ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គណៈប្រតិភូរាជធានីភ្នំពេញបន្តទស្សនាមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ក្នុងទីក្រុងប៉ារីស

AKP ​ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ –ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស នៅថ្ងៃចន្ទ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ គណៈប្រតិភូរដ្ឋបាល រាជធានីភ្នំពេញដឹកនាំដោយ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញ ទៅទស្សនាមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ (PC Lutece) នៃទីក្រុងប៉ារីស ដើម្បីទទួលបាននូវ ការសិក្សាឈ្វេងយល់ និងដកពិសោធន៍ទាំងច្បាប់ចរាចរណ៍ទាំងការធ្វើដំណើររបស់ប្រជា ពលរដ្ឋនៅទីក្រុងប៉ារីសមកអនុវត្ដន៍ និងការគ្រប់គ្រងចរាចរណនៅរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង បានថ្លែងថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ កំពុងសហការជាមួយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ក្នុងការដំឡើងមជ្ឈ មណ្ឌលគ្រប់គ្រងចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ដែលស្ថិតក្នុងអាគាររដ្ឋបាលរាជធានីភ្នំពេញ។

ឯកឧត្ដម  ឃួង ស្រេង បានលើកឡើងដែរថា រាជធានីភ្នំពេញស្វាគមន៍ ចំពោះការជួយ ឧបត្ថម្ភពីទីក្រុងប៉ារីស ជាពិសេសលើការកែលម្អប្រព័ន្ធចរាចរណ៍ឱ្យកាន់តែប្រសើរឡើង យើងស្វាគមន៍គ្រប់ដៃគូអភិវឌ្ឍន៍

ឯកឧត្ដមបានបន្តថា ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ យើងនឹងបន្តពង្រឹង បន្ថែមនូវ កិច្ចសហការគាំទ្រ សម្របសម្រួល និងគាំពារផលប្រយោជន៍ ស្របច្បាប់ដល់ក្រុមហ៊ុន បារាំងទាំងអស់ ដែលបានមកវិនិយោគ នៅរាជធានីភ្នំពេញ ដើម្បីឱ្យការវិនិយោគ ប្រព្រឹត្តទៅបានងាយស្រួល និងឆាប់រហ័ស។ យើងជឿជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋា ភិបាលបច្ចុប្បន្ន កម្ពុជានឹងបន្តសម្រេច បាននូវកំណើនសេដ្ឋកិច្ចដោយរក្សាបាននូវស្ថិរភាព និងសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍផ្នែកវិនិយោគ និងពាណិជ្ជកម្ម។

រាជធានីភ្នំពេញគឺជាសមាជិករបស់សមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ ភាសាបារាំង (AIMF)ហើយ ឯកឧត្ដម ឃួង ស្រេង នឹងក្លាយជាសមាជិកអចិន្ត្រៃយ៍ របស់សមាគមក្នុងអាណត្តិ ជាអភិបាលរាជធានីភ្នំពេញ ដែលជាទីក្រុងតែមួយគត់នៅអាស៊ី បានក្លាយជាសមជិកអចិន្ត្រៃយ៍របស់AIMF។   ក្នុងកិច្ចប្រជុំលើកទី៣៨ របស់ AIMF គណៈប្រតិភូរាជធានីភ្នំពេញនឹងចែករំលែកបទពិសោធន៍ នៃការអភិវឌ្ឍទីក្រុង ជាមួយនឹង ទីក្រុង២ផ្សេងទៀត គឺទីក្រុងគីហ្កាលី របស់ប្រទេសរវ៉ាន់ដា និងទីក្រុងទុយនីស របស់ប្រទេសទុយនីស៊ី ដែលទីក្រុងទាំង៣ សុទ្ធតែបានឆ្លងកាត់ និងរងនូវអំពើឃោឃៅ កាប់សម្លាប់យ៉ាងរង្គាល ពីរបបនយោបាយប្រល័យពូជសាសន៍ដូចគ្នា។ ចំពោះប្រធានបទ ដែលត្រូវលើកយកមកដាក់ក្នុងកិច្ចប្រជុំលើកទី៣៨របស់ AIMFឆ្នាំនេះ គឺ៖ កីឡា និងការអភិវឌ្ឍលើដែនដី នៃសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង

សូមបញ្ជាក់ថា     គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវបាន អញ្ជើញចាកចេញពីរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០១៨ ក្នុងដំណើរឆ្ពោះទៅ បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស ប្រទេសបារាំង និងចូលរួមមហាសន្និបាតលើកទី៣៨ របស់សមាគម អន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសា បារាំង (AIMF) ចាប់ពីថ្ងៃទីដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨៕  

ដោយ សួស សំរិត