ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ទាហានជើងទឹកអាមេរិកធ្វើសមយុទ្ធដ៏ធំមួយជាមួយពួកឧទ្ទាមភាគខាងត្បូងប្រទេសស៊ីរី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១៤.០៩.១៨)

ស៊ីរី៖ មេបញ្ជាការក្រុមឧទ្ទាមស៊ីរីម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាការធ្វើសមយុទ្ធយោធាដ៏កម្រជាមួយទាហានជើងទឹកអាមេរិកនៅភាគខាងត្បូងប្រទេសស៊ីរីគឺជាការបញ្ជូនសារមួយទៅកាន់ប្រទេសរុស្ស៊ីនិងអ៊ីរ៉ង់ថាអាមេរិកនិងពួកឧទ្ទាមនៅតែត្រៀមប្រឈមមុខជាមួយការគំរាមកំហែងណាមួយដែលអាចកើតមានឡើង ។

មេបញ្ជាការរបស់ក្រុមឧទ្ទាមម៉ាហ្កាវៀ អាល់ ថារ៉ា (Maghawir al Thawra)
ដែលគាំទ្រដោយមន្ទីរប៉ង់តាហ្គោនបានប្រាប់រ៉យទ័រថាសមយុទ្ធរយៈពេល ៨ ថ្ងៃនៅតំបន់តាន់
ក្នុងប្រទេសស៊ីរីដែលនឹងបញ្ចប់នៅសប្តាហ៍នេះគឺជាការធ្វើសមយុទ្ធលើកដំបូងជាមួយការបាញ់គ្រាប់ពិតៗ
តាមផ្លូវអាកាសនិងផ្លូវគោកដែលមានការចូលរួមពីកងទ័ពអាមេរិកនិងយុទ្ធជនក្រុមឧទ្ទាមរាប់រយក្រុម។

អ្នកនាំពាក្យយោធាសហរដ្ឋអាមេរិកបាននិយាយថាសមយុទ្ធនេះគឺជាការបង្ហាញនូវកម្លាំង។
ចំនែកប្រទេសរុស្ស៊ីនិងរដ្ឋាភិបាលស៊ីរីបានអំពាវនាវម្តងហើយម្តងទៀតឱ្យក្រុងវ៉ាស៊ីនតោនដកទ័ពរបស់ខ្លួនចេញពីមូលដ្ឋានតាន់ក្នុងប្រទេសស៊ីរី ។