ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ទីក្រុងហូជីមិញបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គការ JICA

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ — កាលពីថ្ងៃទី ១៣ ខែកញ្ញា អគ្គលេខាធិការគណៈកម្មាធិការបក្សប្រចាំទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក Shinichi Kitaoka ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ( JICA) ។

នៅក្នុងពិធីទទួលស្វាគមន៍នេះ លោក Nhan បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយរបស់ JICA ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់វៀតណាម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងអន្តរជាតិតាមរយៈការគាំទ្រគោលនយោបាយ កិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការកែលម្អរដ្ឋបាលរដ្ឋ។

JICA បានជួយគាំទ្រដល់ទីក្រុងហូជីមិញនៅក្នុងគម្រោងនានា ស្តីពីការធ្វើផែនការទីក្រុង ការការពារបរិស្ថាន និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ដែលជាការរួមចំណែកដល់ការជំរុញភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងជប៉ុន។

ថ្នាក់ដឹកនាំទីក្រុងបានបង្ហាញថា ទីក្រុងហូជីមិញកំពុងប្រឈមនឹងឱកាស និងបញ្ហាជាច្រើនក្នុងកិច្ចអភិវឌ្ឍន៍នាពេលបច្ចុប្បន្ននេះ ជាពិសេសការប្រែប្រួលអាកាសធាតុដែលប៉ះពាល់ដល់បរិស្ថានក្នុងតំបន់ និងបណ្តាលឱ្យមានទឹកជំនន់នៅចំពេលដែលបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធកំពុងមានបញ្ហា។

ដើម្បីដោះស្រាយបញ្ហានេះ ទីក្រុងហូជីមិញបាន និងកំពុងសាងសង់ប្រព័ន្ធលូទឹក និងលូទឹកស្អុយ។ លោកបាននិយាយបន្ថែមថា ទីក្រុងចង់ទទួលបានការគាំទ្រពី JICA បន្ថែមទៀតក្នុងការកសាងនៅតំបន់កណ្តាល និងបន្ទាប់មកនៅតាមស្រុកជាយក្រុង ដើម្បីកាត់បន្ថយទឹកជំនន់ នឹងធ្វើឱ្យបរិស្ថានមានភាពប្រសើរឡើង។

លោក Shinichi Kitaoka បាននិយាយថា ប្រទេសវៀតណាម និងជប៉ុនមានភាពស្រដៀងគ្នាជាច្រើននៅក្នុងវប្បធម៌ និងសាសនា។ ក្រៅពីភាពជាដៃគូយុទ្ធសាស្រ្តដ៏ទូលំទូលាយ ប្រទេសទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងបណ្ដាខេត្តនានា និងក្រុមហ៊ុនអាជីវកម្ម។

លោកបាននិយាយថា ក្នុងពេលខាងមុខ JICA នឹងបន្តគាំទ្រដល់ទីក្រុងហូជីមិញក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយទឹកជំនន់ ដោយពន្លឿនគម្រោងជំនួយគ្មានសំណងរវាងទីក្រុងអូសាកា និងទីក្រុងហូជីមិញ អំពីការកែលម្អប្រព័ន្ធបង្ហូរទឹកកាកសំណល់៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)