ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើឱ្យបណ្ដាប្រទេសនានាចូលរួមពង្រីកវិសាលភាពក្នុងការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ —

​ក្នុងខណៈដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងការសន្និសីទតំបន់ស្ដីអំពីការប្រយុទ្ធ​ប្រឆាំ​ង​​ឱសថក្លែងក្លាយ ដែលមានការចូលរួមពីបណ្ដាប្រទេសជាច្រើន ពិសេសប្រទេសមេគង្គ នា​ថ្ងៃទី៥ និងទី៦ ខែវិច្ឆិកាឆ្នាំ២០១៨នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គ​មហា​សេ​នា​ប​តី​តេ​ជោ ហ៊ុន សែន បានស្នើឱ្យបណ្ដាប្រទេសធំៗមួយចំនួនទៀតចូលរួមគាំទ្រ និងពង្រីក​វិ​សា​ល​​ភាពក្នុងការប្រយុទ្ធប្រឆាំង និងឱសថក្លែងក្លាយឱ្យកាន់តែមានកាន់តែមានប្រសិទ្ធិភាព។

​ឯកឧត្ដម ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានថ្លែង​ដូច្នេះ​ប្រា​ប់​អ្នក​យក​ព័ត៌​មា​ន ប​ន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា​ជា​ណា​ចក្រ​កម្ពុ​ជា បានអនុញ្ញាតឱ្យ ឯកឧត្ដមឯកអគ្គរដ្ឋទូត Jean David Levitte ប្រធានក្រុមប្រឹក្សា​ភិ​បា​ល​វិទ្យា​ស្ថានស្រាវជ្រាវប្រឆាំងឱសថក្លែងក្លាយ ចូលជួបពិភាក្សាការងារ នារសៀលថ្ងៃអាទិត្យ​១១​រោ​ច​ ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវិមាន​សន្តិ​ភា​ព។

ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងថា ឯកឧត្តម Jean David Levitte ត្រូ​វ​បានអញ្ជើញមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមក្នុងសន្និសីទតំបន់ស្ដីអំពីការប្រយុទ្ធ​ប្រឆាំ​ង​​ឱសថក្លែងក្លាយដែលជាកិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំង និងកម្ពុជាក្នុងការទប់ស្កាត់​ឱ​សថក្លែងក្លាយ។ ក្នុងជំនួបនេះ សម្ដេចតេជោ​ នាយករដ្ឋមន្ត្រីបានសម្ដែងនូវក្តីរីករាយដែល​បា​ន​ជួបជាមួយឯកឧត្តម Jean David Levitte សារជាថ្មីទៀតបន្ទាប់ពីជំនួបកាលពីពេលមុន​កា​ល​ពី​អំឡុងខែតុលា ឆ្នាំ២០១១ ដែលពេលនោះដែលសម្ដេចតេជោ និងឯកឧត្តមបានឯកភាព​គ្នា​ក្នុង​ការសហការរៀបចំឲ្យមានសន្និសីទតំបន់ស្ដីអំពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ។

សម្ដេ​ច​តេជោនាយករដ្ឋមន្ត្រី បានថ្លែងនូវការអរគុណដល់​ ឯកឧត្តមដែល​បានជ្រើសរើសកម្ពុជា​ធ្វើ​ជា​ទីតាំងសម្រាប់ការធ្វើសន្និសីទប្រចាំតំបន់នេះ។​សម្តេចតេជោ​មានប្រសាសន៍ថា​តាមរយៈ​ស​ន្និ​សីទតំបន់នេះ មានការចូលរួមពីបណ្ដាប្រទេសនៅក្នុងតំបន់ជាពិសេសប្រទេសក្នុ​ង​តំបន់​មេ​​​គ​​ង្គ ដូចជាកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម និងចិនផងដែរ ព្រមទាំងមានអង្គការ​អន្តរ​​ជាតិ​ជាង​២០ផ្សេងៗទៀតដែលបានចូលរួមក្នុងសន្និសីទតំបន់ស្ដីអំពីការប្រយុទ្ធ​ប្រឆាំងឱសថ​ក្លែង​ក្លាយដែលធ្វើឡើងនៅថ្ងៃស្អែកនេះ។ សម្ដេចបានមានប្រសាសន៍បញ្ជាក់ថា ឱសថក្លែង​ក្លា​យ​គឺ​ជាឃាតករលាក់មុខមួយ ដែលប្រជាពលរដ្ឋមួយចំនួនមិនបានដឹង ហើយកំពុងតែប្រឈម​មុខ​នឹងគ្រោះថ្នាក់ផងដែរ។​ សម្ដេចតេជោបានមានប្រសាសន៍ថា ប្រទេសកំពុង​អភិវឌ្ឍទាំ​ង​អ​ស់​​​តែងតែជួបប្រទះនូវបញ្ហានេះទាំងអស់ ហើយសម្តេចសង្ឃឹមថា តាមរយៈសេចក្តីថ្លែង​ការ​ណ៍​​​ទីក្រុងភ្នំពេញដែលនឹងចេញបន្ទាប់ពីសន្និសីទនៅថ្ងៃស្អែកនេះ នឹងមានការចាប់អារម្មណ៍​ពី​ប​ណ្ដាប្រទេសផ្សេងៗទៀត។

