ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីទិវាអន្តរជាតិរម្លឹកដល់ជនរងគ្រោះ ថ្នាក់ចរាចរណ៍ផ្លូវគោគលើកទី១៣នៅខេត្តពោធិ៍សាត់

AKP ពោធិសាត់ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ –សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីភាពដ៏ខ្ពងខ្ពស់ក្នុងពិធីទិវាអន្តរជាតិ រម្លឹកដល់ជនរងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើក ទី១៣ ដែលបានប្រារព្ធធ្វើស្ថិតបណ្ដោយតាមផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៩១-១៩២ ក្នុងភូមិស្វាយអាត់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ កាលពីព្រឹកថ្ងៃសៅរ៍  ១០រោច ខែអស្សុជ ​ឆ្នាំច សំរឺទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលមានអ្នកចូលរួម .៥០០នាក់។ 

 បន្ទាប់ពីចំណាប់អារម្មណ៍ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នោះរួចមក ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភបាលខេត្តនិងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា ក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើងចំនួន៦៨លើក បណ្តាលឱ្យមនុស្សស្លាប់ ៧៥នាក់ កើនឡើង១៨នាក់ របួស៦៨នាក់ ថយចុះ ១២៩នាក់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧។ ករណីនេះបណ្តាលមកពីកត្តាបីជាសំខាន់ គឺ១- កត្តាមនុស្ស មិនគោរពច្បាប់ចរាចរ ណ៍ ល្បឿនលឿន ធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ខ្វះការអព្យាស្រ័យ និង បើកបរមានជាតិស្រវឹង។ ២-កត្តាយានជំនិះម្ចាស់យានយន្តមិនបានធ្វើការថែទាំ ត្រួតពិនិត្យ លក្ខណបច្ចេក ទេស ដូចជាហ្វ្រាំង កង់ និងភ្លើង ជាដើម។៣-កត្តាផ្លូវ ដោយសារហេដ្ឋារចនាសម្ពន្ធ័ផ្លូវ ស្ពាន លូ មិនទាន់មានលក្ខណសមស្របទៅនឹងការកើនឡើងនៃចំនួនយានយន្ត និងផ្លាកសញ្ញា ចរាចរណ៍មិនទាន់គ្រប់គ្រាន់។ ក្នុងនាមអាជ្ញាធរខេត្តនឹងបន្តកិច្ចសហប្រិបត្តិការ ចូលរួមអនុវត្តន៍ច្បាប់ និងបទបញ្ញត្តិ សំដៅប្រែក្លាយផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ទៅជាសកម្មភាពជាក់ស្តែង និងសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា និងជួយថែទាំកែលម្អបរិស្ថានផ្លូវថ្នល់ មិនត្រូវ  បណ្តែតបណ្តោយក្មេងៗ និងលែងសត្វពាហនៈនៅលើផ្លូវនោះឡើយ។

 ថ្លែងក្នុងឱកាសនោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចាត់ទុកថា ទិវានេះមិនត្រឹមតែរម្លឹកដល់វិញ្ញាណក្ខន្ធ ជនរងគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះទេ គឺថែមទាំងជួយពញ្ញាក់ស្មារតីប្រជាជនគ្រប់ៗ រូបឱ្យយល់ដឹងអំពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍នោះផងដែរ។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានសព្វថ្ងៃ គឺបណ្តាលមកពីបើកបរធ្វេសប្រហែស មិនគោរពច្បាប់ ហួសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព និងស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដើម។ តាមរយៈនៃទិវានេះគឺជួយជំរុញនិងលើកទឹកចិត្តដល់គ្រប់មជ្ឈដ្ឋានជាតិ អន្តរ ជាតិ ទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ឱ្យនៅកម្រិតទាប ដែលជាបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលកម្ពុជា និងរបស់អង្គការសហប្រជាជាតិ ដោយកំណត់យកថ្ងៃអាទិត្យសប្តាហ៍ទី៣នៃខែវិច្ឆិកាជារៀងរាល់ឆ្នាំ សម្រាប់ពិភពលោកទាំងមូល ចូលរួមរំលែកទុក្ខលំបាកនៃគ្រួសារសាច់ញាតិរបស់ជនរងគ្រោះ ក៏ដូចជួយដាស់តឿនដល់មនុស្សជាតិឱ្យខិតខំធ្វើយ៉ាងណាបញ្ចៀសនូវបញ្ហាសោកសៅនេះ។

សម្តេចក្រឡាហោមបានថ្លែងទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានគាំទ្រនិងបង្កើតឱ្យមានទិវានេះចាប់តាំងពីឆ្នាំ២០០៦ នៅទីតាំងដែលមានគ្រោះថ្នាក់ញឹកញាប់បណ្តាលឱ្យមានអ្នក ស្លាប់ និងរបួសច្រើនជាក់ស្តែងដូចនៅទីនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់គិតគូសុខទុក្ខរបស់ប្រជាពលរដ្ឋ។ សម្តេចសូមអំពាវនាវដល់ពលរដ្ឋទូទាំងប្រទេសនិងដោយឡែកនៅខេត្តពោធិ៍សាត់ មេត្តាអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន នូវវិធានការនានាដែលបានចែងក្នុងច្បាប់ចរាចរណ៍ផ្លូវគោក និងបានថ្លែងនូវអំណរគុណចំពោះឯកឧត្តម អូណាក់យ៉ុង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា និងលោក ដេវិត ណាត់មែន អគ្គនាយកក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលបានផ្តល់នូវរនាំងសុវត្តិភាពចំនួន ២០០សម្រាប់សាលារៀនចំនួន៥០ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ និងលេខ៦ និងមួកសុវត្ថិភាពចំនួន១.៥០០សម្រាប់អ្នកចូលរួមព្រមទាំងបាន បង្សុកូលរាប់បាតដល់ព្រះសង្ឃឧទ្ទិសជូនដល់ជនរងគ្រោះដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នោះផងដែរ៕ 

ដោយ ណៅ ធឿន