ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រទេសចិន អរគុណចំពោះកម្ពុជា ដែលបានប្រកាន់ខ្ជាប់នូវនយោបាយចិនតែមួយ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ –ឯកឧត្ដម Zhang Chunxian អនុប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេស បាន​មាន​ប្រសាសន៍ថា រដ្ឋាភិបាល និងប្រជាជនចិនបានសម្ដែងនូវការកោតសរសើរ និងដឹងគុ​ណ​​ចំពោះសម្ដេចតេជោនាយករដក្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបា​ល​​កម្ពុជា ដែលប្រកាន់ខ្ជាប់នូវនយោបាយចិនតែមួយ និងគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុង​បញ្ហា​តំបន់ និងអន្តរជាតិ ដើម្បីផលប្រយោជន៍រួម ការរីកចម្រើន និងរួមចំណែកដល់សុខសន្តិភាព  ក្នុ​ង​​តំបន់ ក៏ដូចជាពិភពលោកទាំងមូលផងដែរ។

ឯកឧត្ដម ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះ ប្រាប់អ្នកយក​  ព័​ត៌​​មាន បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ច​ក្រ​​កម្ពុជា បានអនុញ្ញាត ឱ្យឯកឧត្ដម Zhang Chunxian អនុប្រធានសភាតំណាងប្រជាជន​ចិន​ទូ​​ទាំងប្រទេស និងគណៈប្រតិភូចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃសុក្រ​ ៩រោចខែ​អស្សុ​ជ​ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ២០១៨ នៅវិមានសន្តិភាព ក្នុង​ខណៈ​ដែលឯកឧត្ដមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រ កម្ពុជា។

ឯកឧត្ដម Zhang Chunxian បាន​បញ្ជាក់ថា នេះគឺជាលើកទី៣ហើយ ដែលឯកឧត្តមបានមក ទស្សនកិច្ចនៅកម្ពុជា ហើ​យ​បានកត់សម្គាល់ឃើញថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេច​តេជោ មានការរីកចម្រើន​ខ្លាំ​ង​លើគ្រប់វិស័យ ប្រជាជនរស់នៅ ប្រកបដោយសេរីភាព និង​សន្តិភាព។​ ឯកឧត្ដម​ក៏បាន​កោ​ត​សរ​សើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោ ដែលបានដឹកនាំប្រទេស ឱ្យមាន​ការ​រីក​​​ចម្រើន ដូចពេលបច្ចុប្បន្ននេះ។ ឯកឧត្ដម បានលើកឡើងថា បើទោះបីជាបណ្តា​ប្រ​ទេស​លោ​កខាងលិចមួយចំនួន បានសម្តែងមតិពីនេះពីនោះ ស្តីពីកម្ពុជា​ក៏ដោយ ​ប៉ុន្តែប្រជាជនចិនជា​ង​១.៣០០លាននាក់ គឺស្គាល់ឈ្មោះច្បាស់ និងគាំទ្រសម្តេចតេជោ ហ៊ុន សែន។ ឯកឧត្ដម​បា​ន​បញ្ជាក់​ទៀតថា ទំនាក់ទំនងកម្ពុជា-ចិន បានឆ្លងកាត់ឧបសគ្គ​ច្រើន និងគ្រប់បែបយ៉ាង ធ្វើ​ឱ្យប្រទេសទាំងពីរ ស្គាល់ចិត្តគ្នា ក្លាយជាមិត្តដែកថែប ប្រកបដោយភាពស្មោះត្រង់ ហើ​យ​ទាំង​ថ្នាក់ដឹកនាំ និង​ប្រ​ជា​ជនចិ​ន តែងតែកោតសរសើ និងដឹងគុណចំពោះសម្តេចតេជោ និង​គ​ណ​បក្សប្រជាជនកម្ពុជា ដែលប្រកាន់ភ្ជាប់គោលនយោបាយចិនតែមួយ គាំទ្រគ្នា​ទៅ​វិញ​ទៅ​ម​ក ទាំងបញ្ហាក្នុងតំបន់និងអន្តរជាតិ ដើម្បីការរីក ចម្រើន រួមចំណែកដល់សុខសន្តិភាព នៅ​ក្នុង​​តំបន់និងពិភពលោកទាំងមូល។ ឯកឧត្ដមគូស បញ្ជាក់ទៀតថា ប្រទេសចិនគឺតែងតែគោរពគាំ​ទ្រ​​កម្ពុជា ​ដើរតាមគោលនយោបាយសមស្រប របស់ខ្លួន ឥតមានលក្ខខណ្ឌ តាមការដឹកនាំប្រកប​ដោ​យភាពឈ្លាសវៃ របស់កម្ពុជា។

