ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គណបក្សប្រជាជនកម្ពុជាទទួលបានសន្លឹកឆ្នោតគាំទ្រជាង៤លាន៨៨ម៉ឺនសំឡេង

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖

គណបក្សប្រជាជនកម្ពុជាទទួលបានសន្លឹកឆ្នោតគាំទ្រជាង៤លាន៨៨ម៉ឺនសំឡេង បន្ទាប់ចំនួនអ្នកចេញទៅបោះឆ្នោតកើនដល់ជាង៨៣ភាគរយ។ នេះបើយោងតាមការប្រកាសលទ្ធផលបណ្តោះអាសន្នរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប នៅថ្ងៃទី១១ ខែសីហានេះ។

គ.ជ.ប បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ទទួលបានសន្លឹកឆ្នោតគាំទ្ររហូតដល់៤.៨៨៩.១១៣សំឡេង ក្នុងចំណោមប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសចំនួន៦.៩៥៦.៩០០នាក់ ដែលបានចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ចំនួនអ្នកដែលបានចេញទៅបោះឆ្នោតនេះ ស្មើនឹង៨៣,០២ភាគរយ នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជី៨.៣៨០.២១៧នាក់។

លទ្ធផលបណ្តោះអាសន្នរបស់គ.ជ.ប បានបង្ហាញទៀតថា គណបក្សដែលមានសន្លឹកឆ្នោតគាំទ្រខ្ពស់បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា គឺគណបក្ស ហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដោយទទួលបានសន្លឹកឆ្នោតសរុប៣៧៤.៥១០សំឡេង ខណៈគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទទួលបានការគាំទ្រ៣០៩.៣៦៤សំឡេង និងគណបក្សឆន្ទៈខ្មែរ ទទួលបានការគាំទ្រចំនួន២១២.៨៦៩សំឡេង។ ចំណែកគណបក្សផ្សេងទៀត ដែលចូលរួមប្រកួតប្រជែងដណ្តើមសន្លឹកឆ្នោត តាមរយៈការបោះឆ្នោតសកលនៅអាណត្តិថ្មីនេះ គឺទទួលបានគាំទ្រពីប្រជាពលរដ្ឋខ្មែរតែខ្ទង់ម៉ឺនសំឡេងប៉ុណ្ណោះ។

គណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងដណ្តើមអាសនៈទាំង១២៥នៅក្នុងរដ្ឋសភា សម្រាប់នីតិកាលទី៦នេះ មានចំនួន២០គណបក្សគឺ៖ គណបក្សខ្មែររួបរួមជាតិ ឈរនៅ២៥មណ្ឌល។ គណបក្សមាតុភូមិយើង ឈរនៅ៦មណ្ឌល។ គណបក្សពន្លឺថ្មី ឈរនៅ១៣មណ្ឌល។ គណបក្សសញ្ជាតិកម្ពុជា ឈរនៅ២៥មណ្ឌល។ គណបក្សខ្មែរក្រោក ឈរនៅ៦មណ្ឌល។ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ឈរនៅ២៥មណ្ឌល។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឈរនៅ២៥មណ្ឌល។ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ឈរនៅ១៦មណ្ឌល។ គណបក្សរស្មីខេមរា ឈរនៅ៧មណ្ឌល។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ឈរនៅ២៥មណ្ឌល។ គណបក្សខ្មែរសាធារណរដ្ឋ ឈរនៅ១០មណ្ឌល។ គណបក្សខ្មែរឈប់ក្រ ឈរនៅ២៥មណ្ឌល។ គណបក្សហ្វ៊ុនស៊ិនប៊ិច ឈរនៅ២៥មណ្ឌល។ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ឈរនៅ១២មណ្ឌល។ គណបក្សយុវជនកម្ពុជា ឈរនៅ១៧មណ្ឌល។ គណបក្សធម្មាធិបតេយ្យ ឈរនៅ១០មណ្ឌល។ គណបក្សឆន្ទៈខ្មែរ ឈរនៅ២៥មណ្ឌល។ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ឈនៅ១១មណ្ឌល។ គណបក្សខ្មែរតែមួយ ឈរនៅ១៦មណ្ឌល។ គណបក្សប្រជាជនកម្ពុជា ឈរនៅ២៥មណ្ឌល។

គ.ជ.ប បានបញ្ជាក់ថា លទ្ធផលបោះឆ្នោតផ្លូវការ នឹងត្រូវចេញផ្សាយនៅថ្ងៃទី១៥ ខែសីហាខាងមុខនេះ ដើម្បីឈានទៅបែងចែកអាសនៈក្នុងរដ្ឋសភា សម្រាប់អាណត្តិពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ ស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់ឆ្នោត៕