ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ភ្ញៀវទេសចរជាង ៣.០០០នាក់ មកទស្សនកិច្ចខេត្តព្រះសីហនុ តាមច្រកកំពង់ផែសមុទ្រក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ –មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុបានឱ្យថាដឹងថា នៅព្រឹកថ្ងៃចន្ទ ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះនាវាទេសចណ៍បរទេសមួយគ្រឿងឈ្មោះ COSTA FORTUNA នាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជាង ៣.០០០នាក់ ចូលចតប្រកបដោយសុវត្ថិភាព នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចរយៈពេលមួយថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា មុននឹងចាកចេញទៅកាន់ប្រទេសវៀតណាម ។ 

   

នាវាទេសចរណ៍ COSTA FORTUNA  មានសញ្ជាតិ ITALY មានបណ្តោយប្រវែង ២៧២,១៥ម៉ែត្រ ទទឹង ៣៥,៥០ម៉ែត្រ ជម្រៅទឹក ៨ម៉ែត្រ បានធ្វើដំណើរចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង៨ ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នាវានេះមានគម្រោងចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង ៦ល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ។ ក្នុងចំណោមជាង ៣.០០០នាក់ មានភ្ញៀវទេស ចរចំនួន ២.៣២៥នាក់ ស្រី១.៤១០នាក់ មាន២១សញ្ជាតិ និងមាននាវិកសរុបចំនួន ៩១២នាក់ ស្រី ១៩៤នាក់ មាន២៩សញ្ជាតិ ។ ក្នុងនោះភ្ញៀវដែលមានសញ្ជាតិច្រើនជាងគេមានដូចជា ថៃចំនួន ២.១៣៣នាក់ និងមានភ្ញៀវទេសចរ សញ្ជាតិផ្សេងៗទៀត ។ 

  

នៅចុងឆ្នាំ២០១៨នេះ មាននាវាទេសចរណ៍បរទេសប្រភេទយក្ស បាននាំភ្ញៀវទេសចរបរទេសចូលចតធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុជាបន្តបន្ទាប់ ដោយសារតែកំពង់ផែក្រុងព្រះសីហនុ ត្រូវបានធ្វើការពង្រីកសម្រាប់ឱ្យនាវាធុនធំ ធុនធ្ងន់ចូលចតបាន ។

សូមរម្លឹកថា កាលពីថ្ងៃ១ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ ក៏មាននាវាទេសចរណ៍ COSTA FORTUNA បាននាំភ្ញៀវទេសចរបរទេសជាង ៤.០០០នាក់ ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ផងដែរ 

ដោយងូ សុមុនី