ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មន្រ្តីជាន់ខ្ពស់​ចិន សន្យាជួយជំរុញភ្ញៀវទេសចរ និងអ្នកវិនិយោគិនចិនឱ្យមកកម្សាន្ត និង វិនិយោគនៅខេត្តសៀមរាបឱ្យកាន់តែច្រើនបន្ថែមទៀត

AKP សៀមរាប ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ –ក្នុងឱកាសជួបពិភាក្សាការងារ និងទទួលទានអាហារជាមួយឯក​ឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប​ កាលពីល្ងាចថ្ងៃទី០៣ ខែវិច្ឆិកាឆ្នាំ២០១៨នេះ ឯកឧត្តម ចាង ឈុនស៊ាន (Zhang Chunxian)អនុប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេស បានមានប្រសាសន៍ ថា នៅក្នុងដំណើរបំពេញ​ទស្សនកិច្ច​នៅ​ខេត្ត​សៀមរាប​នេះ ឯក​ឧត្តម​បាន​ទៅ​ទស្សនាប្រាសាទ​អង្គរវត្ត និងទិដ្ឋភាព​នៃខេត្តសៀមរាប ឃើញ​ថា នៅ​ខេត្ត​សៀមរាប​នេះ​ ពិតជាមាន​សក្តានុ ពលទេសចរណ៍ច្រើនដែលធ្វើឱ្យអ្នកទេសចរចង់មកកម្សាន្តមែន ជាពិសេសប្រាសាទបុរាណ ដ៏អស្ចារ្យ និងរមណីយដ្ឋានធម្មជាតិជាច្រើន។ ឯក​ឧត្តមបាន​បញ្ជាក់ថា នៅ​ពេល​ដែល​ឯក​ឧត្តម​ត្រឡប់​ទៅ​ដល់​ប្រទេសចិន​វិញ​ ឯក​ឧត្តម​នឹង​ជួយផ្សព្វផ្សាយ

ទៅកាន់ប្រជាជនចិនពី សក្តានុពលទេសចរណ៍ទំាងនេះ និងជំរុញ​ឱ្យពួកគេមកកម្សាន្ត និងធ្វើការវិនិយោគនៅ ខេត្តសៀមរាប​នេះឱ្យបាន​កាន់តែច្រើន។ឯកឧត្តមបាន​ចាក់ទុកកម្ពុជាជាប្រទេសមួយ ដែល មាន​ទំនាក់ទំនងការទូតរឹងមាំជាមួយនឹងប្រទេសចិន ហើយក៏ពង្រឹងកិច្ច​ស​ហ​​​ប្រតិបត្តិការមិត្ត​ភា​ព រវាងប្រទេសទាំងពីរកម្ពុជាចិនឱ្យកាន់តែប្រសើ​រ​ថែមទៀតផងដែរ។

 

ឯកឧត្តម ឃឹម ប៊ុនសុង អភិបាល​ខេត្តសៀមរាប​បាន​បញ្ជាក់ថា ចិនជាប្រទេសមួយដែលបាន​ជួយដល់ខេត្តសៀមរាប​ច្រើនទាំង​ផ្នែកការអភិវឌ្ឍនៅក្រុងសៀមរាប​ និង​ការ​ជួយជួសជុល ប្រាសាទ​បុរាណដូចជាប្រាសាទ​ចៅ​សាយទេវត្តា ប្រាសាទ​តាកែវ ជាដើម។ ដោយមើលឃើ​ញ​​ពីចំណង​មិត្ត​ភាពសាមគ្គីភាពនិង​កិច្ចសហប្រតិបត្តិការ​​យ៉ាង​ស្អិ​ត​​រមួតរវាងសភា​រដ្ឋាភិបាល ប្រជាជន នៃប្រទេ​ស​​​​ទាំង​ពីរ កម្ពុជាចិន នេះបានធ្វើឱ្យកំណើនភ្ញៀវទេសចរ មកកម្សាន្តនៅ ខេត្តសៀមរាបមានការកើនឡើងជាបន្តបន្ទាប់។ ឯកឧត្តមបានបង្ហាញតួលេខថា ក្នុងរយៈពេល ០៩ខែឆ្នាំ២០១៨នេះ ភ្ញៀ​វទេសចរជាតិនិងអន្តរជាតិចូលមកទស្សនាខេត្តសៀមរាបមានចំនួន .៤៥០.៧៣៨នាក់ មានការកើនឡើង៨.៤៧ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូច គ្នាកាលពីឆ្នាំ២០១៧។ ក្នុងនោះភ្ញៀវទេសចរចិន មានចំនួន៨៣១.៨០១នាក់កើនឡើង ៥០.៦២ភាគរយ ស្ថិតនៅចំណាត់ថ្នាក់លេខ១ក្នុងចំ​ណោ​​ម​​ភ្ញៀវទេសអន្តរជាតិ​សរុប។

ឯកឧត្តមអភិបាលខេត្ដបានបញ្ជាក់ថា ស្របពេលជាមួយនឹងកំណើរភ្ញៀវទេសចរនេះដែរ អាជ្ញាធរខេត្ត បាននិងកំពុងពង្រឹងនិងពង្រីកវិសាលភាពនៃ​​ការបម្រើសេវា​ទេសចរណ៍ក្នុងខេត្តឱ្យកាន់តែល្អប្រសើរ តាមរយៈការកសាង ហេដ្ឋារចនាស​ម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ការផ្គត់ផ្គង់អគ្គិសនី ប្រព័ន្ធទឹកស្អាត ប្រព័ន្ធ​ភ្លើង​បំភ្លឺ​សាធារណៈការកែ​លម្អ​​សោភ​​ភាពក្រុងឱ្យសក្កិសមជា«ទី​ក្រុ​​ង​​ស្អាតរមណីយដ្ឋានស្អាតសេវាល្អ» និង»កម្ពុជាព្រះរាជាណាច​ក្រ-​អច្ឆរិយៈ» ពិសេស លើកិច្ចការពារសន្តិសុខ សណ្តាប់​ធ្នាប់សុវត្ថិភា​ព​​ជូនភ្ញៀវទេសចរជាតិអន្តរជាតិ សំដៅចូលរួមចំណែក​កសាង​សេដ្ឋ​កិច្ចសង្គម ការបង្កើតការងារ បង្កើនប្រាក់ចំណូល លើក​កម្ព​​ស់​​​ជីវភាព​រស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពល​រ​ដ្ឋ៕​

ដោយ ឃុត សៅ