ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កីឡាការិនីកម្ពុជាទៅប្រកួតពានរង្វាន់ផ្នែកកីឡាស្នូកឃ័រ ពិភពលោកឆ្នាំ២០១៨ លើកដំបូងនៅប្រទេសតួកគី

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

សាធារណរដ្ឋកូរ៉េ៖ បន្ទាប់ពីជាប់ជាកីឡាការិនីជម្រើសជាតិ និងជាសមាជិកសហព័ន្ធកីឡាស្នូកឃ័ររបស់កម្ពុជា ពេលនេះកីឡាការិនី ស្រួង ភាវី បានជាប់ពេញសិទ្ធិតំណាងឲ្យកម្ពុជា ទៅប្រកួតជាលើកដំបូងសម្រាប់ពានរង្វាន់ពិភពលោកឆ្នាំ២០១៨នៅប្រទេសតួកគី ។

នៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង រួមជាមួយ ឯកឧត្តម វ៉ាត់ ចម្រើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក បានជួបពិភាក្សាការងារ ជាមួយនឹងលោក Samhyun Nam ប្រធានសហព័ន្ធកីឡាបីយ៉ាកូរ៉េ និងជាប្រធានសហព័ន្ធកីឡា បីយ៉ាខារ៉ុម (Carom Billiard) អាស៊ី។

ក្នុងឱកាសនោះឯកឧត្តម វ៉ាត់ ចម្រើន និងឯកឧត្តម ឡុង ឌីម៉ង់ បានស្នើសុំឱ្យសហព័ន្ធកីឡាបីយ៉ាកូរ៉េ ជួយជាជំនួយបច្ចេកទេស និងឧបករណ៍សំភារៈផ្សេងៗ ដល់សហព័ន្ធកីឡាស្នូកឃ័រកម្ពុជា ដោយហេតុតែកីឡាប្រភេទនេះ នៅកម្ពុជាមិនទាន់រីកចម្រើនខ្លាំងនៅឡើយ។

ឯកឧត្តម វ៉ាត់ ចម្រើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក បានឲ្យដឹងថា កីឡាការិនី ស្រួង ភាវី ជម្រើសជាតិកម្ពុជា និងជម្រើសជាតិជប៉ុន និងកូរ៉េ នឹងតំណាងឲ្យកីឡាការិនីអាស៊ី ដើម្បីទៅចូលរួមការប្រកួតពិភពលោកនៅចុងខែកញ្ញានេះ នៅប្រទេសតួកគី។ ឯកឧត្តម បន្តថា នៅឆ្នាំ២០២៣ ពេលដែលធ្វើជាម្ចាស់ផ្ទះរៀបចំកីឡា Asian Games កម្ពុជានឹងបន្ថែមវិញ្ញាសារកីឡាស្នូកឃ័រ សម្រាប់ការប្រកួតជាលក្ខណៈអន្ដរជាតិនៅកម្ពុជាផងដែរ ៕