ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តបណ្ឌិត ងួន ញ៉ិល អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រណាំងទូកនៅខេត្តកំពង់ធំ

AKP កំពង់ធំ ថ្ងៃទី០ ខែវិច្ឆិកា ឆ្នាំ២០១៨ –ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំបានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រណាំងទូកនៅខេត្តកំពង់ធំ និងបានប្រគល់រង្វាន់ដល់កីឡាករទូកដែលទទួលបានជ័យលាភីកាលពីរសៀលថ្ងៃអាទិត្យ ១១រោច ខែអស្សុជឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨។ ការប្រណាំងទូកបានប្រព្រឹត្តទៅអស់រយៈពេលពីរថ្ងៃគឺពីថ្ងៃទី០៣-០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមដងស្ទឹងសែន ដែលមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវសមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា សមាជិករាជរដ្ឋាភិបាលព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជកាកងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ អាជីវករអង្គការសង្គមស៊ីវិល និងភ្ញៀវទេសចរជាតិ អន្តរជាតិយ៉ាងច្រើនកុះករ  

ឯកឧត្តម សុខ លូ បានធ្វើរបាយការណ៍សង្ខេបអំពីលទ្ធផលនៃការប្រណាំងទូកនេះដែលមានទូកចូលរួមប្រប្រណាំងចំនួន ៤២ទូក ជាលទ្ធផលទូកដែលទទួលបានចំណាត់ថ្នាក់លេខ០១ ចំនួន៨ទូក ក្នុងនោះ ទូកខ្នាតវែងលេខ១ចំនួន១ទូក លេខ២ចំនួន១ទូក និងលេខ៣ចំនួន១ទូក។ទូកអុំបុរសជាប់ចំណាត់ថ្នាក់លេខ១ចំនួន១ទូក និងចំណាត់ថ្នាក់លេខ២ចំនួន១ ទូក។ ទូកខ្នាតអន្តរជាតិជាប់ចំណាត់ថ្នាក់លេខ១ចំនួន១ទូក ចំណាត់ថ្នាក់លេខ២ចំនួន៣ចំណាត់ថ្នាក់លេខ៣ចំនួន៣ទូក និងទូកផ្កាចារជាប់ចំណាត់ថ្នាក់លេខ១ចំនួន៤ទូក ចំណាត់ថ្នាក់លេខ២ចំនួន៣ទូក និងចំណាត់ថ្នាក់លេខ៣ចំនួន៣ទូក។

មានប្រសាសន៍្នុងឱកាសនោះឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានលើកឡើងថា ការរៀប ចំពិធីប្រណាំទូកនេះប្រព្រឹត្តទៅបានអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាពក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បញ្ជាក់ថា ពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ធ្វើឡើងដើម្បីរម្លឹក និងគោរពដឹងគុណដល់វីរភាពនៃបុព្វបុរសទាហានជើងទឹកជំនាន់ដើមដែលបានពលីក្នុងការធ្វើសឹកសង្គ្រាមតាមផ្លូវទឹកដើម្បីកម្ចាត់ពួកសត្រូវឈ្លានពានការពារប្រទេសជាតិ។ ម្យ៉ាងទៀតដើម្បីអបអរពិធីបុណ្យចេញព្រះវស្សា និងដើម្បីបង្កភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋក្នុងខេត្តផងដែរ។ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានផ្ដាំផ្ញើដល់កីឡាករទូកទាំងអស់ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់បន្តទៀតដើម្បីត្រៀមចូលរួមប្រណាំទូកនៅរាជធានីភ្នំពេញពីថ្ងៃទី២១-២២និងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ៕

ដោយ ស៊ុម វណ្ណា