ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កងកម្លាំងមួកខៀវកម្ពុជាជិត៣០០នាក់ បានវិលមកដល់មាតុភូមិវិញដោយសុវត្ថិភាព

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជួន បូណា៖​

កងកម្លាំងមួកខៀវកម្ពុជាជិត៣០០នាក់ បានវិលមកដល់មាតុភូមិវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ការបំពេញបេសកកម្មជាកងរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិនៅប្រទេសអាហ្វ្រិកកណ្តាល និងប្រទេសស៊ូដង់ខាងត្បូង រយៈពេលមួយឆ្នាំ។

ការមាតុភូមិនិវត្តន៍របស់កងរក្សាសន្តិភាពរបស់កម្ពុជានេះ មានកងវិស្វកម្មចំនួន២១៦នាក់ និងកងរាជអាវុធហត្ថចំនួន៧៣នាក់។

ថ្លែងក្នុងពិធីទទួលការមកដល់របស់កងរក្សាសន្តិភាពកម្ពុជាទាំងពីរប្រទេស ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកានេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ មានប្រសាសន៍ថា ការបំពេញបេសកកម្មរយៈពេល១ឆ្នាំនៅរបស់កងកម្លាំងមួកខៀវកម្ពុជានេះ បានសម្រេចលើសមិទ្ធផលជាច្រើន ដើម្បីបុព្វហេតុជាតិមាតុភូមិ និងមនុស្សធម៌នៅលើពិភពលោក។

សម្តេចពិជ័យសេនា បានបញ្ជាក់ថា ការបំពេញភារកិច្ចបេសកកម្មរក្សាសន្តិភាពរបស់កងកម្លាំងមួកខៀវកម្ពុជានៅប្រទេសអាហ្វ្រិកកណ្តាល និងប្រទេសស៊ូដង់ខាងត្បូង គឺបានរួមចំណែកក្នុងការចូលរួមជាមួយអង្គការសហប្រជាជាតិ ដើម្បីរក្សានូវសន្តិភាពស្ថេរភាពនៅក្នុងតំបន់និងនៅលើពិភពលោក។

លោក អ៊ូបឺត ស្ដាបឺអូហ្វើ តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានសម្តែងការដឹងគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ក្នុងការជួយបង្កើតឲ្យមានសន្ដិភាព សម្រាប់បណ្ដាប្រទេសផ្សេងៗ និងអបអរសាទរចំពោះកងកម្លាំងរក្សាសន្ដិភាពរបស់កងយោធពលខេមរភូមិន្ទ ដែលបានសម្រេចជោគជ័យជាប្រវត្ដិសាស្រ្ដរបស់ខ្លួនជាបន្ដបន្ទាប់។ លោកបានកើតសរសើចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការតាំងចិត្ដផ្ដល់ជំនួយមនុស្សធម៌ដល់បណ្ដាប្រទេសនានា និងបានចែករំលែកជំនាញ និងបទពិសោធន៍ជូនប្រទេសដែលរងដោយជម្លោះ និងអស្ថេរភាព ពិសេសរួមចំណែកក្នុងការជួយសង្គ្រោះអាយុជីវិតដ៍ច្រើននៅក្នុងពិភពលោក។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវចក្ខុវិស័យលើការរក្សាសន្ដិភាព ក្នុងគោលដៅធានានិរន្ដភាពការអភិវឌ្ឍថ្មីៗ នៃការបញ្ជូនកងកម្លាំងរក្សាសន្ដិភាពនាពេលអនាគត សំដៅបន្ដវិភាគទានរួមចំណែកជាមួយសហគមអន្ដរជាតិ ក្នុងកិច្ចប្រឹងប្រែងស្វែងរកសន្ដិភាពជូនប្រទេសដទៃនៅលើពិភពលោកជាបន្ដទៀត៕