ជាការឆ្លើយតប សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងនូវការអរគុណចំពោះអ្វី ដែល​ឯក​ឧត្ដម Zhang Chunxian បានលើកឡើងពីទំនាក់​ទំនង​​​​កម្ពុជា-ចិន ដែលភាគីចិនចាត់​ទុក​កម្ពុ​ជា គឺជាមិត្តដែកថែប ដែលមិនអាចបំបែកបំបាក់បាន។ សម្តេចតេជោ ក៏បានសម្តែង​នូវ​មោ​ទន​ភាព ក្នុងនាមសម្តេចតេជោផ្ទាល់ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានរួមចំណែក ក្នុងការ​  ក​សា​ង​ទំនាក់ទំនងកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងទូលំទូលាយ។ សម្តេចតេជោ បានលើក ឡើងពីជំនួយឧបត្ថម្ភរបស់ចិនជាបន្តបន្ទាប់ ដែលចិនមកជួយកម្ពុជា គិតចាប់តាំង​ពី​ជំនួយ ឥតសំណង ការផ្ដល់កម្ចីសមប្បទាន និងការឧបត្ថម្ភផ្សេងៗ ទាំងសេដ្ឋកិច្ច និងហេដ្ឋា​រច​នា សម្ព័ន្ធផ្សេងៗ គឺកម្ពុជាមិនអាចកសាងប្រទេស និងហេដ្ឋារចនាសម្ព័ន្ធបាននោះទេ បើ​គ្មា​ន​​ជំនួយពីចិន។ សម្តេចតេជោបន្តថា ក្រៅពីនោះ ចិនក៏បានជួយក្នុងការធ្វើឱ្យកម្ពុជាមាន​ឯករាជ្យភាព​ផ្នែ​ក​​នយោ​បា​យ​របស់ខ្លួនផងដែរ។ សម្តេចតេជោនាយករដ្ឋមន្រ្ដីក៏បានជម្រាបជូនអំពី កំណើនសេដ្ឋកិច្ច​របស់កម្ពុជា​ដែរ​ថា នៅក្នុងឆ្នាំ២០១៨នេះ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងមានក្នុងរង្វង់៧.៣ភាគរយ ដែល​ជា​កំ​ណើន​ខ្ពស់បំផុត នៅក្នុងតំបន់ ទន្ទឹមនេះ តាមការព្យាករណ៍ នៅឆ្នាំ២០១៩ខាងមុខ កំណើន​សេ​ដ្ឋ​កិច្ចកម្ពុជា ក៏នឹងមានលើសពី៧ភាគរយផងដែរ បើទោះ បីជាមានការគំរាមកំហែង ដក​ប្រព័​ន្ធ​​អនុគ្រោះពន្ធសហភាពអឺរ៉ុប (​EBA) ក៏ដោយ។ ពាក់ព័ន្ធ នឹងចំណុចនេះ, ឯកឧត្ដម Zhang Chunxian បានបញ្ជាក់ថា ទីផ្សារចិនធំណាស់ ដូច្នេះហើយ ឯកឧត្ដមនឹងប្រាប់ទៅកាន់រដ្ឋ​មន្ត្រីពា​ណិ​ជ្ជកម្ម និងថ្នាក់ដឹកនាំចិន ឱ្យខិតខំជួយពង្រីក ទីផ្សារចិន សម្រាប់ទំនិញកម្ពុជា។ ក្រៅពីនោះ ឯកឧត្ដម បានជម្រាបជូនសម្តេចតេជោដែរថា កម្ពុជាគួរតែរកទីផ្សារបន្ថែមទៀត ដូចជាទីផ្សារ​ជ​ប៉ុន ទីផ្សាររុស្ស៊ី ព្រោះថាទំនិញ និងផលិត ផលកសិកម្មកម្ពុជា គឺមានគុណភាពខ្ពស់។

គួរបញ្ជាក់ដែរថា ​ឯកឧត្ដម Zhang Chunxian  និង គណៈប្រតិភូ បាន​អញ្ជើញ​មក​បំ​ពេ​ញ​​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា​រយៈពេល០៤ ថ្ងៃ គឺ​ចាប់ពី​​ថ្ងៃទី០​១​ដល់​ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ​២០​១៨។ក្នុងនោះ សម្រាប់​ថ្ងៃទីខែវិច្ឆិកានេះ ឯកឧត្ដម Zhang Chunxian នឹង​ដឹកនាំ​គណៈ ប្រតិភូ​អញ្ជើញ​បំពេ​ញ​​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប និងទស្សនា​ប្រាង្គ​ប្រាសាទអង្គរ​របស់​កម្ពុជា​ផងដែរ មុ​ននឹង​ធ្វើ​មាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញ៕

ដោយ ជឹម ណារី