ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាជ្ញាធរជាតិអប្សរា ចុះអនុស្សរណៈជាមួយវិទ្យាស្ថានKICTប្រទេសកូរ៉េ ដើម្បីរៀបចំលំហូរ ចរាចរណ៍ ក្នុងរមណីយដ្ឋានអង្គរ

AKP សៀមរាប ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ –អាជ្ញាធរជាតិអប្សរាបានសម្រេចចុះអនុស្សរណៈយោគយល់គ្នាមួយជាមួយវិទ្យាស្ថានកូរ៉េ សម្រាប់វិស្វកម្មសំណង់ និងបច្ចេកវិទ្យា KICT (Korea Institute of Civil Engineering and Building Technology) ដើម្បីសិក្សាលើការរៀបចំលំហូរចរាចរណ៍នៃភ្ញៀវទេសចរជាតិ និងអន្តរ ជាតិក្នុងរមណីយដ្ឋានអង្គរ ពិធីចុះហត្ថលេខានេះបានប្រព្រឹត្ដទៅនៅទីក្រុងសៀមរាប កាល ពីថ្ងៃ៩រោច ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងលោកបណ្ឌិត Junhwa Jung អនុប្រធានវិទ្យាស្ថានKICT    

លោកបណ្ឌិត  Junhwa Jung បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលបានចូលរួម សហការជាមួយអាជ្ញាធរជាតិអប្សរា លើការងាររៀបចំចរាចរណ៍ក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរវត្ដលោកបានបន្ដថា ដោយសាតែ KICT ធ្លាប់បានរៀបចំដោយជោគជ័យនូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងលំហូរចរាចរណ៍ក្នុងប្រទេសកូរ៉េក៏ដូចជា បណ្តាប្រទេសផ្សេងៗមួយចំនួនទៀត។ លោកសង្ឃឹមថា កិច្ចសហការនេះនឹងចូលរួមលើកស្ទួយតម្លៃបេតិកភណ្ឌពិភពលោក ក៏ដូចជារួមចំណែកជាមួយពលរដ្ឋខ្មែរក្នុងកិច្ចការពាររមណីយដ្ឋានអង្គរផងដែរ។

ឯកឧត្តម សុខ សង្វារ ក៏បានថ្លែងអំណរគុណចំពោះវិទ្យាស្ថាន KICT ដែលបានគាំទ្រចំពោះកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានអង្គរ តាមរយៈកិច្ចសហការដែលឈានមកដល់ការចុះអនុស្សរណៈយោគយល់គ្នានៅថ្ងៃនេះ។ ឯកឧត្តមបានបញ្ជាក់ថា អនុស្សរណៈនេះ គឺជាលទ្ធផលមួយយ៉ាងល្អ ក្រោយពីក្រុមទាំងពីរបានធ្វើការជាមួយគ្នាអស់រយៈពេលជាងមួយឆ្នាំកន្លងមក។

 ឯកឧត្តមបានលើកឡើងថា តាមរយៈកិច្ចសហការរវាងស្ថាប័នទាំងពីរនឹងកាន់តែរឹងមាំ ថែមទៀត និងសម្រេចបាននូវលទ្ធផលយ៉ាងល្អប្រសើរនាពេលឆាប់ៗខាងមុខនេះ ជាពិសេស គឺការរៀបចំលំហូរចរាចរណ៍ក្នុងតំបន់អង្គរបានល្អប្រសើរ ដែលអាចកាត់បន្ថយនូវផល ប៉ះពាល់ទាំងផ្នែកបរិស្ថាន និងបេតិកភណ្ឌក្នុងតំបន់អង្គរ។

 

គួរបញ្ជាក់ថា អាស្រ័យដោយរមណីយដ្ឋានអង្គរកំពុងតែទទួលបាន នូវកំណើនទេស ចរណ៍ជារៀងរាល់ឆ្នាំ ហើយអាជ្ញាធរជាតិអប្សរាក៏បានគិតគូរដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងគ្រប់គ្រងលំហូរចរាចរឱ្យបានល្អប្រសើរ ដើម្បីលើកកម្ពស់បទពិសោធន៍ទស្សនារបស់ភ្ញៀវ ទេសចរ ការពារនូវតម្លៃលេចធ្លោរបស់រមណីយដ្ឋានអង្គរ ព្រមទាំងសម្រួលដល់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់អង្គរ ទើបអាជ្ញាធរជាតិអប្សរាបានសម្រេចចិត្តចុះអនុស្ស រណៈយោគយល់គ្នាមួយនេះ។ ពិធីចុះហត្ថលេខានេះដែរ ក៏បានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ទៅកាន់សាធារណរដ្ឋកូរ៉េ កាលពីចុងខែតុលាកន្លងទៅថ្មីៗនេះ គោលបំណងចម្បងនៃអនុស្សរណៈនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងសិក្សា រួមគ្នាអំពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងចរាចរក្នុងរមណីយដ្ឋាន អង្គរឱ្យបានល្អប្រសើរ ក្នុងន័យត្រៀមខ្លួនសម្រាប់កំណើនទេសចរណ៍ជារៀងរាល់ឆ្នាំ៕

ដោយ ហង្ស សៀក