ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កម្ពុជាត្រៀមរៀបចំពិធីបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា ឆ្នាំ២០១៨នេះ ឲ្យមានលក្ខណៈធំដំជាងឆ្នាំមុនៗ

វិទ្យុជាតិកម្ពុជា៖ អត្ថបបទដោយលោកហុក សុខរិន

ភ្នំពេញ៖  រាជរដ្ឋាភិបាលកម្ពុជាត្រៀមរៀបចំពិធីបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា ឆ្នាំ២០១៨នេះ ឲ្យ​មាន​លក្ខណៈ​ធំដំជាងឆ្នាំមុនៗ ដើម្បីធ្វើអោយពិធីបុណ្យជាតិដ៏ធំមួយនេះកាន់តែមានភាពអធឹកអធម សប្បាយរីករាយ បន្ទាប់​ពីប្រទេស​ជាតិមានសុខសន្តិភាព បូរណ​​ភាព​​ទឹកដី រួចផុតពីនឹមអណានិគមនិយមបារំាង។

 ខួបអនុស្សាវរីយលើកទី៦៥ឆ្នាំនៃ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣ និង៩ វិច្ឆិកា ២០១៨ នឹងប្រព្រឹត្តទៅយ៉ាងមហោឡារឹកជាទីបំផុតក្រោមព្រះរាជាធិបតេយ្យភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសហមុនី ព្រះមកហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។

យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ បានឲ្យដឹងថា ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកាឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលនឹងរៀបចំនៅទីតំាង ចំនួន២កន្លែង គឺនៅបរិវេណវិមានឯករាជ្យ និងនៅមុខព្រះបរមរាជវំាង។ សេចក្តីជូនដំណឹងបានឲ្យដឹងថា ចាប់ពីម៉ោង៧ព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ពិធីបុណ្យឯករាជ្យ នឹងព្រឹត្តឡើងជាផ្លូវការនៅក្នុងបរិវេណវិមានឯករាជ្យ ដែលជាតំណាងនៃឯករាជ្យភាព បូរណភាព សនិ្តភាពរបស់កម្ពុជា ក្រោមព្រះរាជាធិបតេយ្យភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងព្រះមកហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។

 កម្មវិធីដ៏មហាវិសេសវិសាលនេះក៏មានការអញ្ចើញចូលរួមពីបណ្តាថ្នាក់ដឹកនាំកំពូលៗនិងសមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្រ្តីរាជការ បណ្តាអង្គទូតនានាប្រចាំកម្ពុជា កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សនុសិស្សរាប់១ម៉ឺន៥ពាន់នាក់ដែលធ្វើឲ្យពិធីនេះមានភាពសប្បាយកុះករ។ជាមួយគ្នានេះដែរ នៅថ្ងៃដដែលនេះ បន្ទាប់ពីព្រះរាជពិធីថ្វាយកម្រងផ្កា និងអុចទៀនជ័យ រួមជាមួយនឹងការប្រលែងសត្វព្រាបស និងការបង្ហោះប៉េងប៉ោងព្រោងព្រាត ដើម្បីជានិមិត្តរូប នៃការចាប់ផ្តើមការប្រារព្វពិធីអបអរសាទរខួបលើក ទី៦៥ឆ្នាំ នៃថ្ងៃបុណ្យឯករាជ្យជាតិ៩វិច្ឆិកា១៩៥៣ ៩វិច្ឆិកា ២០១៨នោះ រាជរដ្ឋាភិបាលនឹងបន្តរៀបចំអោយមានកម្មវិធីមីទិញមហាជននៅមុខព្រះបរមរាជវំាង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះរុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយព្រះអង្គក៏នឹងសព្វព្រះរាជហឬទ័យស្តេចយាងថ្លែងព្រះរាជសុន្ទកថា ទៅកាន់ប្រជារាស្រ្តជាកូនចៅ ចៅទូតរបស់ព្រះអង្គផងដែរ។

កម្មវិធីមីទិញមហាជននៅមុខព្រះបរមរាជវំាងដ៏មោឡារឹកនេះ ក៏នឹងមានការអញ្ចើញចូលរួមពីបណ្តាថ្នាក់ដឹកនាំកំពូលៗនិងសមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្រ្តីរាជការ បណ្តាអង្គទូតនានាប្រចាំកម្ពុជា កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សនុសិស្សរាប់១ម៉ឺន២ពាន់នាក់។

 

សេចក្តីជូនដំណឹងបានឲ្យដឹងទៀតថា នៅតាមបណ្តាខេត្តក្រុងនានាក្នុងប្រទេសកម្ពុជា ក៏នឹងមានការរៀបចំអបអរសាទរទិវាបុណ្យឯករាជ្យជាតិ៩វច្ឆិកានៅក្នុងបរិវេណវិមាណឯករាជ្យ ស្ថិតក្នុងខេត្តរៀងៗខ្លួន។

 

គួរំលឹកថា ថ្ងៃ៩វិច្ឆិកាគឺជា ទិវាដ៏មានអត្ថន័យជ្រាលជ្រៅបំផុតក្នុងក្រអៅបេះដូងប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប នៃការបើកទំព័រប្រវត្តិសាស្រ្ត ប្រកាសឯករាជ្យពេញបរិបូរណ៍ ពីអណានិគមន៍ និយមបារំាង ក្រោមព្រះរាជបូជនីយកិច្ច និងព្រះរាជបេសកកម្មដ៏ឧត្តុងឧត្តម របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តសីហនុ ព្រះ មហាវីរៈក្សត្រព្រះវរៈរាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរជាទីគោរពសក្ការដ៏ខ្ពងខ្ពស់បំផុត ដែលមានការសាមគ្គីភាពជាធ្លុងមួយរវាងរាជរដ្ឋាភិបាលកម្ពុជាព្រះសង្ឃ ប្រជានុរាស្រ្ត និងកងជីវពលនារី ក្លាហាន។ចាប់ពីថ្ងៃនោះមកព្រះរាជាណាចក្រកម្ពុជា មានឋានៈ ជារដ្ឋឯករាជ្យពេញបរិបូរណ៍ មិនស្ថិតក្រោយចំណុះប្រទេស ណាមួយទៀតឡើយ ហើយកម្ពុជាមានសុខសន្តិភាព រីកចំរើនលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅដោយសុខក្សេ​មក្សាន្ត​​រហូតមកដល់បច្ចុប្បន្ន៕