ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មានកត្តាធំៗ៣យ៉ាង នាំអោយមានគ្រោះថ្នាក់ចរាចរណ៍ ដែលបងប្អូនប្អូនប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នអោយបានខ្ពស់បំផុតនៅពេលបើកបរ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​

​ ខេត្តព្រះវិហារ៖ មានកត្តាធំៗ៣យ៉ាងដែលនាំអោយមានគ្រោះថ្នាក់ចរាចរណ៍ ហើយក្នុងចំនួននេះ កត្តាដែលសំខាន់ជាងគេនោះ គឺកើតពីកាេទ្វេសប្រហែសនេះឯង ដោយគ្រោះថ្នាក់ជាឃាតករលាក់មុខ ដូច្នះសូមបងប្អូនប្អូនប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នអោយបានខ្ពស់បំផុតនៅពេលបើកបរ។

នេះជាប្រសាសន៍ណែនាំរបស់​ ឯកឧត្ដម​ អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅក្នុងទិវា អន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរផ្លូវគោកលើកទី១៣ កាលពីព្រឹកថ្ងៃទី០៣ វិច្ឆិកា២០១៨ នៅក្នុងបរិវេណរដ្ឋបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារនិងដោយមានវត្តមាន លោក សំ លាងទ្រីប្រធានមន្ទីរសាធារការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងប្រជាពលរដ្ឋ សិស្សានុសិស្សរាប់រយនាក់ផងដែរ។

លោក សំ លាងទ្រី បានមានប្រសាសន៍លើកឡើង ការរៀបចំអោយមានទិវា អន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរផ្លូវគោកលើកទី១៣នេះឡើង គឺដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ជាច្រើនដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងគោលបំណងពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ ផ្លូវអោយបង្កើនការយកចិត្តទុកដាក់ខ្ពស់ អំពីសុវត្ថិភាពចរាចរណ៍តាមដងផ្លូវសាធារណៈ ។

លោកបន្តថា មានកត្តាធំៗ៣យ៉ាងដែលនាំអោយមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះរួមមាន ១ កត្តាមនុស្ស ការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោករបស់ប្រជាពលរដ្ឋនៅមានកម្រិត អ្នកប្រើប្រាស់ផ្លូវមិនគោរពច្បាប់ បើកបរលឿនហួសល្បឿនកំណត់ បើកបរធ្វេសប្រហែស បើកបរមានជាតិស្រវឹង មិនពាក់មួកសុវត្ថិភាព មិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជាដើម។ កត្តាយានជំនិះ ដោយម្ចាស់យានយន្តមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដែលធ្វើអោយយានយន្តមិនអាចបញ្ជាបាន ដូចជា ហ្វ្រាំងមិនស៊ី បែកកង់ ភ្លើងមិនភ្លឺជាដើម។ កត្តាផ្លូវ ដូចជាផ្លូវរអិល ផ្លូវកោងខ្លាំង ផ្លូវធំតែមានស្ពានតូចចង្អៀតនិងពុំទាន់បានបំពាក់ផ្លាកសញ្ញាចរាចរណ៍អោយបានគ្រប់គ្រាន់នៅលើដងផ្លូវសាធារណៈមួយចំនួនជាដើម។

លោក សំ លាងទ្រី បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ មន្ទីរសាធារការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានអនុវត្តនូវការងារមួយចំនួន ដើម្បីកាត់បន្ថយលើបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ ក្នុងនោះក្រៅពីបើកវគ្គអប់រំផ្សព្វផ្សាយ ដល់មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សហើយនោះ យើងបាន ដាក់ ក្រុមកាេងារចុះត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសផងដែរ ដោយក្នុងនោះចាប់ពីថ្ងៃទី១០កុម្ភះ ២០១៨រហូតមកដល់ថ្ងៃទី៣១ តុលា២០១៨ ក្រុមការងារយើងបាន ឃាត់ធ្វើការត្រួតពិនិត្យរថយន្តបានចំនួន៥២៦៦គ្រឿង ក្នុងនោះ រថយន្តត្រឹមត្រូវ២១៧៣គ្រឿង កាត់ទ្រុង បាន៧៦គ្រឿង ដោះចង្អើកន្ទុយក្រោយបាន២៨៧គ្រឿង ដឹកសំពីងសំពោង១១១៩គ្រឿង ដឹកលើសទំងន់០២គ្រឿង ពុំមានឯកសារគ្រប់គ្រាន់១១០៩គ្រឿង។ ចុះបញ្ជីរថយន្តបានចំនួន២១៩០២គ្រឿង ចុះបញ្ជីធុនតូចបាន៥៤៩គ្រឿង ចុះបញ្ជីរថយន្តធុនធំ ចំនួន១២៤គ្រឿង និងផ្តល់ប័ណ្ណបើកបរយានយន្តគ្រប់ប្រភេទចំនួន២៩៧៩គ្រឿង។

