ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ទីក្រុងហាណូយធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ គណៈកម្មការអាស៊ានស្តីពីសិទ្ធិស្រ្តី និងកុមារ

AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ — កិច្ចប្រជុំលើកទី ១៧ របស់គណៈកម្មការអាស៊ានស្តីពីការលើកកម្ពស់ និងការពារសិទ្ធិស្ត្រី និងកុមារ ( ACWC) បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ដោយបានប្រមូលផ្តុំអ្នកតំណាងមកពីប្រទេសអាស៊ានទាំង ១០ និងលេខាធិការដ្ឋានអាស៊ាន។

នេះជាកិច្ចប្រជុំលើកទី ២ របស់ ACWC ក្នុងឆ្នាំនេះ បន្ទាប់ពីកិច្ចប្រជុំលើកទី 16 នៅហ្សាការតា ប្រទេសឥណ្ឌូណេស៊ីកាលពីខែមីនា។ វាត្រូវបានរៀបចំឡើងដោយក្រសួងការងារយុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម និងលេខាធិការដ្ឋានអាស៊ាន ដែលជាផ្នែកមួយនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៣ (AMMW) និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងហាណូយចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៥ ខែតុលា។

កិច្ចប្រជុំនេះបានពិភាក្សាអំពីការតាមដានពីកិច្ចប្រជុំលើកទី ១៦ និងបានពិនិត្យឡើងវិញនូវការអនុវត្តគម្រោងនៃផែនការការងាររបស់ ACWC សម្រាប់ឆ្នាំ ២០១៦-២០២០។
គម្រោងសំខាន់ៗមួយចំនួនត្រូវបានបញ្ចប់ ដូចជាវេទិកាអាស៊ានស្តីពីការពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រីដែលបានធ្វើឡើងនៅប្រទេសសិង្ហបុរីកាលពីខែសីហា សន្និសីទអាស៊ានស្តីពីកំណែទម្រង់យុត្តិធម៌ អនីតិជននៅប្រទេសថៃកាលពីខែឧសភា និងការចេញផ្សាយគោលការណ៍ណែនាំតំបន់អាស៊ានស្តីពីការប្រមូល និងប្រើប្រាស់ទិន្នន័យអំពីអំពើហិង្សាប្រឆាំងស្ត្រី និងកុមារី ព្រមទាំងគោលការណ៍ណែនាំ និងនីតិវិធីក្នុងការដោះស្រាយតម្រូវការរបស់ជនរងគ្រោះនៃអំពើជួញដូរមនុស្ស។

កិច្ចប្រជុំនេះក៏បានធ្វើបច្ចុប្បន្នភាពនៃការអនុវត្តផែនការសកម្មភាពថ្នាក់តំបន់ ស្តីពីការលុបបំបាត់អំពើហិង្សាលើស្ត្រី (RPA-EVAW) រួមទាំងលទ្ធផលនៃសន្និសីទថ្នាក់មន្ត្រីព្រឹទ្ធសភាស្ដីពីការបញ្រ្ជាបយេនឌ័រនៅក្នុងអង្គភាពតាមសហគមន៍សង្គមវប្បធម៌អាស៊ាន (ASCC) និងលទ្ធផលនៃវេទិកាកុមារអាស៊ានលើកទី ៥ ដែលបានធ្វើនៅប្រទេសប៊្រុយណេកាលពីខែសីហា។

កិច្ចប្រជុំនេះក៏បានកត់ត្រានូវលទ្ធផលនៃសិក្ខាសាលាថ្នាក់តំបន់ ស្តីពីការពង្រឹងក្របខ័ណ្ឌច្បាប់ដើម្បីការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទក្នុងវិស័យទេសចរណ៍ ដែលរៀបចំឡើងដោយ ACWC និងសន្និបាតអន្តរសភាអាស៊ាន (AIPA) ដែលបានធ្វើនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែ កក្កដា ជាពិសេសការរៀបចំសេចក្តីថ្លែងការណ៍អាស៊ានស្តីពីការការពារកុមារពីគ្រប់ទម្រង់ទាំងអស់នៃការកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភបំពានផ្លូវភេទ ព្រមទាំងគោលការណ៍ណែនាំ និងនីតិវិធីក្នុងតំបន់ ដើម្បីដោះស្រាយតម្រូវការរបស់ជនរងគ្រោះនៃការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ ដែលនឹងត្រូវដាក់ជូនពិនិត្យឡើងវិញនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៣ នៅប្រទេសសិង្ហបុរីក្នុងខែវិច្ឆិកាខាងមុខនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)