​ឯកឧត្តម Jean David Levitte បានសម្ដែងនូវការរីករាយដែលបានជួបសម្ដេចតេជោ​ សា​រ​ជាថ្មី ហើយបានរំម្លឹកពីអនុស្សាវរីយ៍ ដែលឯកឧត្តមបានចូលរួម​ក្នុងការចរចារ​ស្វែងរក​សន្តិ​ភា​ពនៅប្រទេសបារាំង ដែលក្នុងនោះបារាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រប​ស​ម្រួលស្វែងរកសន្តិភាពនៅកម្ពុជាផងដែរ។

ឯកឧត្តមបន្តថា ពេលដែលឯកឧត្តមបាន​ចុះ​ពី​ព្រ​លាន​យន្តហោះមក គឺមានការរំភើបដែលឃើញប្រទេសកម្ពុជា​មានការអភិវឌ្ឍរីក​ចម្រើនយ៉ាង​ឆាប់​រហ័សក្រោមការដឹកនាំរបស់សម្ដេចតេជោ ជានាយករដ្ឋមន្ត្រី។ ឯកឧត្តម Jean David Levitte មានជំនឿចិត្តថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ​ ក្នុងគំនិតផ្ដួចផ្ដើម​ក្នុងការ​បង្កើ​ត​​ឲ្យមានសន្និសីទតំបន់នេះឡើង ពិតជាមានសារ:សំខាន់សម្រាប់សុខភាពប្រជាជន ពីព្រោះ​ឱ​ស​ថ​ក្លែងក្លាយនេះ វាប៉ះពាល់ដល់ប្រជាជនយ៉ាងច្រើន ជាពិសេសប្រជាជននៅ​តាមទីជនបទ​ដែល​ប្រើប្រាស់ឱសថក្លែងក្លាយនោះ។

ឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោ​ថា គណៈកម្ម​ការ​រៀបចំសន្និសីទ និងក្រុមការងារបានត្រួតពិនិត្យពិ​ចារណាទៅលើ​សេចក្តី​ប្រកាសពី​ក្រុង​ភ្នំ​ពេ​ញ និងការអនុវត្តទៅមុខទៀត ថាតើធ្វើយ៉ាងណាដើម្បីទប់ស្កាត់បង្ការការ​ពារប្រយុទ្ធប្រឆាំង​នឹ​ង​​ឱសថក្លែងក្លាយនេះឱ្យមានប្រសិទ្ធភាព។ ឯកឧត្តមក៏បានលើកឡើងដែងថា បន្ទាប់ពី​សន្និ​សីទ​​នេះទៅ នឹងត្រូវរៀបចំឱ្យមានសន្និសីទតំបន់ ហើយមិនត្រឹមតែតំបន់មេគង្គទេ​គឺអាចតំបន់​អាស៊ា​ន​ទាំងមូលផងដែរ នៅក្នុងការទប់ស្កាត់ឱសថក្លែងក្លាយនេះ។ ឯកឧត្តម ក៏បានអបអរ​សា​ទរ​ផងដែរចំពោះកម្ពុជាដែលទទួលរៀបចំជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនៅឆ្នាំ​២​០​​២០ ខាងមុខ៕

ដោយ ជឹម ណារី