ឯកឧត្ដម​ អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍លើកឡើងថា ការរៀបចំអោយមានទិវា អន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរផ្លូវគោកលើកទី១៣នេះឡើង គឺគោរពចាមការចង្អុលបង្ហាញពីប្រធានសុវត្ថិភាពចរាចរផ្លូវគោក ដែលបានធ្វើឡើងក្នុងពេលជាមួយគ្នានៅទូទាំងប្រទេស។

ឯកឧត្ដម​បន្តថា កត្តាធំៗ៣យ៉ាងដែលនាំអោយមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះកត្តាសំខាន់ គឺកើតពីការទ្វេសប្រហែសនេះតែម្តង ដោយគ្រោះថ្នាក់ជាឃាតកលាក់មុខ មិនដឹងថា កើតនៅពេលណានោះទេ ដូច្នេះ បងប្អូនត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់និងទៅធ្វើប័ណ្ណបើកបរអោយបានគ្រប់គ្នា ដើម្បីអោយបានយល់ដឹងពីការបើកបរនិងច្បាប់ចរាចរណ៍ ព្រោះថា គ្រោះថ្នាក់ចរាចរណ៍មិនត្រឹមតែធ្វើអោយបាត់បង់អាយុជីវិត រងរបួសនិងបាត់បង់ទ្រព្យប៉ុណ្ណោះទេ គឺវាបានបន្សល់ទុកនូវក្មេងកំព្រា ស្ត្រីមេម៉ាយ ជនពិកាតនិងទុរគតជនថែមទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្ដម​ អ៊ុន ចាន់ដាក៏បានជម្រុញអោយគ្រប់មន្ទីរ អង្គភាពពាក់ព័ន្ធនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបង្កើនកិច្ចសហប្រតិបត្តិការនិងសហការគ្នាអោយបានសស្រាក់សស្រាំ ដើម្បីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកសំដៅធ្វើយ៉ាងណារួមគ្នាប្រែក្លាយកម្ពុជាទៅជាប្រទេសមួយ ដែលមានសុវត្ថិភាពចរាចរណ៍គួរអោយកក់ក្តៅ។ ក្រៅពីនេះ​ អភិបាលខេត្តក៏បានសូមអោយចូលរួមមានវិធានការទប់ស្កាត់ការរំលោភយកចំណីផ្លូវ ទប់ស្កាត់រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ជម្រុញការចុះបញ្ជីនិងការផ្តល់លិខិតអនុញ្ញាតយានដ្ឋានជួសជុលកែច្នៃរថយន្ត ។បន្តធ្វើការបិទស្ទីកឃ័រចំណាំងផ្លាតនិងស្ទីកឃ័រអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើមធ្យោបាយដឹកជញ្ជូននៅតាមបណ្តាលភូមិ ឃុំ ក្រុង ស្រុក ចំណតរថយន្ត និងសាខាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ។ បន្តរឹតបណ្តឹងច្បាប់ចរាចរណ៍ជើងគោកថ្មី បន្តផ្សព្វផ្សាយច្បាប់ចរាចរណ៍ជើងគោកដល់ភូមិឃុំ ក្រុង ស្រុក ទូទាំងខេត្ត បន្តជម្រុញនិងបង្ខិតការផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋអោយដល់មូលដ្ឋាន៕