចូលរួម ព្រមទាំងខិតខំកែលម្អលើការងារគ្រប់គ្រង ពង្រឹងធនធានមនុស្សជាដើម។សំឡេង«គឺមួយចំណែកតូចរបស់យើងក្នុងការស្វែងរកសន្ដិភាពជូនប្រទេសដ៏ទៃ…បញ្ជូនបន្ដទៅទៀតដើម្បីបំពេញបេសកម្មជួយមនុស្សជាតិ និងជួយស្រុកដ៏ទៃអោយមានសុខសន្ដិភាពដូចប្រទេសកម្ពុជាដែរ។

លោក Hubert Staberhofer តំណាងអង្គការសហប្រជាជាតិនៅកម្ពុជា បានថ្លែងថា ការរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិគឺជាការ វិនិយោគផ្នែកសន្ដិសុខ សន្ដិភាព និងការរុងរឿងក្នុងសកលលោក។ លោកថា នៅជុំវិញពិភពលោក កម្លាំងមួកខៀវ គឺជានិមិត្តរូបដ៏ជាក់លាក់នៃការប្ដេជ្ញាចិត្តរបស់របស់រដ្ឋធម្មនុញ្ញ “គឺដើម្បីសង្គ្រោះមនុស្សជំនាន់ក្រោយពីសង្គ្រោមរុំាវៃ”។

សូមបញ្ជាក់ថា ក្នុងរយៈពេល១២ឆ្នាំមកនេះ កម្ពុជាបានទទួលស្នាដៃដ៏ធំធេងជាច្រើនក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ រួមមាន ការដោះមីន ការកំទេចគ្រាប់មិនទាន់ផ្ទុះ ការស្ថាបនាសំណង់ផ្ដេក-បញ្ឈរ ការជីកអណ្ដូងទឹកស្អាតជាដើម៕