ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញឥណ្ឌាវិនិយោគលើវិស័យអប់រំ និងវិស័យកសិកម្ម ដើម្បីរួមចំណែកអភិវឌ្ឍន៍ ធនធានមនុស្សរបស់កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ –រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានជំរុញឱ្យប្រទេសឥណ្ឌា ធ្វើការវិនិ យោគលើវិស័យអប់រំ តាមរយៈការបង្កើតសាកលវិទ្យាល័យបណ្តុះបណ្តាលធនធានមនុស្សផ្នែកព័ត៌មានវិទ្យា និងកសិកម្ម ដើម្បីលើកស្ទួយសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា សំដៅទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងការធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ចជាតិ។ នេះយោង តាមការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។

ការលើកសំណើនេះឡើង ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ម៉ានីកា ជែន (Manika Jain) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា កាលពីថ្ងៃសុក្រ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងពង្រឹង និងពង្រីក កិច្ចសហការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌា។

ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបញ្ជាក់អំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ព្រមទាំងការដាក់ចេញនូវគោលនយោបាយបើកចំហរ និងកម្មវិធីកំណែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់បរិយា កាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីកត្តាប្រឈមរបស់កម្ពុជា ជាពិសេសបញ្ហាកង្វះធនធានមនុស្សដែលមានគុណភាព ដើម្បីបម្រើគម្រោងវិនិយោគ ធំៗ និងបានស្នើសុំលោកជំទាវ ឯកអគ្គរដ្ឋទូត ជួយកៀរគរវិនិយោគិនឥណ្ឌា មកសហការ ជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីបង្កើតសាកលវិទ្យាល័យ ដែលមានកម្មវិធីសិក្សាទាក់ទងព័ត៌ មានវិទ្យា និងបច្ចេកទេសកសិកម្មទំនើប សម្រាប់និស្សិតកម្ពុជា។

ឯកឧត្ដមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា ប្រទេសឥណ្ឌា មានភាពលេចធ្លោលើវិស័យបច្ចេកវិទ្យា និងមានកម្មវិធីសិក្សាល្អៗទាក់ទងព័ត៌មានវិទ្យា និងកសិកម្ម ដូច្នេះសូមជួយនាំយកកម្មវិធីសិក្សាទាំងអស់នោះ មកចែករំលែកដល់និស្សិតកម្ពុជា ដើម្បីអភិវឌ្ឍន៍ប្រទេស និងឆ្លើយតបតម្រូវការវិនិយោគិនបរទេស”។

ជាការឆ្លើយតប លោកជំទាវ ម៉ានីកា ជែន បានសន្យានាំយកសំណើឯកឧត្តមរដ្ឋមន្ត្រី ទៅជម្រាបូនដល់រដ្ឋាភិបាល និងវិស័យឯកជនឥណ្ឌា ឱ្យចូលមកបណ្តាក់ទុនលើវិស័យអប់រំ និងវិស័យកសិកម្ម ដើម្បីចូលរួមលើកស្ទួយសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងប្រព័ន្ធ ពាណិជ្ជកម្មសកល។

លោកជំទាវឯកអគ្គរដ្ឋទូតបានបន្ដថា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ឥណ្ឌាក៏មានបំណងអញ្ជើញវិស័យឯកជនកម្ពុជា ទៅចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម និងជំនួបធុរកិច្ចសំខាន់ៗ នៅក្នុងប្រទេសឥណ្ឌា នាពេលខាងមុខផងដែរ៕

ដោយ អ៊ុន រិទ្ធី