ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កម្ពុជា-ចិនសហការបង្កើតទូរទស្សន៏ ឌីជីថលជាភាសាខ្មែរនៅក្នុងខេត្តសៀមរាប

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ប៉ុង សុភាវី ៖

ក្រសួងព័ត៌មានកម្ពុជា-ចិនសម្រេចបង្កើតទូរទស្សន៏ឌីជីថលជាភាសាខ្មែរនៅក្នុងខេត្តសៀមរាប ដើម្បីបង្កើនការផ្សព្វផ្សាយ ព័ត៌មាន អប់រំ និងនាទី កំសាន្ត ដ៏សម្បូរបែបសម្រាប់កម្ពុជា ។

ក្រុមហ៊ុន យូណាន ធីវី ចល័ត បានចុះអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការបង្កើតប៉ុស្តិ៍បង្កើតទូរទស្សន៏ឌីជីថលជាភាសាខ្មែរនៅក្នុងខេត្តសៀមរាប ជាមួយទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន ដើម្បីពង្រីកការផ្សព្វផ្សាយព័ត៌មាននៅក្នុងខេត្តទេសចរណ៍មួយនេះអោយ កាន់តែទូលំទូលាយ។

ការចុះអនុស្សរណះ នៃការយោគយល់នេះ ត្រូវបានប្រារព្វពិធីឡើងកាលពីចុងសប្តាហ៍នេះនៅខេត្ត សៀមរាប ក្រោមអធិបតីភាព អញ្ចើញជាសាក្សី ពីសំណាក់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និង ឯកឧត្តម Fan Weiping អនុរដ្ឋមន្រ្តី រដ្ឋបាលជាតិវិទ្យុ ទូរទស្សន៏ NRTA នៃសាធារណរដ្ឋប្រជាមានិតចិន ។

ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយក ទូរទស្សន៏ជាតិកម្ពុជា មានប្រសាសន៍ថា ការចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការ ជាមួយគ្នានាឱកាសនេះ គឺ ជាសមិទ្ធិផលថ្មី ក្រោមកិច្ចខិតខំរួមគ្នា ដែលជាជំហ៊ានអភិវឌ្ឍន៍ ទំនាក់ទំនង កាន់តែធំទូលាយ និងការយល់ចិត្តគ្នាកាន់តែស៊ីជម្រៅ ថ្មីមួយទៀត រវាងប្រជាជន នៃប្រទេសទាំងពីរ ។ ឯកឧត្តម បានចាត់ទុកកិច្ច សហការបង្កើតប៉ុស្តីទូរទស្សន៏ Digital CDTV – TVK ភាសាខ្មែរ នៅក្នុង ប្រទេសកម្ពុជា ជាបង្អូចថ្មីមួយ សម្រាប់ការធ្វើអោយកាន់តែស៊ីជម្រៅ នូវ ចំណង មិត្តភាព នៃ ប្រជាពលរដ្ឋ កម្ពុជា និងចិន ដែលនឹងផ្តល់នូវការអប់រំ ចំណេះដឹង ប្រពៃណី វប្បធម៌ ក៏ដូចជាផ្នែកសំខាន់ៗជាច្រើនទៀត។ បន្ថែមពីនេះទៀត ឯកឧត្តម បានសំដែងនូវការ ជឿជាក់ថា នៅថ្ងៃអនាគត ក្រសួងព័ត៏មាន កម្ពុជា និង រដ្ឋបាល វិទ្យុ ទូរទស្សន៏ ជាតិចិន និងបន្តអនុវត្តន៏នៅប្រពៃណី សហប្រតិបត្តិការ ការជឿជាក់ គ្នាទៅវិញទៅមក ដោយស្មើភាពគ្នា និងពិភាក្សាគ្នា ដោយមិត្តភាព គាំទ្រគោល ការណ៍ ពិភាក្សា ជាមួយគ្នា និងចែករំលែកជាមួយគ្នា ជំរុញ ផ្សព្វផ្សាយ ព័ត៌មាន ការផ្លាស់ប្តូរកម្មវិធី ទៅវិញទៅមក ការអភិវឌ្ឍន៏ធនធាន មនុស្ស និងកិច្ច សហការជាក់ស្តែង សំខាន់ៗផ្សេងទៀត របស់ភាគីទាំងពីរ អោយកាន់តែស៊ី ជម្រៅ ដើម្បីទទួល ផលប្រយោជន៏ទៅវិញទៅមក និងអភិវឌ្ឍន៏ រួមជាមួយគ្នា ។

លោក YU LEI តំណាងក្រុមហ៊ុន យូណាន មានប្រសាសន៍លើកឡើងថា អនុស្សរណៈដែលបានចុះហត្ថលេខា នាឱកាស នេះ គឺស្ថិតក្រោមយន្តការ នៃកិច្ចសហ ប្រតិបត្តការ លើប្រពន្ធ័ផ្សព្វផ្សាយ កម្ពុជា ចិន ហើយក៏ជា ផ្នែកមួយ ជំរុញអោយ ប្រពន្ធ័ផ្សព្វផ្សាយកាន់តែទូលំទូលាយ រីកចំរើន ផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមក និងស្តែងអោយឃើញពីការអភិវឌ្ឍ ដ៏មានសក្តានុពល ទៅថ្ងៃអនាគត ។

សូមបញ្ជាក់ថា ប៉ុស្តិ៍ទូរទស្សន៏ ឌី ជី ថល CDTV – TVK ភាសាខ្មែរ នេះមានគោលការណ៏ចំបង ក្នុងការផ្សព្វផ្សាយ វប្បធម៌ ដ៏រុងរឿង នៃ ប្រទេសប្រទេសទាំងពីរ ដោយផ្តោតលើការចាក់ផ្សាយជាភាសាខ្មែរ ចាក់ ផ្សាយភាពយន្ត ល្អៗ ស្តីអំពី កម្ពុជា ចិន ឯកសារ គំនូរជីវចល ដែលជាផ្នែកមួយ បំពេញ នូវតម្រូវការ នៃការកើនឡើងរបស់ប្រជាជនកម្ពុជា៕