ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងពាណិជ្ជកម្ម ស្នើក្រុមហ៊ុន Chevron ចូលរួមលើកកម្ពស់សុវត្ថិភាពផ្លូវថ្នល់ តាមរយៈ បង្កប់សារអប់រំនៅតាមស្ថានីយចាក់ប្រេងកាល់តិច

AKP ភ្នំពេញ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ –រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានស្នើតំណាងក្រុមហ៊ុន Chevron Cambodia ចូលរួមក្នុងការ បិទផ្សាយនូវសារអប់រំខ្លីៗ នៅតាមស្ថានីយចាក់ប្រេងឥន្ធនៈកាល់តិចទូទាំងប្រទេសកម្ពុជា ដើម្បីលើកកម្ពស់សុវត្ថិភាពផ្លូវថ្នល់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរ ដែលកំពុងមានការកើនឡើងជារៀងរាល់ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។

ក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន Chevron Cambodia ដឹកនាំដោយលោក ស្ហាហ៊ីដ អាមេត (Shahid Amed) នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា ម៉ាឡេស៊ី និងសិង្ហបុរី កាលពីថ្ងៃសុក្រ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា មូលហេតុ ដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរ និងផលប៉ះពាល់ទៅលើកំណើនសេដ្ឋកិច្ច និងបានស្នើសុំក្រុមហ៊ុន Chevron Cambodia ចូលរួមបិទផ្សាយសារអប់រំខ្លីៗ នៅតាមបណ្តាស្ថានីយចាក់ប្រេងកាល់តិច ដើម្បី បញ្ជ្រាបការយល់ដឹងរបស់ប្រជាពលរដ្ឋ ទាក់ទងបញ្ហាសុវត្ថិភាពផ្លូវថ្នល់ និងហានិភ័យចំពោះ ការអភិវឌ្ឍសង្គម។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា ក្រៅពីបង្កប់សារអប់រំនៅតាមស្ថានីយ បុគ្គលិកក្រុមហ៊ុនកាល់តិច អាចរម្លឹកអតិថិជនដែលចូលមកចាក់សាំងថែមទៀត ធ្វើដូចនេះ បង្ហាញពីការទទួលខុសត្រូវ និងការគិតគូរយកចិត្តទុកដាក់របស់ក្រុមហ៊ុនទៅលើសុវត្ថិភាព អតិថិជន និងសុវត្ថិភាពផ្លូវថ្នល់ ហើយកាល់តិចនឹងទទួលបានការគាំទ្រកាន់តែច្រើន

 

ទាក់ទងបញ្ហាតម្លៃប្រេង ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជាប្រកាន់របបសេដ្ឋ កិច្ចទីផ្សារសេរី និងបើកចំហរ ដូច្នេះពុំមានការកំណត់តម្លៃលើទំនិញ និងសេវាកម្មឡើយ ហើយចំណុចនេះ បានចែងច្បាស់នៅក្នុងគោលនយោបាយគាំពារវិនិយោគរបស់កម្ពុជា។ ឯកឧត្តមបានបន្ថែមថា រាជរដ្ឋាភិបាល រង់ចាំស្វាគមន៍រាល់គំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន ដែល អាចដឹកនាំទៅរកស្ថានភាពឈ្នះ-ឈ្នះ ទាំងអស់គ្នា។

ជាការឆ្លើយតប លោក ស្ហាហ៊ីដ អាមេត (Shahid Amed) បានឯកភាព និងថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានចែករំលែកនូវអនុសាសន៍ល្អៗ ដើម្បីបង្កើនប្រជាប្រិយភាពរបស់ប្រេងឥន្ធនៈកាល់តិច។ លោកនាយកក្រុមហ៊ុន ក៏បានសន្យាដាក់បញ្ចូលគំនិតរបស់ឯកឧត្តមរដ្ឋមន្ត្រី ទៅក្នុងកម្មវិធីទទួលខុសត្រូវផ្នែកសង្គម (CSR) និងយុទ្ធនាការផ្សព្វផ្សាយនានា ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរនៅកម្ពុជា។

លោកក៏បានសន្យានាំមកជូនប្រជាពលរដ្ឋកម្ពុជា នូវផលិតផលប្រេងឥន្ធនៈ ដែលមានគុណភាពលំដាប់ពិភពលោក និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តទំនើបៗ រួមជាមួយឱកាសការងារថ្មីៗ ដើម្បីលើកស្ទួយវិស័យឧស្សាហកម្ម និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា៕

ដោយ អ៊ុន រិទ្ធី