ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យធុរកិច្ចតួកគី មកវិនិយោគនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវ​នាវ​ឱ្យ​ធុរកិច្ចប្រទេសតួកគី មកសិក្សាឈ្វេងយល់ពីសក្ដានុពល និងកាលានុវត្តភាព​វិនិយោគនៅ​កម្ពុ​ជា ព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ ដើម្បីទាញយកប្រយោជន៍ជាអតិបរមា​ពីកិច្ច  ​ស​ហប្រតិបត្តិការទ្វេភាគីរវាងតួកគី និងកម្ពុជា។ក្នុងការផ្សាយបន្តផ្ទាល់ពិធីបើកវេទិកាធុរកិច្ចកម្ពុជា-តួកគី ពីទីក្រុងអ៊ីស្តានប៊ុល ប្រ​ទេ​ស​​​តួកគី នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញ​ពី​ស​ក្តា​នុ​ព​លវិនិយោគ និងឧត្តមភាពសំខាន់ៗ របស់ប្រទេសកម្ពុជាដល់អ្នកវិនិយោគតួកគី ដែលក្នុង​នោះ​រួមមាន

ទី១. កត្តាស្ថិរភាពនយោបាយ និងសន្តិសុខក្នុងប្រទេស បាន​ធ្វើឱ្យកម្ពុ​ជា​ស្ថិត​នៅ​លើ​នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងអត្រាកំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំជាមធ្យម៧ភាគរយ។

ទី២. កម្ពុជាស្ថិតនៅលើទីយុទ្ធសាស្ត្រ ក្នុងប្រវត្តិអាស៊ានដែលជាតំបន់ បាននិងកំពុង​ក្លាយ​ទៅ​ជា​រោងចក្រនៃអាស៊ាន ហើយម្យ៉ាងទៀត កម្ពុជាក៏ស្ថិតនៅក្នុងចំណុចកណ្ដាល នៃតំបន់​មេ​គង្គ​ដែ​លជាតំបន់មានកំណើនសេដ្ឋកិច្ច តភ្ជាប់ខ្ពស់ជាងគេ សម្រាប់ការអភិវឌ្ឍឧស្សាហកម្ម ផលិ​ត​ក​ម្ម​ និងសេវាកម្មជាមួយនឹងបណ្ដាប្រទេសក្នុងតំបន់។

ទី៣. កម្លាំងពលកម្មដែល​មាន​ភាពសម្បូរ​បែប ដែលក្នុងនោះ ដែលមានអាយុត្រឹម៣៥ឆ្នាំ ចុះមានចំនួនរហូតដល់​៧២​ភាគរយ នៃចំនួន​ពល​កម្មសរុប គួបផ្សំនឹងការកើនឡើង នៃចំនួនប្រជាជន​ដែលមាន​ចំណូល​មធ្យម និងជាវណ្ណៈ​ក​ណ្តាល នឹងបង្កើតកាលានុវត្តភាពសម្រាប់កម្ពុជា ក្នុងការសម្រេចនូវ​កំណើន​​សេដ្ឋកិច្ចខ្ពស់​នេះ​​។

ទី៤. កម្ពុជា បានបើកចំហសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មានការរើស​អើ​ង​​​រវាងអ្នកវិនិយោគក្នុងស្រុក និងអ្នកវិនិយោគបរទេស ហើយបរទេស​អាចវិនិយោគបាន​១០០​ភា​គ​រយតែម្តង។

ទី៥. ទំនិញផលិតនៅកម្ពុជា មិនត្រឹមតែផ្គត់ផ្គង់​លើទីផ្សារកម្ពុជា​ប៉ុណ្ណោះទេ គឺ​មា​ន​ការនាំចេញទៅកាន់ទីផ្សារអនុតំបន់មេគង្គ ដែលមានអតិ​ថិជន​ប្រមាណជា២៥០លាននាក់ និ​ងទីផ្សារអាស៊ានជាច្រើនទៀត។

ទី៦. កម្ពុជា បាននិង​កំពុងធ្វើសមាហរណកម្ម នៃការតភ្ជាប់​តា​ម​​ប៉ូលសេដ្ឋកិច្ចសំខាន់ៗទៀត ក្នុងតំបន់ដែល​បង្កើត​បាននូវប្រព័ន្ធឡូជីស្ទីក និង​លើកកម្ពស់​ជី​វ​​ភាពប្រជាជន។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបាន​ថ្លែង​ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​ធា​​នាជូនអ្នកវិនិយោគគ្រប់រូប​នូវបរិស្ថានប្រកប​ដោយភាពអំណោយផល ជាពិសេសគឺ​សន្តិ​ភា​ព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូច​ជាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់ និង​ស្ថា​ប័​ន ដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាច​ប៉ាន់​ប្រមាណ​បា​ន​៕

ដោយ ជឹម ណារី