ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចក្រឡាហោម ស ខេង៖ រយៈពេល៩ខែ ឆ្នាំ២០១៨នេះ គ្រោះថ្នាក់ចរាចរណ៍បានកាត់​បន្ថយអ្នកស្លាប់៤៤នាក់ និងអ្នករបួស៧៩៥នាក់ បើធៀបនឹង​ឆ្នាំ២០១៧

AKP ពោធិ៍សាត់ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ –សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានលើកឡើងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៨នេះ បើធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ គឺបានកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចំនួន៣៥៣លើក ស្មើនឹង១៣ភាគរយ​ កាត់បន្ថយអ្នកស្លាប់ ចំនួន៤៤នាក់ ស្មើ៣ភាគរយ និងកាត់បន្ថយអ្នករបួសបានចំនួន៧៩៥នាក់ ស្មើ១៩ភាគរយ។

ថ្លែងនៅក្នុងពិធីប្រារព្ធទិវាអន្ដរជាតិរម្លឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៣ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅស្រុកបាកាន ខេត្ដពោធិ៍សាត់ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា​ការថយចុះករណីគ្រោះថ្នាក់ ចរាចរណ៍ នេះ បង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋបានចូលរួមគោរពច្បាប់ ដោយបានកែប្រែឥរិយាបថ  បើកបរដោយប្រុងប្រយ័ត្ន រក្សាសណ្ដាប់ធ្នាប់ និងមានការយោគយល់ អធ្យាស្រ័យគ្នាប្រសើរ ឡើងជាលំដាប់ គួរឱ្យកោតសរសើរ។ សម្ដេចក្រឡាហោមក៏បានកោតសរសើរចំពោះមន្រ្ដីអនុវត្ដន៍ច្បាប់ ក្រសួង ស្ថាប័នពាក់ព័ន្ធនានាដែលបានខិតខំបំពេញភារកិច្ចមិនខ្លាចនឿយហត់ ក្នុងការផ្សព្វផ្សាយអប់រំច្បាប់ ការរឹតបន្ដឹងការអនុវត្ដច្បាប់ ការធ្វើវិស្វកម្មផ្លូវថ្នល់ និងការសង្គ្រោះជន​រងគ្រោះ។ សម្ដេចក្រឡាហោមបានបន្ដថា តាមរយៈវិធានការទាំងនេះបាននាំមកនូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចំនួនអ្នកស្លាប់ និងអ្នករបួសឱ្យធ្លាក់ចុះជាបន្ដបន្ទាប់ទៀត ជាពិសេសត្រូវបន្ដជំរុញការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យបានសកម្ម កាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។

សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា ការៀបចំទិវានេះមិនត្រឹមតែរម្លឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះទេប៉ុន្ដែថែមទាំងសំដៅជួយញញាក់អារម្មណ៍ប្រជាពលរដ្ឋគ្រប់រូបឱ្យយល់ដឹងពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលមកពីការបើកបរធ្វេសប្រហែស មិនគោរពច្បាប់ ដូចជាការបើកបរហួសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព ការបត់ ឬជែងទាំងប្រថុយប្រថាន បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ការដឹកលើទម្ងន់កំណត់ ការបើកបរមិនពាក់មួកសុវត្ថិភាព ឬមិនពាក់ខ្សែក្រវាត់សុវត្ថិភាពជាដើម។ សម្ដេចក្រឡាហោមបានបន្ដថា​ ទិវានេះ ក៏បានជួយជំរុញ ​និងលើកទឹកចិត្ដឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ អន្ដរជាតិ ដើម្បីទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាប ដែលរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិបានកំណត់យកថ្ងៃសប្ដាហ៍ទី៣នៃខែវិច្ឆិកាជារៀងរាល់ឆ្នាំសម្រាប់ពិភពលោកទាំងមូល ដើម្បីចូលរួមចែករំលែកទុក្ខលំបាកនៃគ្រួសារ សាច់ញ្ញាតិរបស់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ និងរម្លឹកដាស់តឿនដល់មនុស្សជាតិ ឱ្យខិតខំធ្វើយ៉ាងណាបញ្ចៀសនូវបញ្ហាសោកសៅនេះ។

ជាមួយគ្នានេះ ទិវាអន្ដរជាតិរម្លឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាគាំទ្រ និងរៀបចំធ្វើចាប់តាំងពីឆ្នាំ២០០៦មក ហើយក្នុងឆ្នាំ២០១៨នេះគឺជាលើកទី១៣ ដែលគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរៀបចំធ្វើទៅតាមទីតាំងដែលមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ បណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។ សម្ដេចក្រឡាហោមបានបន្ថែមទៀតថា ការរៀបចំរម្លឹកនេះ បង្ហាញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងរម្លឹកវិញ្ញាណក្ខន្ធជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាជារៀងរាល់ឆ្នាំក្នុងឆន្ទៈចូលរួមយ៉ាងសកម្មជាមួយចលនារបស់ពិភពលោក ក្នុងការទប់ស្កាត់កាត់បន្ថយចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតទាបពីមួយឆ្នាំទៅមួយឆ្នាំ៕

ដោយ អ៊ុន រិទ្ធី