ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្ដម កៅ អ៊ីមរ៉ន ប្រគល់អណ្តូងទឹកស្អាតខ្នាតធំ ដល់ប្រជាពលរដ្ឋនៅស្រុកម៉ាឡៃ

AKP បន្ទាយមានជ័យ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ –កាលពីថ្ងៃអាទិត្យ ១២កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក.ស ២៥៦២ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្ដម កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្ដម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា រួមជាមួយតំណាងអង្គការដៃគូមកពីប្រទេសបារាំងដឹកនាំដោយ លោក Kamel Lahssinin បានប្រគល់អណ្តូងទឹកស្អាត ខ្នាតធំចំនួន៤បន្ថែមទៀត ជូនដល់ប្រជាពល រដ្ឋដែលខ្វះខាតទឹកស្អាតប្រើប្រាស់នៅតំបន់ព្រំដែនកម្ពុជាថៃ គឺឃុំបឹងបេង និងឃុំអូរស្រឡៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានប្រគល់ ២លើករួចមកហើយក្នុងតំបន់នេះដែលមកដល់ពេលនេះ បានទទួលអណ្តូងខ្នាតធំសរុប ចំនួន១៣។  

       ឯកឧត្ដម កៅ អ៊ីមរ៉ន បានថ្លែងអំណរគុណដល់អង្គការដៃគូ និងសប្បុរសជនបារាំង ដែលតែងតែទទួលសំណើអណ្តូងទឹកពីកម្ពុជា ដើម្បីដោះស្រាយកង្វល់របស់បងប្អូននៅតំបន់ដាច់ស្រយាលដែលខ្វះទឹក ។ ឯកឧត្ដមក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់អណ្តូងទឹកស្អាតនេះ សូមសហការគ្នាថែទាំសមិទ្ធផលនេះ ឱ្យបានគង់វង្សយូរអង្វែងដើម្បីជាប្រយោជ ន៍ ដល់សហគមន៍  

    លោក Kamel Lahssini ក្នុងនាមសប្បុរជនអង្គការ LIFE នៅប្រទេសបារាំង  ក៏បានផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋក្នុងតំបន់ដែលនៅជុំវិញ សូមយកចិត្តទុកដាក់ការប្រើប្រាស់ទឹកស្អាត មានអនាម័យ ដើម្បីសុខភាពគ្រប់ៗគ្នា។ លោកបន្តថា ត្បិតយើងមិនអាចផ្តល់អណ្តូងឱ្យានគ្រប់គ្នានោះ តែបងប្អូនអាចប្រើប្រាស់រួមគ្នា ហើយយើងនឹងខិតខំព្យាយាមរកជំនួយផ្តល់ឱ្យតាមលទ្ធភាព ដើម្បីសម្រួលដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ជួបប្រទះបញ្ហាខ្វះទឹក ជាពិសេសនៅរដូវប្រាំង

ដោយសួស សំរិត